ទីភ្នាក់ងារអង្គការសហប្រជាជាតិនឹងចាប់ផ្តើមការប្រជុំជាសាធារណៈនៅទូទាំងប្រទេសដើម្បីពិគ្រោះយោបល់ទៅលើសេចក្តីព្រាងច្បាប់ ដែលនឹងផ្តល់ឱ្យប្រជាជនកម្ពុជានូវសិទ្ធិទទួលបានព័ត៌មានដ៏សំខាន់មួយ ដែលព្រាងដោយរដ្ឋាភិបាល ហើយដែលត្រូវបានគេរង់ចាំជាយូរមកហើយនោះ។
តំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិបានជួបប្រជុំគ្នានៅរាជធានីភ្នំពេញកាលពីថ្ងៃសុក្រដើម្បីបង្ហាញអ្វីដែលពួកគេចង់បាននៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន។ រដ្ឋាភិបាលបានធ្វើការលើសេចក្តីព្រាងច្បាប់នេះ
អស់រយៈពេលស្ទើរមួយទសវត្សរ៍មកហើយ។ ក្រុមអ្នកគាំទ្រឲ្យមានច្បាប់នេះបាននិយាយថា នៅទីបំផុត បើច្បាប់នេះចេញជារូបរាង ច្បាប់នេះអាចជួយបំបាត់អំពើពុករលួយដែលរាលដាល និងជួយអ្នកតស៊ូមតិ ដោយធ្វើឱ្យរដ្ឋាភិបាលបញ្ចេញព័ត៌មានសំខាន់អំពីរបៀបគ្រប់គ្រងប្រទេសនេះ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា មន្ត្រីក្រសួងព័ត៌មានកំពុងរៀបចំច្បាប់នេះក្រោមការសម្របសម្រួលដោយអង្គការយូណេស្កូ ដែលជាអង្គការសហប្រជាជាតិផ្តោតទៅលើការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌។
អ្នកស្រី Anne Lemaistre ប្រធានការិយាល័យអង្គការយូណេស្កូប្រចាំនៅកម្ពុជា បាននិយាយថា ទីភ្នាក់ងារនេះផ្ដល់ជំនួយផ្នែកបច្ចេកទេសដល់រដ្ឋាភិបាលដើម្បីធ្វើការលើសេចក្តីព្រាងច្បាប់នេះ។ អ្នកស្រីមានប្រសាសន៍ថា ការប្រជុំនេះមានគោលបំណងផ្តល់ឱកាសឱ្យអង្គការក្រៅរដ្ឋាភិបាលបង្ហាញការយល់ឃើញរបស់ពួកគេអំពីច្បាប់នេះ។
អ្នកស្រីបាននិយាយថា៖ «យើងចង់ឱ្យមានការបញ្ចូលទស្សនៈរបស់ពួកគេអំពីព្រឹត្តិការណ៍នានា ទៅក្នុងសេចក្តីព្រាងច្បាប់នេះ។ ដូច្នេះយើងចង់ប្រមូលគំនិតរបស់ពួកគេ ឲ្យពួកគេចែករំលែកបទពិសោធន៍របស់ពួកគេ។ ហើយក្នុងការធ្វើសេចក្តីព្រាងនៃច្បាប់នេះ យើងចង់ឲ្យដាក់គំនិតទាំងនេះចូល»។
អ្នកស្រីបាននិយាយថា ទីភ្នាក់ងារ UNESCO នឹងរៀបចំការប្រជុំជាសាធារណៈនៅក្នុងបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជាហើយលោកស្រីបានបញ្ជាក់ថា ដំណើរការនេះត្រូវតែមាន«ការពិគ្រោះយោបល់»។
«យើងនឹងមានវេទិកាថ្នាក់ខេត្ត និងវេទិកានៅក្នុងតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា ហើយយើងព្យាយាមរួមបញ្ចូលប្រជាពលរដ្ឋដែលជាធម្មតាសំឡេងមិនត្រូវបានផ្សព្វផ្សាយ។ អ្វីដែលយើងព្យាយាមធ្វើគឺដើម្បីធ្វើឲ្យប្រាកដថា មានការរួមចំណែកពីសាធារណជនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន នៅក្នុងដំណើរការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ហើយជាការណ៍ពិតណាស់មានជនពិការ ជនជាតិភាគតិច និងអ្នកដែលរស់នៅក្នុងតំបន់ដាច់ស្រយាល»។
