ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ដោះលែង​អ្នករិះគន់​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រី​កោណ CLV ជាច្រើន​នាក់


រូបឯកសារ៖ ប៉ូលិសដើរល្បាតនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងអំឡុងសវនាការកាត់ទោសសកម្មជនគណបក្សប្រឆាំងដែលពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសដើរល្បាតនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងអំឡុងសវនាការកាត់ទោសសកម្មជនគណបក្សប្រឆាំងដែលពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។

តុលាការកម្ពុជា​បានដោះលែងជាបន្តបន្ទាប់​ពលរដ្ឋរាប់សិបនាក់​ដែល​ជា​សកម្មជន​និង​អ្នក​ពាក់ព័ន្ធ​នឹងការតវ៉ា​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រី​កោណ​កម្ពុជា​ ឡាវ វៀតណាម ហៅ​កាត់​ថា CLV-DTA បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​អាជ្ញាធរចាប់​ដាក់ពន្ធនាគារ​អស់ជាច្រើនខែ​ ក្រោមការចោទ​ប្រកាន់​ភាគ​ច្រើន​ពីបទញុះញង់។ នេះបើ​តាម​អាជ្ញាធរនិង​មន្ត្រី​សិទ្ធិមនុស្ស​។

នាយកទទួលបន្ទុក​ទូទៅ​នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ​ប្រាប់វីអូអេថា ​អង្គការសង្គម​ស៊ីវិល​មានការ​សាទរចំពោះ​ការ​ដោះលែងអ្នកពាក់ព័ន្ធនឹង​រឿង ​CLV ខណៈរដ្ឋាភិបាល​បាន​ដកខ្លួន​ចេញ​ពីកិច្ច​ព្រមព្រៀង​នេះ​ទៅហើយ។​

បើ​តាមលោក អំ សំអាត សង្គម​ស៊ីវិល​តែងតែទទូច​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ពួកគេ​ទាំងនោះ​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​នៅពេល​ដែល​រដ្ឋាភិបាល​លោកសម្រេច​ក្នុងការ​បញ្ចប់​កិច្ចព្រមព្រៀង ​CLV នេះហើយ​ អ្នក​ដែល​ត្រូវ​បាន​ចាប់ ចោទប្រកាន់ ឃុំខ្លួន​ពាក់ព័ន្ធនឹងបញ្ហា CLV នេះ គួរតែ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាពវិញ​»។

អ្នកនាំពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃក្រសួងមហាផ្ទៃ​ លោក​ ឃៀង សុណាឌីន ប្រាប់វីអូអេ​នៅថ្ងៃពុធថា អាជ្ញាធរមានសមត្ថកិច្ចបាន​ដោះលែង​អ្នកពាក់ព័ន្ធ​នឹងការជំ​ទាស់គម្រោង ​CLV នោះ​ តាម​សេចក្តី​សម្រេច​របស់​តុលាការសាលាដំបូង​ ​ ប៉ុន្តែ​លោក​បានបដិសេធ​មិនផ្តល់​សេចក្តីពន្យល់លម្អិត​ ដោយ​ប្រាប់អ្នកយកព័ត៌មាន​ឲ្យ​វីអូអេ​ទាក់ទង​ទៅ​ខាងតុលាកា​រវិញ​។

វីអូអេមិន​ទាន់អាចសុំការអត្ថាធិប្បាយ​ពី ​លោក​ អ៊ី រិន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ​បាននៅឡើយ​ទេ។

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ​៩៤ ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ចុង​ខែ​កក្កដា​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ​ឡាវ ​វៀត​ណាម​ CLV-DTA។ ​នេះ​បើ​យោង​តាម​ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ។​

កិច្ច​សហការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ កម្ពុជា​ ឡាវ ​វៀតណាម​ CLV-DTA ​ដែល​ត្រូវ​បាន​អនុវត្ត​អស់​រយៈ​ពេល ​២៥ឆ្នាំ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ទីក្រុង​ហាណូយ​ និង​ ទីក្រុង​វៀងចន្ទន៍​នោះ​ បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​រសើប​មួយ​ក្នុង​នយោបាយ​កម្ពុជា​កាលពី​ឆ្នាំ​ ២០២៤ ដោយ​សារ​មាន​ការ​ពិភាក្សា​ទាំង​ក្នុង​និង​ក្រៅ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ថា​ កម្ពុជា​អាច​ខាត​បង់​ប្រយោជន៍​ច្រើន ​ដោយ​ការ​យក​ខេត្ត​ចំនួន​បួន​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​ទៅ​ដាក់​ក្នុង​គម្រោង​នោះ។

ប្រជា​ពលរដ្ឋ​កម្ពុជា​រាប់ពាន់​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​អូស្រា្តលី​ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គំនិត​ផ្តួច​ផ្តើម​ ឬ​កិច្ច​សហការ​នៃ​ការ​អនុវត្ត​គម្រោង​តំបន់​ត្រីកោណអភិវឌ្ឍន៍​ កម្ពុជា​ ឡាវ​ វៀតណាម​ ហៅ​កាត់​ថា​ CLV-DTA ​នេះ​ ដោយ​លើក​ឡើង​អំពី​ការ​ភ័យ​ខ្លាច​នៃ​ការ​បោះបង់​អធិបតេយ្យ​ភាព​មួយ​ផ្នែក​ទៅ​វៀតណាម​ ឬ​បើក​ឲ្យ​មាន​ការ​ចូល​មក​នៃ​ជន​អន្តោ​ប្រវេសន៍​ច្រើន​ពី​ប្រទេស​វៀតណាម។​

ប៉ុន្តែ​មន្ត្រី​កម្ពុជា​ធ្លាប់​លើក​ឡើង​ថា​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​ប្រភព​នៃ​សក្តានុ​ពល​សេដ្ឋ​កិច្ច ​ទេស​ចរណ៍​ និង​វប្បធម៌។​ នៅ​ក្នុង​កិច្ច​សហការ​នោះ​ កម្ពុជា​បាន​ដាក់​ខេត្ត​ចំនួន​បួន​នៅ​ភាគ​ឦសាន​ប្រទេស​គឺ​ ខេត្ត​រតនគិរី ​មណ្ឌលគិរី ​ក្រចេះ ​និង​ស្ទឹងត្រែង។

នៅ​ក្នុង​សារ​ពិសេស​មួយ​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​កម្ពុជា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចប់​ការ​ចូលរួម​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ​ និង​ វៀតណាម​ (CLV-DTA) ​កាលពី​ថ្ងៃ​ទី​ ២០ ​ខែ​កញ្ញា ឆ្នាំ២០២៤។​ ប៉ុន្តែ​លោក​ថា​ រដ្ឋា​ភិបាល​នៅតែ​បន្ត​អនុវត្ត​ផែនការ​នានា​ដែល​បាន​គ្រោង​ទុក​ ដើម្បី​បន្ត​ដំណើរ​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​ភូមិភាគ​ឦសាន​របស់​កម្ពុជា​ ទោះ​មាន​ឬ​គ្មាន​កិច្ច​សហ​ប្រតិបត្តិការ​នោះ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG