សេចក្តីព្រាងច្បាប់សន្តិសុខថ្មីរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលទើបត្រូវបានផ្សព្វផ្សាយបានប្រឈមនឹងភាពមិនច្បាស់លាស់មួយនៅថ្ងៃចន្ទនេះ បើទោះបីជាមានការសម្របសម្រួលចរចាគ្នាអស់ជាច្រើនខែ ជុំវិញវិធានការរបស់គណបក្សទាំងពីរកន្លងទៅ ដែលរួមមានថវិការាប់ពាន់លានដុល្លារសម្រាប់ជំនួយដល់ប្រទេសអ៊ុយក្រែន ប្រទេសអ៊ីស្រាអែលនិងជំនួយមនុស្សធម៌ ក៏ដូចជាការកែទម្រង់ចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោននៅតាមបណ្តោយព្រំដែនអាមេរិកនិងម៉ិកសិកផងដែរ។
មេដឹកនាំសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាអាមេរិក លោក Chuck Schumer មានកំណត់នឹងដាក់សេចក្តីព្រាងច្បាប់នេះសម្រាប់ការបោះឆ្នោតបឋមមួយក្នុងព្រឹទ្ធសភានៅថ្ងៃពុធនេះ ដោយនិយាយថា «អាទិភាពរបស់ច្បាប់នេះ មានសារៈសំខាន់ខ្លាំង ដោយមិនត្រូវព្រងើយកន្តើយ និងមានការចាំបាច់មិនត្រូវអនុញ្ញាតឱ្យមានការពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ«។
លោកបានហៅច្បាប់នេះថា «ជាជំហានដ៏ធំមួយ ឆ្ពោះទៅពង្រឹងសន្តិសុខជាតិអាមេរិកនៅក្រៅប្រទេសនិងនៅតាមបណ្តាយព្រំដែនរបស់ខ្លួន»។
ប៉ុន្តែក្រោយពីសេចក្តីព្រាងច្បាប់នេះត្រូវបានផ្សព្វផ្សាយបានបន្តិចកាលពីយប់ថ្ងៃអាទិត្យ ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក លោក Mike Johnson និយាយថា ប្រសិនបើច្បាប់នេះឆ្លងផុតព្រឹទ្ធសភាអាមេរិកដែលគណបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើននោះ ក៏ច្បាប់នេះនឹងត្រូវជាប់គាំងភ្លាមៗនៅពេលបញ្ជូនមកដល់រដ្ឋសភាអាមេរិក ដែលគណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើន។
សម្រាប់ប្រទេសអ៊ុយក្រែន ច្បាប់នេះអនុញ្ញាតឱ្យសហរដ្ឋអាមេរិកផ្តល់ថវិកា៦០ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ខណៈដែលប្រទេសអ៊ីស្រាអែលនឹងទទួលបាន១៤ពាន់លានដុល្លារជាជំនួយសន្តិសុខ ហើយទឹកប្រាក់១០ពាន់លានដុល្លារទៀត ជាជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលនៅក្នុងតំបន់ដែលមានជម្លោះដូចជា ប្រទេសអ៊ុយក្រែន តំបន់ហ្កាហ្សា និងតំបន់ West Bank ជាដើម។
ដោយឡែកទឹកប្រាក់ចំនួន២ពាន់៤រយលានដុល្លារ គឺសម្រាប់កិច្ចប្រឹងប្រែងផ្នែកយោធា ដើម្បីទប់ទល់ការវាយប្រហារនៅក្នុងសមុទ្រក្រហម ខណៈទឹកប្រាក់ចំនួន៤ពាន់៨០០លានដុល្លារ នឹងជួយគាំទ្រដល់ដៃគូផ្សេងៗទៀត ដែលកំពុងប្រឈមនឹងភាពគឃ្លើនរបស់ប្រទេសចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
សមាជិករដ្ឋសភាអាមេរិកនិងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានរិះគន់ការប្រឹងប្រែងរបស់ព្រឹទ្ធសភាអាមេរិកថា ធ្វើការងារមិនគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាសន្តិសុខព្រំដែននៅឡើយ។
ចំណែកលោកBiden បានសរសើរច្បាប់របស់ព្រឹទ្ធសភាអាមេរិកនេះ ដោយនិយាយថា ច្បាប់នេះបានដាក់បញ្ជូលកំណែទម្រង់ត្រឹមត្រូវនិងភាពតឹងតែងបំផុតលើបញ្ហាសន្តិសុខព្រំដែន ដែលមិនធ្លាប់មានក្នុងពេលក្នុងពេលជាច្រើនទសវត្សរ៍កន្លងទៅ។
ទន្ទឹមនឹងនេះ មេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភាអាមេរិកលោក Mitch McConnell បានបង្ហាញការគាំទ្ររបស់លោកលើច្បាប់នេះ ដោយនិយាយថា ព្រឹទ្ធសភាអាមេរិក ត្រូវត្រៀមខ្លួនដើម្បីធ្វើការលើរឿងនេះ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មានAP និង Reuters.