ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា​រក​ឃើញ​ថា រដ្ឋាភិបាល​មិន​ទាន់​គ្រប់គ្រង​បញ្ហា​សំរាម​បាន​ល្អ


រូបឯកសារ៖ កូន​ក្មេង​ស្រី​មួយ​រូប​ដេក​ក្នុង​អង្រឹង​ខណៈ​ដែល​ម្តាយ​​កើប​សំរាម​នៅ​ក្បែរ​​ផ្លូវ​មួយ​​កណ្តាល​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៤។ (REUTERS/Samrang Pring)
រូបឯកសារ៖ កូន​ក្មេង​ស្រី​មួយ​រូប​ដេក​ក្នុង​អង្រឹង​ខណៈ​ដែល​ម្តាយ​​កើប​សំរាម​នៅ​ក្បែរ​​ផ្លូវ​មួយ​​កណ្តាល​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៤។ (REUTERS/Samrang Pring)

លោក សាយ សំអាល់ ថ្លែង​បែប​នេះ​ក្រោយ​បញ្ចប់​ការ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម ដី​សម្បទាន និង​តំបន់​អភិរក្ស នៅ​ចំពោះ​មុខ​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា​ ដែល​មាន​លោក ប៉ុល ហំម ជា​ប្រធាន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែ​មករា។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ លើក​ឡើង​ថា កម្ពុជា​ត្រូវ​ការ​ពេល​វេលា​ដើម្បី​គ្រប់គ្រង​សំរាម​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ថា​អាជ្ញាធរ និង​ប្រជា​ពលរដ្ឋ​សុទ្ធ​តែ​មាន​កាតព្វកិច្ច​រួមគ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​មួយ​នេះ។

លោក សាយ សំអាល់ ថ្លែង​បែប​នេះ​ក្រោយ​បញ្ចប់​ការ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម ដី​សម្បទាន និង​តំបន់​អភិរក្ស នៅ​ចំពោះ​មុខ​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា​ ដែល​មាន​លោក ប៉ុល ហំម ជា​ប្រធាន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែ​មករា។

ក្រោយ​បញ្ចប់​ការ​បំភ្លឺ ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក ប៉ុល ហំម ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រសួង​បរិស្ថាន​នៅ​មាន​ការ​ខ្វះខាត​ក្នុង​ការ​គ្រប់គ្រង​បញ្ហា​សំរាម​ដែល​នៅ​តែ​មាន​ភាព​រាយ​ប៉ាយ​តាម​ដង​ផ្លូវ រួម​នឹង​បញ្ហា​ល្មើស​ច្បាប់​ផ្សេងៗ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ធនធាន​ធម្មជាតិ។

លោក​បន្ថែម​ថា គណៈកម្មការ​ទី​៣​ដែល​ទទួល​បន្ទុក​ផ្នែក​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក នឹង​បន្ត​តាម​ដាន​ការ​អនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន ​ដើម្បី​ជំរុញ​ឲ្យ​ការគ្រប់គ្រង​សំរាម និង​បញ្ហា​បរិស្ថាន​បាន​កាន់​តែ​ល្អ​ប្រសើរ។

លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ​និយាយ​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ក្រោយ​បញ្ចប់​ការសួរ​ដេញ​ដោល​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន នៅ​វិមាន​រដ្ឋសភា រាជធានី​ភ្នំពេញ នាថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ​និយាយ​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ក្រោយ​បញ្ចប់​ការសួរ​ដេញ​ដោល​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន នៅ​វិមាន​រដ្ឋសភា រាជធានី​ភ្នំពេញ នាថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

«យើង​ទទួល​ស្គាល់​ថា​ជា​ការ​លំបាក។ យើង​អាច​ទទួល​យក​បាន​ខ្លះ​ដែរ ប៉ុន្តែ​អ្វី​ដែល​ឯកឧត្ដម (រដ្ឋមន្ត្រី) រាយ​ការណ៍​នោះ​ គឺ​យើង​ទទួល​យក​បាន ប៉ុន្តែ​យើង​នៅ​ក្នុង​ការងារ​មួយ​របស់​គណៈ​កម្មការ​ដែល​ត្រូវ​ទៅ​តាម​ឃ្លាំ​មើល​តទៅ​ទៀត​ នៅ​ពេល​ខាង​មុខ​នេះ»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ប្រធាន​គណៈកម្មការ​ទី​៣ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ការ​គ្រប់គ្រង​សំរាម​នៅ​មាន​ភាព​ស្មុគស្មាញ​នៅ​ឡើយ​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​ទទួល​បាន​ការ​ផ្ទេរ​ភារកិច្ច និង​ថវិកា​ពី​ក្រសួង។

លោក​បន្ថែម​ថា ពេល​វេលា​ក្នុង​ការ​អនុវត្ត​ និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ ក៏​ជា​កត្តា​ចាំ​បាច់​ដែល​មិន​អាច​ខ្វះ​បាន ​ក្នុង​ការ​គ្រប់គ្រង​សំរាម​ឲ្យ​មាន​ប្រសិទ្ធភាព។

«បង​ប្អូន​យើង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង ​គាត់​ត្រូវ​រៀន​របៀប​របប​ថ្មី។ គាត់​ត្រូវ​រើស​ក្រុមហ៊ុន​ឯកជន​ដើម្បី​មក​ធ្វើ​ការ​ក្នុង​រឿង​ហ្នឹង​ដែរ។ ប្រជាជន​របស់​យើង​ក៏​ត្រូវ​ចូល​រួម​ដែរ មិន​មែន​បាន​សេចក្ដី​ថា​គាត់​បោះចោល ហើយ​គិត​ថា​រដ្ឋ​ហ្នឹង​ប្រមូល​តាម​ក្រោយ​គាត់​នោះ​ទេ។ ខ្ញុំ​សង្ឃឹម​ថា វា​មិន​យូរ​ទេ ព្រោះ​ថា​ប្រទេស​របស់​យើង​វា​៣៧-៣៨​ឆ្នាំ​យើង​មក​នេះ​ហើយ ប្រជាជន​របស់​យើង​ឥលូវ​ហ្នឹង វណ្ណៈ​កណ្ដាល​របស់​យើង​ក៏​បាន​រីក​ធំ​ជាង​មុន។ ការ​យល់​ដឹង​របស់​ប្រជាជន​យើង​មាន​ភាព​ប្រសើរ​ជាង​មុន​ឆ្ងាយ អញ្ចឹង​ខ្ញុំ​ជឿ​ថា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ យើង​អាច​ដោះ​ស្រាយ​បញ្ហា​សង្គម​ជាតិ​របស់​យើង​ហ្នឹង​បាន»។

VOA មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ និង​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​បកស្រាយ​ពី​យន្ត​ការ​នៃ​ការ​គ្រប់គ្រង​សំរាម​នេះបាន​ទេ។

របាយការណ៍​ដែល​បង្ហាញ​ដោយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ក្នុង​ពេល​កន្លង​មក ​បញ្ជាក់​ថា​ សំរាម​ជាង​២០០០តោន​ក្នុង​មួយថ្ងៃ ត្រូវ​បាន​ដឹក​ចេញ​ទៅ​គរ​នៅ​តាម​តំបន់​ចាក់​សំរាម​ក្នុង​ខណ្ឌ​ដង្កោ​ជាយ​រាជធានី​ភ្នំពេញ។

លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​និយាយ​ទៅកាន់​អ្នកសារ​ព័ត៌មាន​ក្រោយ​បញ្ចប់​ការ​បំភ្លឺ​នៅ​វិមាន​រដ្ឋសភា នៅ​រាជធានី​ភ្នំពេញ នាថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​និយាយ​ទៅកាន់​អ្នកសារ​ព័ត៌មាន​ក្រោយ​បញ្ចប់​ការ​បំភ្លឺ​នៅ​វិមាន​រដ្ឋសភា នៅ​រាជធានី​ភ្នំពេញ នាថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

សំរាម​នៅ​កម្ពុជា​ភាគច្រើន​ជា​ប្រភេទ​ថង់​ប្លាស្ទិក។ ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​របស់​ថង់​ប្លាស្ទិក​មក​លើ​សុខភាព​មនុស្ស និង​បរិស្ថាន។

អ្នក​ជំនាញ​ក្នុង​ផ្នែក​គីមី​សាស្ត្រ​ឲ្យ​ដឹង​ថា ​ថង់​ប្លាស្ទិក​ត្រូវ​បាន​បង្កើត​ឡើង​ពី​សារធាតុ​គីមី​ដែល​អាច​បង្ក​គ្រោះថ្នាក់។ ថង់​ប្លាស្ទិកមួយ​ចំនួន​ ផ្ទុក​នូវ​សារជាតិ​គីមី ដែល​អាច​បង្ក​ជា​ជំងឺ​មហារីក ហើយ​អាច​ប៉ះពាល់​ដល់​សមាស​ភាព​បន្ត​ពូជ និង​ការ​វិវត្ត​មិន​ប្រក្រតី​របស់​ទារក។

