មេខ្លោងគ្រឿងញៀន និងជាអ្នកទោសជនជាតិចិនដែលត្រូវបានខ្មាន់កាំភ្លើងមួយក្រុមរំដោះចេញពីគ្លីនិកធ្មេញមួយកន្លែងក្នុងខេត្តសៀមរាបត្រូវបានសមត្ថកិច្ចចាប់បានមកវិញ ហើយជនសង្ស័យមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការរំដោះអ្នកទោសនោះក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជាទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន។
អគ្គស្នងការរងនគរបាលជាតិលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់សន្និសីទព័ត៌មានមួយកាលពីថ្ងៃពុធថា សមត្ថកិច្ចបានឃាត់ខ្លួនទណ្ឌិតជាជនជាតិចិនឈ្មោះ ចិន សិនហាន (CHEN HSIN HAN) និងក្រុមប្រដាប់អាវុធចំនួន៦នាក់ដែលប្រព្រឹត្តអំពើឧក្រិដ្ឋនេះ។
លោកប្រាប់អ្នកកាសែតថា៖ «ការស្រាវជ្រាវបង្រ្កាបនេះគឺសឹងតែ១០០ភាគរយហើយ បានន័យថា យើងស្ទើរតែបញ្ចប់ករណីបាន ដោយហេតុថា ទីមួយមេខ្លោងធំ ទណ្ឌិតដែលត្រូវរត់ចេញពីពន្ធនាគារយើងចាប់បានមកវិញឈ្មោះ CHEN HSIN HAN។ យើងយកបាន ទីពីរអ្នកចំណាយលុយកាក់ដើម្បីធ្វើសកម្មភាព»។
សមត្ថកិច្ចក៏បង្រ្កាបបានជនសង្ស័យចំនួន៣នាក់ផ្សេងទៀត ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់នគរបាល ក្នុងនោះមានជនជាតិអារ៉ាប៊ីសាអ៊ូឌីតម្នាក់ដែលជាអ្នកឃ្លាំងមើលសភាពការណ៍ខាងក្រៅដើម្បីឱ្យក្រុមប្រដាប់អាវុធមានឱកាសចូលរំដោះឧក្រិដ្ឋជន CHEN HSIN HAN។ ហើយនឹងជនសង្ស័យឈ្មោះ សឹម សឿន ដែលជាអ្នករៀបចំ ត្រួសត្រាយផ្លូវទៅតាមបញ្ជារបស់អ្នកទោស CHEN HSIN HAN។ ជារួមក្នុងសំណុំរឿងនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យយ៉ាងហោចណាស់៩នាក់។
បើតាមលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអាមេរិក និងភ្នាក់ងារប្រឆាំងគ្រឿងញៀន DAE ប្រចាំនៅកម្ពុជាដើម្បីស្រាវជ្រាវព័ត៌មានបន្ថែមអំពីក្រុមដែលធ្វើសកម្មភាពរំដោះអ្នកទោសជនជាតិចិនកាលពីថ្ងៃទី១៧ ខែសីហា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
យ៉ាងណាមិញលោកកត់សម្គាល់ឃើញថា ករណីនេះជាវិញ្ញាសាថ្មីមួយមានលក្ខណៈស្មុគស្មាញនិងពិបាកក្នុងការស្វែងរកភស្ដុងតាងត្រឹមរយៈពេលខ្លីដោយហេតុផលថា មានអ្នកពាក់ព័ន្ធច្រើន។ ប៉ុន្តែលោកថា កម្លាំងមានសមត្ថកិច្ចក៏នឹងបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេតបង្រ្កាបមុខសញ្ញាដែលនៅសេសសល់ និងអ្នកពាក់ព័ន្ធបន្ថែមទៀត។
មេខ្លោងឧក្រិដ្ឋជនជនជាតិចិន ដែលត្រូវបានចាប់ខ្លួនត្រឡប់មកវិញឈ្មោះ CHEN HSIN HAN មុនពេលខ្មាន់កាំភ្លើងប្លន់រំដោះ ត្រូវបានតុលាការខេត្តសៀមរាប ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលជាង៥០ឆ្នាំ ពីបទ «ជួញដូរគ្រឿងញៀន»។ ក្រុមឧក្រិដ្ឋជនដែលត្រូវបានឃាត់ខ្លួនទាំងអស់នោះ មានចម្រុះជាតិសាសន៍ ក្នុងនោះមានជនជាតិចិនតៃវ៉ាន់ ខ្មែរអាមេរិក និងតួកគី។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការទប់ស្កាត់បញ្ហាគ្រឿងញៀនជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដូច្នេះលោកសង្ឈឹមថារដ្ឋាភិបាលអាណត្តិថ្មីគួរតែពង្រឹង និងយកចិត្តទុកដាក់លើការអនុវត្តច្បាប់ ព្រមទាំងធ្វើការសហការជាមួយភាគីពាក់ព័ន្ធដើម្បីបង្រ្កាប និងទប់ស្កាត់សកម្មភាពទាំងអស់នោះ។
លោកថ្លែងថា៖ «មិនអាចបន្ធូរដៃបានទេ ហើយជាពិសេសកុំឱ្យបញ្ហាគ្រឿងញៀនទៅជាបញ្ហាចាក់ស្រេះមួយដែលពិបាកនឹងដោះស្រាយនៅក្នុងសហគមន៍ខ្មែរយើងបាទ។ នេះជារឿងមួយសំខាន់ បាទ»។
កាលពីដើមខែសីហា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជំរុញឱ្យរដ្ឋាភិបាលអាណត្តិទី៧ដែលនឹងដឹកនាំដោយកូនប្រុសរបស់គាត់គឺលោក ហ៊ុន ម៉ាណែត ឱ្យផ្តោតការយកចិត្តទុកដាក់បង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនបន្ថែមទៀត ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។ ចាប់តាំងពីការប្រកាសនោះមក កម្លាំងមានសមត្ថកិច្ចបានបង្កើនយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់បានជនសង្ស័យជាបន្តបន្ទាប់៕