ផលិតករភាពយន្ដ ដែលភាគច្រើនជាជនជាតិខ្មែរ រួមគ្នាបំពេញបេសកកម្មប្រចាំឆ្នាំរបស់ខ្លួន តាមរយៈការប្រារព្ធមហោស្រពភាពយន្ដក្រុងខ្មែរលើកទី ៨ នៅក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
មហោស្រពភាពយន្ដក្រុងខ្មែរ ឬជាភាសាអង់គ្លេស Cambodia Town Film Festival មានរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែកញ្ញានេះ។ កម្មវិធីឆ្នាំនេះនឹងត្រូវរៀបចំឡើងតាមអនឡាញទាំងស្រុង ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ដែលបានឆក់យកជីវិតមនុស្សអស់រាប់សែននាក់នៅទូទាំងពិភពលោក។
កម្មវិធីឆ្នាំនេះគឺជាកម្មវិធីលើកទី ៨ ក្រោយពីត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១២ ដោយស្ថាបនិកពីរនាក់ គឺអ្នកស្រី Caylee So និងលោក ប្រាជ្ញ លី ដែលអ្នកទាំងពីរគឺជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
មហោស្រពភាពយន្ដក្រុងខ្មែរនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱកាសដល់ផលិតករភាពយន្ដទាំងជើងចាស់ និងជំនាន់ក្រោយ ឲ្យអាចដាក់បង្ហាញភាពយន្ដរបស់ខ្លួននៅលើឆាកអន្តរជាតិបាន។
ភាពយន្ដដែលដាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្ដនេះ មានជាច្រើនប្រភេទ ដូចជាភាពយន្ដឯកសារ ភាពយន្ដខ្លី និងភាពយន្ដបែបគំនូរជីវចលជាដើម។
ឆ្នាំនេះ មានភាពយន្ដចំនួន ៣៦ ដែលនឹងដាក់បញ្ចាំងក្នុងមហោស្រពភាពយន្ដក្រុងខ្មែរ សម្រាប់ទស្សនិកជនដែលនៅទូទាំងសហរដ្ឋអាមេរិក ប៉ុន្តែក្នុងនោះមានភាពយន្ដមួយចំនួនគឺសម្រាប់តែទស្សនិកជននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាតែប៉ុណ្ណោះ។
ភាពយន្ដដែលមានចំណងជើងថា «ស្នេហាក្មេងៗ» ដែលនិពន្ធឡើងដោយផលិតករវ័យក្មេងនៅកម្ពុជា គឺកញ្ញា រិទ្ធី លំអរពេជ្រ នឹងដាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្ដក្នុងឆ្នាំ ២០២០ នេះ។ ភាពយន្ដនេះឆ្លុះបញ្ចាំងអំពីទំនាក់ទំនងស្នេហារវាងយុវវ័យក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ ភាពយន្ដនេះត្រូវបានដាក់បញ្ចាំងនៅតាមរោងភាពយន្ដក្នុងប្រទេសកម្ពុជាកាលពីចុងឆ្នាំ ២០១៩ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវជន។
ភាពយន្ដមួយទៀតដែលមានចំណងជើងថា «ស្ដេចនំដូណាត់» ឬជាភាសាអង់គ្លេស "Donut King” គឺជាប្រភេទភាពយន្ដឯកសារ ដែលនិយាយអំពីដំណើរអាជីវកម្មលក់នំដូណាត់ដ៏ជោគជ័យរបស់លោក Ted Ngoy ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ។
លោក Ted Ngoy គឺជាជនភៀសខ្លួនពីសម័យប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៧៥ និងបានចាប់ផ្ដើមបើកអាជីវកម្មលក់នំដូណាត់ ដែលជានំពេញនិយមនៅក្នុងសហរដ្ឋអាមេរិក។ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានហាងលក់នំដូណាត់ជាច្រើនកន្លែង លោក Ted Ngoy ត្រូវបានគេដាក់ឈ្មោះហៅក្រៅឲ្យលោកថា «ស្ដេចនំដូណាត់»។
អ្នកដឹកនាំភាពយន្ដ «ស្ដេចនំដូណាត់» នេះ គឺអ្នកស្រី Alice Gu ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតចិន ត្រូវបានដកស្រង់សម្ដីលើទំព័រហ្វេសប៊ុករបស់មហោស្រពភាពយន្ដក្រុងខ្មែរថា៖
«ខ្ញុំបានដឹងថា មានហាងលក់នំដូណាត់ចំនួនប្រមាណ ៥.០០០ កន្លែងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលក្នុងនោះ ៨០% គឺជារបស់ជនជាតិខ្មែរ។ ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍នឹងការពិតដែលថា នំដូណាត់ ដែលជានំដ៏ពេញនិយមបំផុតមួយនៅសហរដ្ឋអាមេរិក ត្រូវបានធ្វើដោយជនជាតិខ្មែរស្ទើរតែទាំងស្រុង។ ខ្ញុំបានដឹងថា ស្ដេចនំដូណាត់ [Ted Ngoy] កំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយពីរខែក្រោយមក ខ្ញុំបានទៅទីនោះដើម្បីថតរឿងនេះ»។
ភាពយន្ដឯកសារខ្លីមួយចំនួនទៀតឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលស្ត្រី និងកុមារក្រីក្រនៅកម្ពុជា រួមទាំងជនជាតិភាគតិចផង ជួបប្រទះ ដែលរួមមានភាពយន្ដ «ទំពាំងខ្វះទឹក» ភាពយន្ដ «រសាត់» ភាពយន្ដ «កាណាប» ភាពយន្ដ«ប៉ានៅណា» ភាពយន្ដ «បារម្ភ» ភាពយន្ដ «ស៊ូទ្រាំ» ភាពយន្ដ «កុំបោះបង់» និងភាពយន្ដ «សង្ឃឹមចុងក្រោយ»។
ភាពយន្ដទាំងនេះត្រូវបាននិពន្ធដោយក្រុមអ្នកនិពន្ធវ័យក្មេង ក្រោមគម្រោង «ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សត្រូវបានគេរើសអើង» របស់មជ្ឈមណ្ឌលបុប្ផាណា ដែលគ្រប់គ្រងដោយលោក រិទ្ធី ប៉ាន់ ដែលជាផលិតករភាពយន្ដដ៏ល្បីល្បាញមួយរូប។
ក្រៅពីនេះ ក៏មានភាពយន្ដមួយចំនួនទៀតដូចជា ភាពយន្ដឯកសារ «ក្បង់ទឹកទន្លេ» ដែលដឹកនាំដោយអ្នកស្រី ម៉ម កល្យាណី ភាពយន្ដ «កុំស្មានបងភ្លេច» ដែលដឹកនាំដោយលោក John Pirozzi ភាពយន្ដ «ដុំហ្វីលចុងក្រោយ» ដែលដឹកនាំដោយអ្នកស្រី Kulikar Sotho និងភាពយន្ដ "A Cambodian Spring" ដែលដឹកនាំដោយលោក Chris Kelly ផងដែរ៕