ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ដោះលែង​អតីត​សកម្មជន​បក្ស​ជំទាស់​ម្នាក់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ ក្រោយ​អន្តរាគមន៍​របស់​នាយក​រដ្ឋមន្ត្រី


រូបឯកសារ៖ លោក អៀ ចាន់​ណា ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ចន្ទ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្បត់​ជាតិ។ (រូបថត​ពី Facebook/Ir Channa)
រូបឯកសារ៖ លោក អៀ ចាន់​ណា ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ចន្ទ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្បត់​ជាតិ។ (រូបថត​ពី Facebook/Ir Channa)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​កាល​ពីថ្ងៃ​ចន្ទ​ អនុញ្ញាត​ឱ្យ​អតីត​សកម្មជនរបស់​អតីត​គណបក្ស​ជំទាស់ម្នាក់​គឺ​លោក​ អៀ ចាន់​ណា​ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន បន្ទាប់​ពី​មាន​ការ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។

លោក​ អៀ ចាន់​ណា គឺ​ជា​អតីត​សកម្មជន​នយោបាយ​នៃ​អតីតគ​ណបក្ស​សង្គ្រោះ​ជាតិ​ប្រទេស​ន័រវែស​ (Norway) ហើយ​នៅមុន​ពេលលោកត្រូវ​ចាប់ខ្លួន​កាលពី​ខែឧសភា​ ឆ្នាំ​ ២០២២​ លោក​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​ក្រុម​ការងារ​បណ្តោះ​អាសន្ន​របស់​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​តាកែវ​ ដែល​ជា​ស្រុក​កំណើត​របស់​លោក។

បើ​តាម​ឃ្លីប​វីដេអូ​ពីរ​ដាច់​ដោយឡែក​ពីគ្នា​របស់​លោក​ អៀ ចាន់ណា​ ដែល​ត្រូវ​ចេញ​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុង​ស្រុក​ជា​បន្តបន្ទាប់​ គេឃើញ​អ្នក​នយោបាយ​គណបក្ស​ជំទាស់​រូបនេះ​ បាន​ថ្លែង​សារ​សុំអភ័យ​ទោស​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ចំពោះ​ទោស​កំហុស​ដែល​លោក​បាន​ប្រព្រឹត្ត​កន្លងមក​ ដើម្បីឱ្យ​លោកបាន​ស្ថិត​នៅឃុំ​ជា​បណ្តោះ​អាសន្ន។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ទទួល​យក​ការ​សុំទោស​នេះ ហើយ​បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក​ កើត​ រិទ្ធ​ ធ្វើ​ការ​ជាមួយ​តុលាការ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​សុំ​ធានា​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ អៀ ចាន់ណា។ តុលាការ​ក៏​បាន​សម្រេច​ដោះលែង​លោក​ អៀ ចាន់ណា។

ទាំង​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ លោក​ នុត សវនា និងអ្នកនាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ អ៊ី​ រិន្ទ បញ្ជាក់​ឱ្យដឹង​តាម​ប្រព័ន្ធ​ទំនាក់​ទំនងតេឡេក្រាម​ថា លោក​ អៀ ចាន់ណា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ដោះលែង​កាល​ពី​ថ្ងៃ​ចន្ទ ទី ១ ខែ​ឧសភា​នេះ។ រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន ម៉ាលីន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ តុលាការ​អាច​សម្រេច​ឱ្យ​ជន​ជាប់​ចោទស្ថិត​នៅ​ក្រៅ​ឃុំ​បាន​ ប្រសិន​បើ​ជន​ជាប់​ចោទ​ទទួល​និង​ដឹង​កំហុស។

លោក​បញ្ជាក់​ថា​៖ «បាទ​ ជា​គោលការណ៍​ច្បាប់​ចៅ​ក្រម​ស៊ើប​សួរ​អាច​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បាន​ នៅ​ពេល​ដែល​ជន​ជាប់​ឃុំ​គាត់​ធ្វើ​ការសារភាព​ គាត់​ធ្វើ​ការ​សហការ​ជាមួយ​សមត្ថកិច្ច​ និង​នៅ​តែ​បន្ត​ចូល​រួម​ជាមួយ​ដំណើរការ​នីតិវិធី​របស់​តុលាកា​រ ហើយ​មិន​បង្ក​បញ្ហា​ ឬ​ហានិភ័យ​អី​ផ្សេង​ទៀត​បាទ​ ជា​នីតិវិធី​ច្បាប់ មាន​អី​ទាស់​ខុស​ទេ​អា​ហ្នឹង»។

នាយក​ឃ្លាំមើល​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ លោក ​អំ សំអាត​ យល់​ថា ការ​ស​ម្រួល​របស់​ស្ថាប័ន​នីតិប្រតិបត្តិឱ្យ​មាន​ការ​ដោះលែង​សកម្មជន​នយោបាយ​នា​ពេលថ្មីៗ​នេះ​ ទំនង​ជា​ផ្នែក​មួយ​នៃ​ការ​សម្រប​សម្រួល​ខាង​នយោបាយ។ លោក​បញ្ជាក់​បន្ថែម​ថា​ ការណ៍​នេះ​អាច​ទទួល​រង​ការ​រិះគន់​ថា​ ស្ថាប័ន​នីតិ​ប្រតិបត្តិ​មាន​ឥទ្ធិពល​លើ​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ។​

លោក​ប្រាប់​វីអូអេ​ថា​៖ «វា​ជា​ដំណោះ​ស្រាយ​ល្អ​ទាក់​ទង​នឹង​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ។ ក៏​ប៉ុន្តែ​វា​ក៏​ធ្វើ​ឱ្យ​មាន​គុណ​វិបត្តិ​មួយ​ក្នុង​ការ​រិះគន់​ទាក់​ទង​នឹង​ឥទ្ធិពល​នៃ​នីតិ​ប្រតិបត្តិ​ទៅ​លើ​អំណាច​តុលាកា​បាទ។ អ៊ីចឹង​ហើយ​បាន​ជា​កន្លង​មក​ហ្នឹង យើង​ឃើញ​ថា​ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ និង​សហគមន៍​អន្តរជាតិ​ គេ​សុំ​ឱ្យ​កម្ពុជា​យើង​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ ធ្វើ​យ៉ាង​មេច​ឱ្យ​មានឯករាជ្យភាព​ ដើម្បី​ធានា​នូវ​យុត្តិធម៌​ក្នុង​សង្គម​ ក៏​ដូច​ជាយុត្តិធម៌​សម្រាប់​ជន​ដែល​ទទួល​រង​គ្រោះ​នោះ»។​

បន្ទាប់​ពី​ចាក​ចេញពី​ពន្ធនាគារ​គឺ​តែ​ប៉ុន្មាន​ម៉ោង​ ក្រោយ​ការ​ចេញ​សារ​សុំទោស​កាលពី​ថ្ងៃទី​ ១ ខែ​ឧសភា​នោះ​ លោក​ អៀ ចាន់ណា​ ត្រូវ​បាន​គេ​ឃើញ​ថ្លែង​ក្នុង​ឃ្លីប​វីដេអូ​មួយ​មាន​រយៈពេល​ជិត​មួយ​នាទី​ សម្តែងការ​ដឹងគុណ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ចំពោះ​កិច្ច​អន្តរាគមន៍​ឱ្យ​លោក​បាន​ចេញ​ពី​ពន្ធនាគារ​មក​ជួបជុំ​ក្រុម​គ្រួសារ។

លោក​ថ្លែងថា៖​ «សូម​គោរព​ជម្រាប​សួរ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន​ ជា​ទី​គោរព​ដ៏​ខ្ពង់​ខ្ពស់​ ថ្ងៃ​នេះ​ ខ្ញុំ​បាទ​ អៀ ចាន់ណា បាន​ទទួល​នូវ​អន្តរាគមន៍​យ៉ាង​ខ្ពង់​ខ្ពស់​ពី​សម្តេច​ បាន​ចាក​ចេញ​ពី​ពន្ធនាគារ​មក​ដល់​ផ្ទះ​របស់​បង​ ហើយ​ថ្ងៃ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​បាន​ជួប​ជាមួយ​បង ជួប​ជាមួយ​នឹង​ចៅ ជួប​ជាមួយ​នឹង​ក្មួយ​ ជួប​ជាមួយ​នឹង​ក្រុម​គ្រួសារ​ ខ្ញុំ​សូម​គោរព​ថ្លែង​អំណរគុណ​សម្តេច​ជា​ទី​គោរព​ដ៏ខ្ពង់ខ្ពស់​ ដ៏​ជ្រាលជ្រៅ​ជា​ទី​បំផុត»។

លោក​ អៀ ចាន់ណា​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ចន្ទទី​ ៣០ ខែ​ឧសភា​ ឆ្នាំ ២០២២​ តាម​ដីកា​របស់​តុលាការ​រាជធានី​ភ្នំពេញ​ដែល​ចេញ​កាល​ពី​ឆ្នាំ​ ២០២០ ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ «រួម​គំនិត​ក្បត់» ​ដែល​អាច​បង្ក​ឲ្យ​មានភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខជាតិ។ បទ​ចោទ​នេះ​ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ក្រុម​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​កាល​ពី​បី​ឆ្នាំ​មុន។

ការ​ចាប់ខ្លួន​លោក​ អៀ ចាន់ណា​ កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​លោក​វិលត្រឡប់មក​ពីប្រទេស​ន័រវែស ចូល​មក​ប្រទេស​កម្ពុជា និង​ចំពេល​លោក​ធ្វើ​សកម្មភាព​នយោបាយ​រក​សំឡេង​គំាទ្រ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ មុន​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​កាលពី​ឆ្នាំ ២០២២។