លោក​ យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព ប្រាប់ VOA ថា យន្តការ​នៃ​ការ​គ្រប់គ្រង​សំរាម​របស់​រដ្ឋាភិបាល ​មាន​ភាព​ធូររលុង ហើយ​ការ​បោះ​ចោល​សំរាម និង​ការ​ទុក​ដាក់​សំរាម​របស់​ប្រជាពលរដ្ឋ​មិន​ត្រឹមត្រូវ​ ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​សំរាម​នៅ​តែ​ជា​បញ្ហា​ចោទ​នៅ​កម្ពុជា។

លោក​បន្ត​ថា បញ្ហា​នៃ​ការ​គ្រប់គ្រង​សំរាម​មិន​បាន​ត្រឹមត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន និង​ប៉ះពាល់​ដល់​សោភ័ណភាព​ទីក្រុង​ ដែល​លោក​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ត្រូវ​មាន​ការ​ចូលរួម​ក្នុង​ការ​គ្រប់​គ្រង​សំរាម​ឲ្យបាន​ម៉ឺងម៉ាត់។

«កុំ​ខ្លាច​ចំពោះ​ការ​ផាក​ពិន័យ ត្រូវ​តែ​ពង្រឹង​យន្ត​ការ​នៃ​ការ​ប្រមូល​សំរាម​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធភាព។ ត្រូវ​តែ​មាន​យន្តការ​នៃ​ការ​តាមដាន ​ត្រួត​ពិនិត្យ​សំរាម​ហ្នឹង​ឲ្យបាន​ត្រឹមត្រូវ អ្នក​ប្រមូល​សំរាម​ហ្នឹង​ឲ្យ​បាន​ត្រឹមត្រូវ។ ហើយ​ប្រជាពលរដ្ឋ​ហ្នឹង​ ត្រូវ​តែ​ចូល​រួម​ក្នុង​ការ​តាម​ដាន​មើល​ទៅ​លើ​ក្រុម​ហ៊ុន​ដែល​ប្រមូល​សំរាម ថា​តើ​គាត់​មក​យក​តាម​ពេល​កំណត់​ទេ ឬក៏​គាត់​ខកខាន​មិនបាន​មក​យក។ គាត់​មាន​បាន​ទៅ​ដល់​កន្លែង​ដែល​ត្រូវ​ប្រមូល​ទេ ហើយ​ផ្ទះ​ភូមិ​ឋាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ហ្នឹង​ទេ អា​ហ្នឹង​រឿង​សំខាន់»។

លោក យ៉ង់ គឹមអេង បន្ថែម​ថា ក្រៅ​ពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ផាក​ពិន័យ​អ្នក​ចោល​សំរាម​ឲ្យ​បាន​តឹងរ៉ឹង ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បង្កើន​កន្លែង​ចាក់​សំរាម​ និង​បង្កើត​រោងចក្រ​កែច្នៃ​សំរាម​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយការ​គរ​សំរាម​ដែល​ជា​ប្រភព​នៃ​មេរោគ។

កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ថ្មី​មួយ​ស្ដីពី​«ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​នៅ​ទី​ប្រជុំ​ជន» ​ដែល​កំណត់​ឲ្យ​មាន​ការ​ផាក​ពិន័យ​ជា​ប្រាក់​ចាប់​ពី​១​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល និង​ប្ដឹង​ដល់​តុលាការ​ចំពោះ​ជន​ណា​ដែល​ចោល​សំរាម​មិន​បាន​ត្រឹមត្រូវ។

ប៉ុន្តែ​ បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ រយៈពេល​ជាង​មួយ​ឆ្នាំ​ក្រោយ​អនុក្រឹត្យ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ រដ្ឋាភិបាល​កម្ពុជា​ពុំ​ទាន់​ទទួល​បាន​របាយ​ការណ៍​ណា​មួយ ដែល​បញ្ជាក់​អំពី​ប្រាក់​ពិន័យ​ដែល​បាន​មក​ពី​ការ​ផាក​ពិន័យ​អ្នក​ចោល​សំរាម​នោះ​ទេ៕

XS
SM
MD
LG