មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាសកម្មជនគណបក្សប្រឆាំងម្នាក់ គឺលោក អៀ ចាន់ណា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ ក្រោយត្រឡប់មកពីប្រទេសន័រវែស។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់វីអូអេនៅថ្ងៃអង្គារថាលោក អៀ ចាន់ណា ដែលជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ តាមដីការបស់តុលាការរាជធានីភ្នំពេញ ដែលចេញកាលពីឆ្នាំ២០២០ ទាក់ទងនឹងការចោទប្រកាន់ពីបទ«រួមគំនិតក្បត់» និងបង្កឲ្យមានអសន្តិសុខសង្គម។
លោក អៀ ចាន់ណា ដែលជាសមាជិកមួយរូបនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ធ្លាប់បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក បង្ហាញការគាំទ្រដល់គណបក្សភ្លើងទៀន ដែលនឹងប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខាងមុខនេះ។
ប្អូនប្រុសរបស់លោក អៀ ចាន់ណា ប្រាប់វីអូអេដោយសុំមិនបញ្ចេញឈ្មោះថាបងប្រុសរបស់លោកបានត្រឡប់ពីប្រទេសន័រវែស កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែមិនបានដឹងថាមានដីកាចាប់ខ្លួនឡើយ។ លោកបន្ថែមថាបងប្រុសរបស់លោកត្រូវបានបញ្ជូនទៅតុលាការ ក្រោយអាជ្ញាធរចាប់ខ្លួន។
លោកចាត់ទុកការចាប់ខ្លួនបងប្រុសរបស់លោកនេះ ជារឿងនយោបាយ ហើយជារឿងអយុត្តិធម៌មួយ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «ខ្ញុំអត់ដែលឃើញគាត់ទៅធ្វើអីឲ្យមានទោសកម្រិតធ្ងន់ធ្ងរ និយាយរួម ទោសឧក្រិដ្ឋ គាត់អត់បានធ្វើអីផង»។
គួរបញ្ជាក់ថាសកម្មជនរបស់គណបក្សសង្រ្គោះជាតិជាង១០០នាក់ រងការចោទប្រកាន់របស់តុលាការ ទាក់ទងនឹងសំណុំរឿងក្បត់ជាតិ និងញុះញង់៕