ប្រទេសថៃបានឲ្យដឹងនៅថ្ងៃពុធថា ខ្លួនបានធ្វើតេស្តមនុស្សចំនួនជិត៦០០នាក់ ដែលជាអ្នកដែលបានពាក់ព័ន្ធឬនៅជិតករណីអ្នកឆ្លងវីរុសកូរ៉ូណាក្នុងស្រុកលើកដំបូងរបស់ប្រទេសនេះក្នុងរយៈពេលជាងបីខែ ប៉ុន្តែមកដល់ពេលនេះពុំទាន់រកឃើញមានអ្នកឆ្លងថ្មីទេ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បុរសដែលមានអាយុ៣៧ឆ្នាំនោះធ្វើការជាពិធីករក្នុងក្លិបរាត្រី៣ផ្សេងៗគ្នាក្នុងទីក្រុងបាងកកក្នុងរយៈពេល២សប្តាហ៍ មុនពេលគេធ្វើតេស្តរកឃើញថា មានឆ្លងវីរុសកូរ៉ូណាពេលគេបញ្ជូនគាត់មកដល់ពន្ធនាគារ ក្រោយត្រូវបានកាត់ទោសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ក្រសួងសុខភាពសាធារណៈរបស់ថៃបានឲ្យដឹងថា មនុស្សចំនួន៥៦៩នាក់ដែលអាចប្រឈមនឹងហានិភ័យខ្ពស់ ត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩ ដោយសារជាប់ពាក់ព័ន្ធនិងបុរសពិធីកររូបនោះ ក្នុងទីកន្លែងចំនួន១២ ដែលក្នុងនោះមានក្លិបរាត្រី ផ្សារទំនើប និងកន្លែងតុលាការផងដែរ ដែលបុរសរូបនេះបានបង្ហាញខ្លូន។
រហូតមកដល់ពេលនេះ ការធ្វើតេស្តនេះពុំទាន់រកឃើញការឆ្លងវីរុសកូរ៉ូណានៅឡើយទេ ហើយគេនៅរង់ចាំលទ្ធផលតេស្តពីមនុស្ស៣២នាក់ផ្សេងទៀត។ អាជ្ញាធរថៃក៏បានស្នើឲ្យមនុស្សចំនួន៤០០នាក់ផ្សេងទៀត ដែលមានហានិភ័យតិចតួច ស្ថិតនៅដាច់ពីគេចំនួន១៤ថ្ងៃសិន។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយថាតើបុរសនោះបានឆ្លងវីរុសកូរ៉ូណាដោយរបៀបណានោះទេ។ រហូតមកដល់ពេលនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុមប្រមាណ៣.៤៤៧នាក់ និងមានអ្នកស្លាប់សរុបចំនួន៥៨នាក់។ ប្រទេសនេះបានបន្ធូបន្ថយការរឹតបន្តឹងនៅក្នុងប្រទេស៕