ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំសភាអាមេរិកបង្ហាញច្បាប់បណ្តោះអាសន្នមួយដើម្បីបញ្ចៀស​ការបិទរដ្ឋាភិបាល


រូបឯកសារ៖ ទិដ្ឋភាព​នៃ​វិមាន​សភា​សហរដ្ឋ​អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ ទិដ្ឋភាព​នៃ​វិមាន​សភា​សហរដ្ឋ​អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​និងប្រជាធិបតេយ្យនៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិកកាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ​ បាន​បង្ហាញ​ច្បាប់​ថវិកា​ចំណាយ​រយៈពេល​ខ្លី​មួយ​ដែល​នឹង​បញ្ចៀស​ការបិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក និងរក្សា​ដំណើរ​ការ​របស់​រដ្ឋាភិបាល​រហូត​ដល់​ខែ​មីនា​ខាង​មុខ​។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។ ​

កិច្ចព្រមព្រៀង​នេះក្នុងបំណង​ដើម្បី​បញ្ចៀសកុំ​ឱ្យ​មាន​ភាព​ច្របូក​ច្របល់មួយ​រយៈពេល​ខ្លី​ និង​ទុក​ពេលដើម្បី​ធ្វើ​ច្បាប់ចំណាយ​ថវិកា​ដែល​មានភាពស្មុគស្មាញ​មួយ​ ដែល​នឹង​ផ្តល់​ថវិកា​ដល់​សកម្មភាព​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក។ ​

ព្រឹទ្ធសភា​អាមេរិក​ដែល​ដឹកនាំដោយ​គណបក្ស​ប្រជាធិបតេយ្យ​ និង​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ បាន​ខ្វែងគំនិត​គ្នាជុំវិញ​ទំហំ​ចំណាយ​ថវិកា​អស់​រយៈពេលរាប់ខែ​មក​ហើយ។​

ច្បាប់​ថវិកានេះអាច​ជួប​ការ​លំបាក​នៅ​ក្នុង​រដ្ឋសភា​ ដែល​មានក្រុមអភិរក្ស​និយម​នៃ​គណបក្ស​សាធារណរដ្ឋ​មួយ​ក្រុម​ បាន​ប្រើប្រាស់​យុទ្ធសាស្ត្ររាំងខ្ទប់​ច្បាប់​នេះ​ ដើម្បី​ដាក់​សម្ពាធ​ធ្វើ​ឱ្យ​កម្រិត​ចំណាយ​របស់​រដ្ឋាភិបាល​អាមេរិកមាន​ទំហំ​តិច​ជាង​មុន។​

ថវិកា​ចំណាយ​របស់​រដ្ឋាភិបាល​អាមេរិក​បច្ចុប្បន្ន​នេះ​ នឹង​ត្រូវ​អស់​សុពលភាពក្នុង​សប្តាហ៍​នេះ​ សម្រាប់​កម្មវិធី​សហព័ន្ធ​ជា​ច្រើន ដែល​រួម​មាន​ការ​ដឹកជញ្ជូន​ លំនៅ​ឋាន កសិកម្ម​ ថាមពល​ និង​ការសាងសង់​ផ្នែក​យោធា​ និង​អតីតយុទ្ធជន។ ​

ចំណែក​ថវិកា​ចំណាយ​ផ្សេងៗ​ទៀត​ ដែល​រួម​មានការ​ការពារ​ជាតិ​ជាដើម​នោះ ​នឹងបន្ត​រហូត​ដល់ថ្ងៃ​ទី​ ២​ ខែ​កុម្ភៈ​ខាង​មុខ​នេះ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG