ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សម្រេច​ឃុំខ្លួន​ជន​សង្ស័យ​១៣​នាក់​ក្នុង​ករណី​រំដោះ​អ្នក​ទោស​ជនជាតិ​ចិន​ ខណៈប៉ូលិស​បន្ត​តាម​រក​ជន​ពាក់ព័ន្ធ


រូបឯកសារ៖ អ្នកទោសជនជាតិចិនដែលត្រូវបានជនប្រដាប់អាវុធមួយក្រុមព្យាយាមជួយរំដោះខ្លួននៅខេត្តសៀមរាប ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣។ (រូបថតដោយ FreshNews)
រូបឯកសារ៖ អ្នកទោសជនជាតិចិនដែលត្រូវបានជនប្រដាប់អាវុធមួយក្រុមព្យាយាមជួយរំដោះខ្លួននៅខេត្តសៀមរាប ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣។ (រូបថតដោយ FreshNews)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​ចំនួន​១៣​នាក់​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំដោះ​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ជន​ជាតិ​ចិន​នៅ​ខេត្តសៀមរាប​កាល​ពី​ខែ​សីហា។​

ពួក​គេ​រង​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ រួមមាន​ បទ​លួច​រត់​ពី​ពន្ធនាគារ ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ​បោះ​បង់​អាវុធ​ក្នុង​ទី​កន្លែង​សាធារណៈ ​រៀបចំ​ចាត់តាំង​ក្រុមជន​ប្រដាប់​អាវុធ​ សម្អាត​ប្រាក់ រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ និង​កាន់​កាប់​ និង​ដឹក​ជញ្ជូន​អាវុធ​ដោយ​ខុស​ច្បាប់។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា​ Camboja។​

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​លោក​នាយ​ឧត្តមសេនីយ៍ ​ម៉ក់ ជីតូ ​ទទួល​បន្ទុក​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ តុលាការ​បាន​បញ្ជូន​ជន​សង្ស័យ​១៣​នាក់​នោះ​ទៅ​ឃុំ​ខ្លួន​ ហើយ​សមត្ថ​កិច្ច​ក៏​កំពុង​ស៊ើប​អង្កេត​ និង​ស្វែង​រក​ជន​សង្ស័យ​បន្ថែម​ទៀត។​

លោក​ថ្លែង​ថា៖​ «ហ្នឹង​យើង​នៅ​បន្ត​ថែម​ទៀត​ នៅ​រក​មុខ​អ្នក​សេស​សល់ ​និង​អ្នក​ពាក់​ព័ន្ធ​….​ កំពុង​តែ​ស្រាវ​ជ្រាវ។ ​យើង​កំពុង​ស្រាវ​ជ្រាវ​បន្ថែម។​ យើង​ដឹង​ប៉ុន្តែ​យើង​មិន​ទាន់​និយាយ​បាន​ ពីព្រោះ​យើង​កំពុង​ស្រាវ​ជ្រាវ​បន្ត​រក​វា»។​

បើ​តាម​អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​រូប​នេះ ​ជន​សង្ស័យ​ដែល​បាន​ចូល​រួម​រំដោះ​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ជនជាតិ​ចិន​ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នោះ​ រួម​មាន​ជន​ជាតិ​ចិន​តៃវ៉ាន់​២​នាក់ ​ជនជាតិ​ខ្មែរ​៣​នាក់​ ជន​ជាតិ​ខ្មែរ​អាមេរិកាំង​៦​នាក់​ ជនជាតិ​ចិន​កាន់​សញ្ជាតិ​អាមេរិក​ម្នាក់​ និង​អារ៉ាប៊ីសាអូឌីត​ម្នាក់។​

អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​លោក​នុត សវនា ​បញ្ជាក់​ឱ្យ​ដឹង​ក្នុង​សារ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​ ប្រតិបត្តិការ​បង្ក្រាប​ជន​សង្ស័យ​ខាង​លើ​ជា​ការងារ​សន្តិសុខ​កម្រិត​ខ្ពស់​ ដូច្នេះ​លោក​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ពេល​នេះ​បាន​ទេ។​

អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ប្លង់ សុផល​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​ ចៅក្រម​ស៊ើប​សួរ​កំពុង​បន្ត​នីតិវិធី​ទៅ​លើ​ជន​សង្ស័យ១៣​នាក់​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​លោក ​យង់ គិមអេង​ ថ្លែង​ថា ​ អាជ្ញាធរ​កម្ពុជា​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ និង​ពង្រឹង​សមត្ថភាព​ដើម្បី​កុំ​ឱ្យ​ក្រុម​ឧក្រិដ្ឋ​ជន​មើលស្រាល​ថា​ ​កម្ពុជា​ជា​កន្លែង​មួយ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ។​