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក​ គឹមសួរ ភិរិទ្ធ​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនងតេឡេក្រាម​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ឱ្យ​តែ​ជិត​ពេល​បោះ​ឆ្នោត​ ​ការ​ចេញ​ចូល​របស់​មនុស្ស​មួយ​ចំនួន​ចេញ​ពី​បក្ស​ប្រឆាំង​ទៅ​បក្ស​កាន់​អំណាច ឬ​បក្ស​ណា​ទៅ​បក្ស​ណា​ វាតែង​តែ​កើត​មាន​រៀងរាល់​លើក។ ប៉ុន្តែ​ករណី​លោក​ អៀ ចាន់​ណា ជារឿង​ដោយ​ឡែក​ ព្រោះ​លោក​មិន​បាន​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

លោក​ថ្លែងថា​៖ «ខ្ញុំ​គិត​ថា​ លោក​ អៀ ចាន់ណា អត់​មាន​បាន​ទៅ​ចុះ​ចូល​ទេ​ បើ​តាម​ខ្ញុំ​មើល​ទៅ​ គ្រាន់​តែ​គាត់​ទទួល​ស្គាល់​ គាត់​មាន​កំហុស​គាត់​សុំ​ការលើក​លែង​ទោស​ពី​សម្តេច​នាយក [លោក ​ហ៊ុន សែន] ថា​ គាត់​បាន​ជ្រុល​ជ្រួស​ក្នុង​ការប្រើ​ពាក្យ​សម្តី​រិះគន់​អី​អ៊ីចឹង​ហូរហែ។ គាត់​ចង់​ឱ្យ​មាន​ការលើក​លែង​ទោស​ដើម្បី​ឱ្យ​គាត់​ទៅ​ជួប​ជុំ​គ្រួសារ​គាត់​នៅ​ឯ​បរទេស​ ក៏​ជា​បញ្ហា​សិទ្ធិ​បុគ្គល​ដែរ ព្រោះ​ជួន​កាលមនុស្ស​យើង​ធ្វើ​ខុស​អាច​ដឹង​កំហុស​ ហើយ​សារភាព​ ហើយ​ប្រសិន​បើ​មាន​ការ​យោគយល់​អធ្យាស្រ័យ​គ្នាគឺ​ល្អ​ហើយ»។

លោក​បាន​បញ្ជាក់​ទៀត​ថា​ បើ​ទោះ​បី​ជា​មាន​ការ​ចាក​ចេញ​របស់​សកម្មជន​ ឬ​អ្នកគាំទ្រ​ពី​បក្ស​ប្រឆាំង​ទៅ​បក្ស​កាន់​អំណាច​ ឬ​បក្ស​ណា​ទៅ​បក្ស​ណា​ក៏​ដោយ​ សម្រាប់​គណបក្ស​ភ្លើង​ទៀន​នៅតែ​មិន​ខ្វះ​អ្នក​ដែល​មាន​ឆន្ទៈ​តស៊ូ​ដើរ​ទៅ​មុខ​ ក្នុង​ការ​កសាង​គ្រឹះ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជានោះ​ទេ។

អ្នក​ស្រាវជ្រាវ​អំពី​កិច្ចការ​សង្គម​និង​វិភាគ​នយោបាយ​ លោក​ មាស នី ​លើក​ឡើង​ថា​ បើ​កាល​ណា​ធនធាន​មនុស្ស​ល្អៗ​របស់​គណបក្ស​ប្រឆាំង​ ចាកចេញ​ពី​បក្ស​កាន់​តែ​ច្រើន​នោះ​ វា​នឹងធ្វើ​ឱ្យ​មាន​ការ​បាត់បង់​កម្លាំង​គាំទ្រ​របស់​គណបក្ស​ក្នុង​ពេល​បោះឆ្នោត។

លោក​លើក​ឡើង​ថា៖ «ប្រសិន​បើ​មនុស្ស​ចាក​ចេញ​នេះ​គ្រាន់​តែ​ជា​មនុស្ស​ដែល​គិត​តែ​ពី​រឿង​លាភសក្ការៈ​ អាហ្នឹង​ទៅ​ជា​ល្អ​សម្រាប់​គណបក្ស​របស់​គេ​វិញ។ តែ​បើ​សិន​ជា​ការ​ចាក​ចេញ​នោះ​សុទ្ធ​តែ​ធនធាន​មនុស្ស​ដែល​ល្អៗ​ចាក​ចេញ​នោះ​ វា​ចៀស​មិន​រួច​ពី​ការ​បាត់​បង់​នូវ​កម្លាំង​គាំទ្រ​ទេ​បាទ»។

គួរ​រំឭក​ថា​ អំឡុង​ពេល​លោក អៀ ចាន់ណា ​ធ្វើ​ការ​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រៅ​តែ​ពី​ផ្តោត​លើ​កិច្ចការ​នយោបាយ​ លោក​ក៏​ធា្លប់​ចូលរួម​ឃ្លាំ​មើល​បញ្ហាព្រំដែន​កម្ពុជា ​និង​ប្រទេស​ជិតខាង​ ជា​ពិសេស​គឺ​កម្ពុជា​ និងវៀតណាម ដែល​ជា​បញ្ហា​រសើប​មួយ​ក្នុង​នយោបាយ​របស់​កម្ពុជា​រាប់​ទសវត្សរ៍​មក​ហើយ៕

XS
SM
MD
LG