លោកសួន ប៊ុនស័ក្តិ អគ្គលេខាធិការនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលគួរផ្តល់អាទិភាពដល់ដំណើរការនៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះជាងច្បាប់ផ្សេងៗ ដោយសារច្បាប់នេះអាចជួយកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេស។
«ឧទាហរណ៍ទាក់ទងនឹងជម្លោះដីធ្លីបច្ចុប្បន្ន យើងចង់ឱ្យរដ្ឋាភិបាល ជាពិសេសនៅថ្នាក់ក្រោមជាតិផ្សព្វផ្សាយព័ត៌មានថា ពួកគេបានដោះស្រាយបញ្ហាដីធ្លីហើយ ហើយផ្នែកនេះយើងមិនទាន់បានដោះស្រាយដោយសារយើងកំពុងរង់ចាំដំណោះស្រាយផ្នែកបច្ចេកទេស។
«ពួកគេគួរតែធ្វើការផ្សព្វផ្សាយឲ្យបានច្បាស់លាស់ជាសាធារណៈ»។
អ្នកស្រីតន់ នារិន ជាមន្ត្រីរដ្ឋបាលមកពីមជ្ឈមណ្ឌលសម្រាប់ស្រ្តីកម្ពុជាមានវិបត្តិ ដែលជួយកុមារី និងស្ត្រីដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារឬការជួញដូរមនុស្ស បានឱ្យដឹងថា នៅក្នុងការងាររបស់អង្គការអ្នកស្រី ការលំបាកកើតឡើងនៅពេលដែលរដ្ឋាភិបាលមិនមានតម្លាភាពអំពីចំនួននៃអ្នករងគ្រោះ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំចង់ឱ្យពួកយើងអាចដឹងពីចំនួនជនរងគ្រោះនឹងបញ្ហាដែលកើតឡើងនៅកន្លែងផ្សេងៗ។ យើងចង់បានស្ថិតិនៅក្នុងតំបន់ពាក់ព័ន្ធទៅនឹងបញ្ហានេះ»។
អ្នកស្រីបានបន្ថែមការងាររបស់អង្គការមានកម្រិត ដោយសារតែកង្វះនៃព័ត៌មាន។
«ប្រសិនបើយើងទទួលបានព័ត៌មានមិនច្បាស់គឺវាជាការលំបាកសម្រាប់យើងក្នុងការជួយអ្នកទាំងនោះ។ ឧទាហរណ៍អាចមានជនរងគ្រោះមួយចំនួននៅទីកន្លែងមួយចំនួន ប៉ុន្តែយើងមិនមានព័ត៌មានគ្រប់គ្រាន់។ ដូច្នេះវាជាការលំបាកសម្រាប់យើងដើម្បីជួយពួកគេ។ វាមានន័យថា ជំនួយរបស់យើងទៅដល់យឺតហើយជនរងគ្រោះរងផលប៉ះពាល់កាន់តែខ្លាំង»។
លោកទេពគន្ធារ៉ា អនុប្រធានវិទ្យាស្ថានសម្រាប់ការតស៊ូមតិ និងគោលនយោបាយ ដែលមានទីតាំងនៅរាជធានីភ្នំពេញ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះគួរតែធ្វើឱ្យប្រាកដថា ជនពិការមានសិទ្ធិទទួលបានព័ត៌មាន ជាពិសេសអ្នកដែលមានបញ្ហាពិការភ្នែក និងគរថ្លង់។
«ឧទាហរណ៍ ទូរទស្សន៍នៅក្នុងប្រទេសមួយចំនួន នៅពេលដែលពួកគេផ្សាយពួកគេមានភាសាសញ្ញាដែលយើងអាចមើលបាន។ យើងមិនអាចមើលរំលងចំណុចនេះទេ ដោយសារតែជនពិការបានទទួលរងផលប៉ះពាល់នៅក្នុងជីវិតរបស់ពួកគេរួចទៅហើយ»៕