ការស្ទង់មតិថ្មីមួយរបស់អង្គការសុខភាពពិភពលោក WHO រកឃើញថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បានបង្អាក់សេវាសុខាភិបាលក្នុងប្រទេសសឹងតែទាំងអស់ក្នុងពិភពលោក។
បណ្ដាប្រទេសមានប្រាក់ចំណូលទាបនិងមធ្យមរងការប៉ះពាល់ខ្លាំងជាងគេ។
អង្គការ WHO បាននិយាយថា ការណ៍នេះនឹងទំនងជាដាក់បន្ទុកលើវិស័យសុខភាពសាធារណៈ បន្ថែមពីលើការខាតបង់ដោយសារជំងឺបណ្តាលមកពីវីរុសកូរ៉ូណា។
ក្នុងចំណោមប្រទេស១០៥ដែលបានឆ្លើយតបនឹងការស្ទង់មតិនេះ ប្រទេសចំនួន៩០%រាយការណ៍ថាយ៉ាងហោចណាស់មានការបង្អាក់សេវាសុខាភិបាលយ៉ាងតិចមួយក្នុងបណ្តាសេវាចាំបាច់ចំនួន២៥។ ប្រទេសជាងពាក់កណ្តាលបានរាយការណ៍ថាមានការបង្អាក់ការធ្វើរោគវិនិច្ឆ័យនិងការព្យបាលជំងឺមហារីក។ កម្មវិធីទប់ទល់នឹងជំងឺគ្រុនចាញ់មានផលប៉ះពាល់នៅក្នុងប្រទេសជិតពាក់កណ្តាល; មានផលប៉ពាល់លើការព្យាបាលជំងឺរបេងជាងពីរភាគប្រាំ; ហើយការព្យបាលអ្នកមានផ្ទុកមេរោគអេដស៍មានផលប៉ះពាល់ចំនួនមួយភាគបី។
ប្រទេសមានប្រាក់ចំណូលទាបមានផលប៉ះពាល់ខ្លាំងជាងគេ។ ក្នុងចំណោមក្រុមប្រទេសដែលបានរាយការណ៍អំពីការបង្អាក់សេវាចាំបាច់យ៉ាងតិចណាស់៧៥% មានប្រទេសចំនួនពាក់កណ្តាល ដែលជាប្រទេសមានប្រាក់ចំណូលទាប។ ប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែ៤%ភាគប៉ុណ្ណោះ ដែលបានរាយការណ៍អំពីការបង្អាក់សេវាច្រើនដល់កំរិតនេះ។
សេវាមានការបង្អាក់ភាគច្រើនគឺកម្មវិធីចាក់ថ្នាំជាអលជ្ជីដែលមានផលប៉ះពាល់ដល់ប្រទេសចំនួន៧០ភាគរយដែលឆ្លើយតបនឹងការស្ទង់មតិនេះ។ បន្ទាប់មកមានផលប៉ះពាល់ដល់ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺមិនឆ្លងដូចជាជំងឺបេះដូងឬជំងឺទឹកនោមផ្អែមចំនួន៦៩%។ កម្មវិធីពន្យារកំណើតនិងការចែកចាយថ្នាំពន្យារកំណើតមានផលប៉ះពាល់៦៨%ហើយការព្យបាលជំងឺផ្លូវចិត្តមានការប៉ះពាល់៦១%។
សេវាគ្រាមានអាសន្នមានការបង្អាក់ជិតមួយភាគបួន នៅក្នុងបណ្តាប្រទេសដែលចូលរួមក្នុងការស្ទង់មតិ ដោយមានរួមបញ្ចូលផ្នែកព្យាបាលគ្រាមានអាសន្នក្នុង២២%នៃប្រទេសទាំងនេះ ការចាក់បញ្ចូលឈាមនៅក្នុងប្រទេស២៣% និងការវះកាត់គ្រាមានអាសន្ននៅក្នុង១៩%នៃក្រុមប្រទេសមានការរាយការណ៍
ការស្ទង់មតិនេះបញ្ជាក់ថា «ភាគច្រើន»នៃការបង្អាក់សេវាទាំងនេះមានជាផ្នែកគឺមានផលប៉ះពាល់លើពីរវាង៥ទៅ៥០%នៃសេវាទាំងអស់។
