ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សម្រេច​ទម្លាក់​បទ​ចោទ​លើ​សកម្ម​ជន​ដីធ្លី​ខេត្ត​កោះ​កុង៩​នាក់ក្នុង​សំណុំរឿង​ញុះញង់


រូបឯកសារ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ដែលត្រូវបានកោះហៅ និងចោទប្រកាន់ពីបទញុះញង់ឲ្យបង្កភាពវឹកវរក្នុងសង្គម ក្រោយចេញមុខតវ៉ារឿងជម្លោះដីធ្លីរបស់ពួកគេ។ (រូបថតផ្តល់ដោយអ្នកស្រី ដេត ហ៊ួរ)
រូបឯកសារ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ដែលត្រូវបានកោះហៅ និងចោទប្រកាន់ពីបទញុះញង់ឲ្យបង្កភាពវឹកវរក្នុងសង្គម ក្រោយចេញមុខតវ៉ារឿងជម្លោះដីធ្លីរបស់ពួកគេ។ (រូបថតផ្តល់ដោយអ្នកស្រី ដេត ហ៊ួរ)

សាលាឧទ្ធរណ៍​ព្រះសីហនុ​បាន​ប្រកាស​សាល​ដីកា​ ទម្លាក់​បទចោទ​លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​៩រូប ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ចោទ​ពី​បទ​«ញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​ការ​រំលោភ​បំពាន​ដីធ្លី​ពី​សំណាក់​បុគ្គល​មាន​អំណាច​មា្នក់​ក្នុង​ខេត្តកោះកុង​គឺលោក ហេង ហ៊ុយ​។

សកម្ម​ជន​ទាំង​៩រូប​នោះ​ គឺ​ជា​តំណាង​ពលរដ្ឋ​ចំនួន​១៩៧​គ្រួសារ​នៅសហគមន៍​ដីធ្លីមួយ​ នៅក្នុងភូមិ​តានី​ ឃុំ ជខលើ​ ស្រុក​ស្រែអំបិល​ ខេត្តកោះកុង។​ ក្នុង​ចំណោម​សកម្ម​ជន​ចំនួន​៩នាក់​ មាន​ម្នាក់​គឺ​លោក ​គង់ ម៉ែន​ បាន​ទទួល​មរណភាព​ ហើយ​តុលាការ​បាន​សម្រេច​រំលត់​បណ្តឹង​អាជ្ញា​ក្នុង​សំណុំរឿង​របស់លោក។

សកម្មជន​ដី​ធ្លី​ក្នុង​ខេត្ត​កោះកុង​ អ្នក​ស្រី ដេត ហួរ អាយុ​៣៩​ឆ្នាំ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ អ្នក​ស្រី​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​បាន​សម្រេច​ទម្លាក់​បទ​ចោទ​មក​លើ​អ្នក​ស្រី​ និង​សកម្មជន​ដី​ធ្លីដទៃ​ទៀត​ដែល​ជា​តំណាង​ពលរដ្ឋ​ចំនួន១៩៧ គ្រួសារ​ ក្នុងស្រុក​ស្រែអំបិល​។ អ្នកស្រី​យល់​ថា​ សេចក្តីសម្រេច​របស់​សាលាឧទ្ធណ៍​ខេត្ត​ព្រះសីហនុ​ បាន​បង្ហាញ​ថា​ តុលាកា​រ​ខេត្តព្រះសីហនុ​បាន​សម្រេច​សេចក្តី​ដោយ​ឯករា​ជ្យ​ និង​មាន​តម្លាភាព​ខុស​ពី​តុលាការ​ខេត្តកោះកុង​។

អ្នក​ស្រី​ថ្លែងថា​៖«នៅ​ថ្ងៃ​ទី​១៦ ខែ​១១ ម្សិល​មិញ​នេះ​ គាត់​[សាលាឧទ្ធរណ៍​ព្រះ​សីហនុ​ទម្លាក់​បទ​ចោទ​ឱ្យពួកខ្ញុំ ហើយ​ពួកខ្ញុំ​ត្រេកអរ​ហើយ​សប្បាយ​ចិត្ត​ជា​ទីបំផុត​តុលាការ​ឧទ្ធរណ៍​គាត់​ឯករាជ្យ​មាន​តម្លាភាព​មិន​ដូច​តុលាការ​កោះកុង​»។

អ្នកស្រី​បន្ថែម​ថា​ អ្នក​ស្រី​នឹង​បន្ត​តវ៉ា​ដាក់​ញតិ្ត​ទៅ​ក្រសួង និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​តាម​នីតិ​វិធី​ច្បាប់​ ដើម្បី​រក​ដំណោះ​ស្រាយ​វិវាទ​ដីធ្លី​របស់​ខ្លួន​ជា​មួយ​និង​លោក​ឧកញ៉ា​ហេង ហ៊ុយ ដែល​អ្នក​ស្រី​ថា​ បាន​រំលោភ​យក​ដី​ពលរដ្ឋ​អស់​រយៈពេល​ជាង​១០ឆ្នាំ​មក​ហើយ​។

សកម្មជន​ដី​ធ្លី​ក្នុង​ខេត្ត​កោះកុង​រូប​នេះ​ថ្លែង​ថា​៖«ខ្ញុំ​នឹង​គ្រោង​ទៅ​រៀបចំ​ទៅ​ដាក់​ញតិ្ត​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​ ជា​ពិសេស​សម្តេច ​ហ៊ុន ម៉ាណែត ឲ្យលោក​បាន​ដឹង​ឮ​ថា​ ប្រជាពលរដ្ឋ​យើង​នៅ​តែ​រង​គ្រោះ​ដី​ធ្លី​មិន​ទាន់​បាន​ទទួល​បាន​ការ​ដោះ​ស្រាយ​មិន​ទាន់​បាន​ដំណោះ​ស្រាយ​មួយ​ណា​ដែល​អាច​ទទួល​យក​បាន​នោះ​ទេ។ អ៊ីចឹង​ពួកខ្ញុំ​នឹង​ក្រោក​ឈរ​ទាម​ទារ​ទៅ​តាម​ផ្លូវ​ច្បាប់​ដែល​យើង​ បាត់បង់​អ្វី​មួយ​យើង​ត្រូវ​ទាមទារ​ ខ្ញុំ​នឹង​ទាមទារ​នៅ​តែ​ទៅ​ដល់​ លុះត្រា​ណា​តែ​មាន​ដំណោះ​ស្រាយ​»។

បើ​តាម​សកម្មជន​ដី​ធ្លី​រូប​នោះ រាល់​ការ​កោះ​ហៅ​ពី​តុលា​ការ​ មិន​មាន​វត្ត​មាន​របស់​លោក ហេង ហ៊ុយ ដែល​ជា​ភាគី​ជម្លោះ​ចេញ​មុខ​ផ្ទាល់​ទេ គឺ​មាន​តែ​តំណាង​មេធាវី​របស់​លោក​តែ​ប៉ុណ្ណោះ។

សកម្មជន​ដី​ធ្លី​ក្នុង​ខេត្ត​កោះកុង​ម្នាក់​ទៀត​លោក ឆាន់ ឈឿន អាយុ ៤២ឆ្នាំ​ប្រាប់វីអូអេថា ការទម្លាក់​បទ​ចោទរបស់​សាលាឧទ្ធរណ៍​ព្រះសីហនុ​មក​លើ​ខ្លួន​និង​សកម្ម​ដីធ្លី​ផ្សេងៗ​ទៀត​គឺ ជា​រឿង​យុត្តិធម៌​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​រង​ការចោទ​ប្រកាន់​។

លោក​អះអាង​ទៀត​ថា​ លោក​នឹង​បន្ត​ស្វែង​រក​ដំណោះស្រាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យបន្ត​ជួយ ដោះ​ស្រាយ​វិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ ជាមួយ​លោក​ហេង ហ៊ុយ ដែល​ត្រូវគេ​ស្គាល់​ថា​ជា​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ខេត្ត​កោះកុង និង​ជា​ឧត្តម​សេនីយ៍​ពាក់ផ្កាយ​២​នៅ​ក្រសួង​មហាផ្ទៃ​។

លោក​ថ្លែងថា​៖«ខ្ញុំ​នឹង​ធ្វើ​ការបន្ត​ទៀត​ ដើម្បី​ទាម​ទារ​ដី​ធ្លី​របស់​ខ្ញុំ​មក​វិញ​គឺ​ខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្តឹង​បន្ត​ទៀត​ទៅ​តុលាការ​ដើម្បី​ឲ្យមាន​ភាព​យុត្តិធម៌​សម្រាប់​ពួកខ្ញុំ​ដែល​ជា​ជន​រងគ្រោះ​ ដើម្បី​ឲ្យបាន​ដី​ខ្ញុំ​មក​វិញ​។ បើ​អត់​បាន​ទេ ពួក​ខ្ញុំ​មិន​ឈប់​ទេ»។

ទោះជា​យ៉ាង​ណាលោក​នៅ​តែ​មាន​ការព្រួយ​បារម្ភ​ខ្លាច​ខាង​ភាគី​លោក​ឧកញ៉ា ហេង ហ៊ុយ ប្តឹង​បក​មក​វិញ។

លោក​បញ្ជាក់​ថា​៖«ខ្ញុំ​នៅ​តែ​មាន​ការព្រួយ​បារម្ភ​ដោយសារតែ​ ខ្ញុំ​បាន​ឡើង​តុលាការ​នៅ​ខេត្ត​កោះកុង​គឺ​គេ​បាន​ឈ្នះ​ក្តី​ឲ្យខ្ញុំ​បង់​ទឹកប្រាក់​។ ពេល​មក​កំពង់សោម​គេ​លើក​លែង​ការចោទ​ប្រកាន់​ ហើយ​ខ្ញុំ​នៅ​បារម្ភ​គេ​ដាក់​ពាក្យ​បណ្តឹង​បន្ត​ទៅ​តុលាការ​កំពូល​ទៀត​ ខ្លាច​តែ​មាន​មួយ​តំណ​ទៀត​។ អ៊ីចឹង​ពួកខ្ញុំ​នឹង​មាន​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង។ ពេល​រដូវ​ច្រូតកាត់​ហើយ​ ខាង​ខ្ញុំ​មាន​ជាប់​លុយ​ធនាគារ​ជា​ច្រើន​ ហើយ​អត់​មាន​ពេល​រក​ស៊ី​រក​អី​អ៊ីចឹង​ខ្ញុំ​នៅ​តែ​មាន​ការព្រួយ​បារម្ភ​ជា​ខ្លាំង»។

វីអូអេមិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ហេង ហ៊ុយ បាន​នៅ​ឡើយ​ទេ​ នៅថ្ងៃ​សុក្រនេះ។ អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍ព្រះសីហនុ លោក លឹម ស៊ីណាត ​បានប្រាប់​វីអូអេ​ថា​ សកម្មជន​ដីធ្លី​ទាំង៩នាក់​មក​ពី​ខេត្តកោះកុង ត្រូវ​បាន​តុលាការ​សម្រេច​ទម្លាក់​បទ​ចោទ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ ស៊ឹង សែនករុណា សាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍ព្រះ​សីហនុ ដែល​បាន​សម្រេច​ទម្លាក់​ការ​ចោទប្រកាន់​នានាទៅ​លើ​ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ក្នុង​ខេត្ត​កោះកុង។

លោក​លើក​ឡើង​ថា​៖«វា​ជា​សញ្ញាណ​ល្អ​បន្ត​ទៀត​ដែរ ដែល​សហគមន៍​នៃ​ករណី​ដី​ធ្លី​នៃ​ខេត្ត​ផ្សេងៗ​ ក៏​អាច​រំពឹង​ថា​ ទៅ​ដល់​ដំណាក់​កាល​នៃ​សាលា​ឧទ្ធរណ៍​នេះ នឹង​ទទួល​បាន​យុត្តិធម៌ដូចៗគ្នា​។ ហើយ​ក៏​ចង់​ទទូច​ស្នើ​ទៅ​ដល់​តុលាការ​សាលា​ដំបូង​ទាំងអស់​ដែល​បាន​សម្រេច​សេចក្តី​មក​លើ​ប្រជាពលរដ្ឋ​សហគមន៍​ដីធ្លី​នេះ​គប្បី​មាន​ការពិនិត្យ​ពិច័យ​ឲ្យមែន​ទែន​មុន​នឹង​សម្រេច​សេចក្តី​ឲ្យពួកគាត់​បាន​ទទួល​ទោស​ទណ្ឌ»។

លោក​បន្ថែម​ទៀត​ថា​ តុលាការ​សាលា​ដំបូង​ទាំងអស់​គួរតែពិនិត្យ​ឲ្យបាន​ហ្មត់​ចត់​លើ​អង្គហេតុ​ដែល​បណ្តាល​ឲ្យកើត​ជម្លោះ​ មុន​នឹង​ចេញ​សេចក្តីសម្រេច​ដាក់​ទោស​ទណ្ឌ​លើប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ និង​ថាអាជ្ញាធរ​តាម​មូលដ្ឋានក៏​គួរតែ​ជួយ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋដែល​កំពុង​រង់ចាំ​ដីសម្រាប់​បង្កបង្កើន​ផល​ ក្រោយ​ពេល​មានការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​។

ក្នុង​សំណុំរឿង​ខាងលើ​នេះ​សាលាដំបូងខេត្តកោះកុង​ធ្លាប់​បាន​ចេញ​សាល​ក្រម​ផ្ដន្ទាទោសសកម្មជន​ដីធ្លី​ទាំង​៩នាក់​នោះឲ្យ​ជាប់​ពន្ធនាគារ​រយៈពេលមួយឆ្នាំ ពីបទប្ដឹងបរិហារបង្កាច់កេរ្ដិ៍ និង​ញុះញង់​បង្កឱ្យមាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​ តាម​មាត្រា​ ៣១១ ៣១២​ ៤៩៤ និង ៤៩៥។ សាលាដំបូង​ក៏​បាន​បង្គាប់ឲ្យពួក​គាត់​សង​សំណង​រដ្ឋប្បវេណី​ចំនួន៤០លាន​រៀល​ដល់​ដើម​បណ្ដឹងរដ្ឋប្បវេណី​ផង​ដែរ​។ នេះបើតាម​សេចក្តីប្រកាស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ដែល​បាន​ចេញផ្សាយ​កាល​ពីថ្ងៃ​ព្រហស្បតិ៍។

សកម្មជន​ទាំងនោះ​ក៏ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មិថុនា​ឆ្នាំ​២០២៣ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​កោះ​កុង​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឱ្យទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នៅ​តុលាការ៕

XS
SM
MD
LG