លោក​បន្ថែម​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​ពី​ប្រតិបត្តិ​ការ​រំដោះ​ឧក្រិដ្ឋ​ជន​នេះ​ ដើម្បី​កុំ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​សង្ស័យ​ថា ​សំណុំ​រឿង​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ទទួល​បន្ទុក​ការពារ​សន្តិសុខ។​

លោក​ថ្លែង​ថា៖​ «ចំពោះ​បញ្ហា​នេះ​ខ្ញុំ​ថា​ ខាង​អាជ្ញាធរ​គួរ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ ហើយ​បើ​កាល​ណា​មាន​ករណី​បែប​ហ្នឹង​ វា​អាច​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​អាច​មាន​ការ​មន្ទិល​សង្ស័យ​ទៅ​លើ​….​ទី​មួយ​ទៅ​លើ​សមត្ថភាព​ ​ទីពីរ​អាច​ទៅ​លើ​ថា​ តើ​មាន​មន្ត្រី​ណា​ដែល​ឃុប​ឃិត​ជាមួយ​នឹង​ឧក្រិដ្ឋ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ ដើម្បី​ជួយ​រំដោះ​ពួក​គេ ​ហើយ​គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​ដែរ»។​

លោក​បាន​បន្ត​ថា​ សមត្ថ​កិច្ច​ ឬ​អាជ្ញាធរ​កម្ពុជា​គួរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ ​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន ​ឬ​អ្នក​ដែល​ពាក់​ព័ន្ធ​មក​កាត់​ទោស​តាម​ច្បាប់ ដើម្បី​បញ្ចៀស​ផល​ប៉ះ​ពាល់​ទៅ​លើ​យុវជន​ជំនាន់​ក្រោយ។​

លោក​ថ្លែង​ថា៖​ «បើ​ពុំ​នោះ​ទេ​គឺ​បញ្ហា​គ្រឿង​ញៀន​ វា​នៅ​តែ​ជា​បញ្ហា​មួយ​ដែល​ចាក់​ស្រេះ​នៅ​ក្នុង​សង្គម​យើង​ ហើយ​ធ្វើ​ឱ្យ​យើង​ខាត​បង់​ឱកាស​នៅ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ អភិវឌ្ឍ​សង្គម​ ក្នុង​ការ​អភិវឌ្ឍ​យុវជន​យើង»។​

គួរ​រំឭក​ថា​ ហេតុ​ការណ៍​រំដោះ​អ្នក​ទោស​ជា​ជនជាតិ​ចិន​បាន​កើត​ឡើង​នៅ​ក្នុង​សង្កាត់​ស្វាយដង្គំ ​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​ នៅ​គ្រា​ដែល​មន្ដ្រី​ពន្ធនាគារ​៤​នាក់​បាន​បញ្ជូន​អ្នក​ទោស​ជា​ជន​ជាតិ​ចិន​ឈ្មោះ ​Chen Hsin Han ​អាយុ​ ៤៥​ឆ្នាំ​ ទៅ​គ្លីនិក​ធ្មេញ ​ហើយ​អង្គុយ​រង់​ចាំ​ការ​ព្យាបាល។ ​ នៅ​ពេល​កំពុង​អង្គុយ​ចាំ​ពេទ្យ​ព្យាបាល​ធ្មេញ ​ស្រាប់​តែ​មាន​ជន​ពាក់​របាំង​មុខ​ប្រដាប់​ដោយ​អាវុធ​ភ្ជង់​កាំភ្លើង​ទៅ​កាន់​នគរបាល ​និង​បាន​ចង​ដៃ​មន្ត្រី​ប៉ូលិស​ផង​ដែរ ​ហើយ​ពួក​គេ​បាន​សម្រុក​ចូល​ទៅ​រំដោះ​ជន​ជាតិ​ចិន​ម្នាក់​នោះ។​

បើ​តាម​របាយ​ការណ៍​របស់​នគរបាល ​អ្នក​ទោសជន​ជាតិ​ចិន ​Chen Hsin Han ​អាយុ​ ៤៥​ឆ្នាំ ​ត្រូវ​បាន​ឃុំ​ខ្លួន​តាំង​ពី​ខែ​កុម្ភៈ ​ឆ្នាំ​ ២០០៩​ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ​ហើយ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥២​ឆ្នាំ។​

កាល​ពី​ដើម​ខែ​សីហា​ លោក​ ហ៊ុន សែន​ បាន​ថ្លែង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក​គឺ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត​ ឱ្យផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​បន្ថែម​ទៀត​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី៕​

XS
SM
MD
LG