សេចក្តីថ្លែងការណ៍មួយរបស់អង្គការ WHO បាននិយាយថាការស្ទង់មតិនេះ«លាតត្រដាងឱ្យដឹងថា សូម្បីតែប្រព័ន្ធសុខាភិបាលមាំទាំ ក៏អាចមានអ្នកជំងឺច្រើនលើសលប់និងធ្វើការងារមិនបានពេញលេញដោយសារការរាលដាលនៃជំងឺកូវីដ១៩ ដែរ»។
របាយការណ៍នេះបាននិយាយថាផ្នែកខាងជើងនៃទ្វីបអាមេរិក ប៉ែកខាងត្បូងនៃទ្វីបអាមេរិកនិងតំបន់ Caribbean មិនបានត្រូវរួមបញ្ចូលក្នុងការធ្វើវិភាគនេះទេ«ដោយសារការឆ្លងខ្លាំងនៃជំងឺកូវីដ១៩ និងលទ្ធភាពមានកម្រិតនៅពេលធ្វើការស្ទង់មតិនេះ»។
ទិន្នន័យថ្មីនេះជាការស្ទង់ប៉ាន់មើលលម្អិតបំផុតនៃផលប៉ះពាល់ដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ លើសេវាសុខាភិបាល។ កាលពីពេលមុនអង្គការ WHO បានព្រមានអំពីការចុះថយនៃការចាក់ថ្នាំ ការបង្អាក់សេវាព្យាបាលជំងឺមិនឆ្លងនិងផលប៉ះពាល់លើការទទួលឱសថទប់ទល់មេរោគអេដស៍។
មានរបាយការណ៍អំពីការបង្អាក់កម្មវិធីភាគច្រើនទាក់ទិននឹងមេរោគអេដស៍ ជំងឺរបេងនិងគ្រុនចាញ់នៅក្នុងបណ្តាប្រទេសមានប្រាក់ចំណូលទាបដែលទទួលបានការទ្រទ្រង់ដោយមូលនិធិសាកល The Global Fund ដែលជាភាពដៃគូមួយរវាងវិស័យសាធារណៈនិងវិស័យឯកជន។ ការសិក្សាស្រាវជ្រាវមួយបានស្ទង់ប្រមាណថាចំនួនមនុស្សស្លាប់ដោយសារជំងឺទាំងនេះក្នុងពេល៥ឆ្នាំខាងមុខអាចកើនឡើង១០% ២០%និង៣៦%តាមលំដាប់។
ការរកឃើញទាំងនេះផ្អែកលើសំណួរដែលពួកមន្ត្រីអង្គការ WHO បានផ្ញើទៅប្រទេស១៥៩ហើយមានប្រទេស១០៥ក្នុងបណ្តាប្រទេសទាំងនេះបានឆ្លើយតប។
ការឆ្លើយតបភាគច្រើនបានត្រូវទទួលក្នុងខែឧសភានិងមិថុនា ហើយមានមួយចំនួនតូចបានត្រូវទទួលក្នុងខែកក្កដា។
របាយការណ៍នេះបង្ហាញថា ប្រទេសទាំងនេះចាប់ផ្តើមសម្របសម្រួលនឹងស្ថានភាពនេះហើយ។ ប្រទេសភាគច្រើនបានចាត់ចែងឱ្យមានទម្រង់ការជម្រើសដើម្បីឱ្យដឹងករណីអាទិភាព។ មានការបង្កើនការព្យបាលដោយពិគ្រោះជាមួយពួកពេទ្យតាមអនឡាញ នៅកន្លែងមានលទ្ធភាព។ ប្រទេសប្រមាណពាក់កណ្តាលបានរកឃើញវិធីថ្មីៗដើម្បីចែកចាយឱសថផងដែរ។
សេចក្តីរាយការណ៍នេះបាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលឯកសារនិងរៀនអំពីអ្វីដែលបានការនៅក្នុងកន្លែងផ្សេងៗ«ជាការតម្រូវឱ្យមានជាបន្ទាន់»៕
ប្រែសម្រួលដោយ លោក ឈឹម សុមេធ