សភាអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តលើវិធានការចំណាយរយៈពេលខ្លីមួយ ដែលនឹងអនុញ្ញាតឱ្យទីភ្នាក់ងារមួយចំនួននៃរដ្ឋាភិបាលសហព័ន្ធ អាចដំណើរការរហូតដល់ថ្ងៃទី ៨ខែមីនា និងមួយផ្នែកទៀតអាចដំណើរការរហូតដល់ថ្ងៃទី ២២ ខែមីនា ដោយបញ្ចៀសការបិទផ្នែកជាច្រើននៃរដ្ឋាភិបាលសហព័ន្ធ ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
វិធានការចំណាយរយៈពេលខ្លីនេះត្រូវបានធ្វើឡើងជាលើកទី ៤ ហើយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយសមាជិកសភាអាមេរិករំពឹងថា វាជាលើកចុងក្រោយហើយសម្រាប់ឆ្នាំសារពើពន្ធនេះ។
ប្រធានរដ្ឋសភាលោក Mike Johnson និយាយថា ក្រុមអ្នកចរចាបានបញ្ចប់ច្បាប់ចំណាយប្រចាំឆ្នាំចំនួន ៦ ដែលនឹងផ្តល់ថវិការដល់ដំណើរការរបស់ទីភ្នាក់ងារសហព័ន្ធ និង«ជិតទៅដល់ការសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយមួយលើច្បាប់ចំណាយផ្សេងទៀត»។
នៅសប្តាហ៍ក្រោយ រដ្ឋសភានិងព្រឹទ្ធសភាអាមេរិក ត្រូវគេរំពឹងថា នឹងពិនិត្យមើលលើច្បាប់ចំណាយចំនួន ៦ ហើយត្រូវដាក់ជូនលោកប្រធានាធិបតីអាមេរិកឱ្យបានមុនថ្ងៃទី ៨ ខែមីនា។ បន្ទាប់មកសមាជិកសភាអាមេរិកត្រូវអនុម័តថវិកាដល់រដ្ឋាភិបាល ឱ្យបានមុនកាលបរិច្ឆេទថ្មីគឺថ្ងៃទី ២២ ខែមីនាខាងមុខ៕
វេទិកាបញ្ចេញមតិ