ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរ​ក្រហម​បញ្ចប់​សវនាការ​បណ្តឹង​សាទុក្ខ​របស់​មេខ្មែរក្រហម


រូបឯកសារ៖ ខៀវ សំផន (ឆ្វេង) អតីត​ប្រមុខ​រដ្ឋ​ក្នុង​របប​ខ្មែក្រហម និង​ នួន ជា (ស្តាំ) មេដឹកនាំ​ទី២ និង​ជា​មេដឹកនាំខាង​មនោគមវិជ្ជា មាន​វត្តមាន​នៅ​ក្នុង​សាល​សវនាការ របស់​តុលាការ​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី៣១ ខែ​តុលា ឆ្នាំ​២០១៣។
រូបឯកសារ៖ ខៀវ សំផន (ឆ្វេង) អតីត​ប្រមុខ​រដ្ឋ​ក្នុង​របប​ខ្មែក្រហម និង​ នួន ជា (ស្តាំ) មេដឹកនាំ​ទី២ និង​ជា​មេដឹកនាំខាង​មនោគមវិជ្ជា មាន​វត្តមាន​នៅ​ក្នុង​សាល​សវនាការ របស់​តុលាការ​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី៣១ ខែ​តុលា ឆ្នាំ​២០១៣។

នួន ជា ​និង​ ខៀវ សំផន​ គឺ​ជា​មេ​ដឹកនាំ​កំពូល​ពីរនាក់​គត់ ​ដែល​នៅរស់ ​ហើយ​ត្រូវ​កាត់​ទោស​ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​​ប្រល័យ​ពូជសាសន៍។

តុលាការ​កាត់​ទោស​មេដឹក​នាំខ្មែរ​ក្រហម​បាន​បញ្ចប់​សវនាការ​បណ្តឹង​សាទុក្ខ​នៃ​សំណុំ​រឿង​០០២/០១​របស់​មេ​ដឹកនាំ​ខ្មែរ​ក្រហម ​ដែល​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​សាលាដំបូង ដែល​បាន​កាត់ក្តី នួន ជា​ និង​ ខៀវ សំផន ​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ កាលពី​ដើម​ខែ​សីហា ​ឆ្នាំ​២០១៤​ ក្រោម​បទ​ចោទ​ប្រកាន់​សហ​ឧក្រិដ្ឋ​កម្ម​រួម​ សម្រាប់​ការ​ជម្លៀស​ប្រជាជន ​និង​ការ​សម្លាប់​រង្គាល។ ​

នួន ជា ​និង​ ខៀវ សំផន​ គឺ​ជា​មេ​ដឹកនាំ​កំពូល​ពីរនាក់​គត់ ​ដែល​នៅរស់ ​ហើយ​ត្រូវ​កាត់​ទោស​ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍។​

ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ចុង​បញ្ចប់​នៃ​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ព្រះ​រាជ​អាជ្ញា​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ចៅ​ក្រម​តុលាការ​កំពូល​នឹង​តម្កល់​សាលក្រម​របស់​សាលាដំបូង​នៃ​តុលាការ ​ដែល​មាន​ការ​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ​នេះ។​

អ្នកស្រី​ ជា លាង​ ព្រះ​រាជ​អាជ្ញា​ជាតិ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖​«ខ្ញុំ​ជឿ​ជាក់​លើ​ការ​សន្និដ្ឋាន​របស់​ខាង​ភាគី​សហ​ព្រះរាជ​អាជ្ញា​ ក្នុង​ការ​ស្នើសុំ​ឲ្យ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នេះ»។

រូបឯកសារ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការ​កម្ពុជា កំពុង​ដំណើរការ​សវនាការ កាលពីថ្ងៃទី១៩ ខែ​តុលា ឆ្នាំ​២០១១។
រូបឯកសារ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការ​កម្ពុជា កំពុង​ដំណើរការ​សវនាការ កាលពីថ្ងៃទី១៩ ខែ​តុលា ឆ្នាំ​២០១១។

​លោក​ Nicholas Koumjian ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ ​បាន​ពន្យល់​ថា ​ឆ្លង​កាត់​ការ​ដេញដោល​រយៈពេល​បីថ្ងៃ​នេះ ​ លោក​មាន​ជំនឿថា ​ចៅក្រម​តុលាការ​កំពូល​នឹង​ធ្វើការ​សម្រេច​ដោយ​ផ្អែក​តាម​ភស្តុតាង ​និង​ទឡ្ហីករណ៍​សម្រាប់​បណ្តឹង​ឧទ្ធរណ៍​របស់​លោក ​ខៀវ សំផន។​ លោក​និយាយ​ថា ​សវនាការ​របស់​តុលាការ​កំពូល​នេះ​គឺ​ជា​កិច្ចការ​ប្រវត្តិ​សាស្ត្រ។

ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​ គង់ សំអុន​ មេធាវី​របស់​លោក​ ខៀវ សំផន ​បាន​និយាយ​ថា ​ការ​សម្រេច​របស់​តុលាការ​សាលា​ដំបូង​មិន​ផ្តល់​យុត្តិ​ធម៌​ដល់​កូន​ក្តី​របស់​លោក​ទេ ​ព្រោះ​លោក​ ខៀវ សំផន​ មិន​មាន​អំណាច​ធ្វើការ​សម្រេច​ចិត្ត​ទេ​ ក្នុង​របប​ខ្មែរក្រហម​ ហើយ​លោក​ជា​ប្រមុខ​រដ្ឋ​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ។ ​លោក​ គង់ សំអុន ​បាន​និយាយ​ថា ​តុលាការ​គ្មាន​ភស្តុតាង​ច្បាស់លាស់​ដាក់​បន្ទុក​លោក ខៀវ សំផន ​ក្នុង​សំណុំ​រឿង​០០២/០១​នេះ​ទេ។

«ព្រះ​រាជ​អាជ្ញា​ក៏ដូច​ជា​សាលា​ដំបូង​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ ឬ​ក៏​ថា​ឲ្យ​លើស​ពី​វិមតិ​សង្ស័យ​ទៅ​លើ​បញ្ហា​សកម្មភាព​របស់​លោក​ ខៀវ សំផន ​ទាក់ទង​ទៅ​លើ​អំពើ​ល្មើស​ទេ»។

រី​ឯ​មេធាវី​របស់​ដើម្បី​បណ្តឹង​រដ្ឋប្បវេណី រួមមាន​លោក​ ពេជ្រ អង្គ​ លោក​ ហុង គឹមសួន ​និង​អ្នកស្រី ​Marie Guiraud ​បាន​បង្ហាញ​ជំហរ​ស្រដៀង​គ្នា​នឹង​ភាគី​ព្រះ​រាជអាជ្ញា​ដែរ​ ដោយ​សង្ឃឹម​ថា ​សាល​ក្រម​ស្ថាពរ​របស់​តុលាការ​នេះ​ នឹង​ជួយ​បន្ធូរបន្ថយ​ការ​ឈឺ​ចាប់​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី។

សវការ​បណ្តឹង​សាទុក្ខ​នេះ​មិន​មាន​ការចូលរួម​របស់​ នួន ជា ​មេ​ដឹកនាំ​កំពូល​ទីពីរ​របស់​ខ្មែរក្រហម​បន្ទាប់​ពី​ ប៉ុល ពត ​នោះ​ទេ ដោយ​សារ​ នួន ជា​ បាន​បោះ​បង់សិទ្ធិ​ការពារ​ខ្លួន ​ក្រោយ​ពី​មិន​បាន​សម្រេច​បំណង​ ដែល​បាន​ទាមទារ​ឲ្យ​លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ឡើង​តុលាការ​ផ្តល់​កសិណសាក្សី​នោះ។

លោក ​Nichola​ Koumjian ​ពន្យល់​ថា ​ការ​លះបង់​សិទ្ធិ​របស់​ នួន ជា ​គឺជា​រឿង​អភ័ព្វ​ ព្រោះ​ពេល​នេះ​ជា​ឱកាស​ផ្លូវច្បាប់​សម្រាប់​ស្វែង​រក​យុត្តិ​ធម៌។

លោក​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ Nichola​ Koumjian ​បន្ថែម​ថា ​ចៅក្រម​ភាគ​ច្រើន​សម្រេច​ចិត្ត​មិន​កោះ​ហៅ​លោក​ ហេង សំរិន​ ព្រោះ​ភាគី​ចុងចោទគឺ​ នួន ជា​ គ្មាន​ភស្តុងតាង​រឹងមាំ​ ដើម្បី​ឲ្យ​តុលាការ​កោះ​ហៅ​ប្រធាន​កិត្តិយស​គណបក្ស​កាន់​អំណាច ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ។

សវនាការ​រយៈពេល​បីថ្ងៃ​នេះ​ផ្តោត​ជុំវិញ​បណ្តឹង​សាទុក្ខ​របស់ ខៀវ សំផន​ ព្រោះ​ នួន ជា ​បាន​បោះបង់​សិទ្ធិ​របស់​ខ្លួន។ ​បណ្តឹង​សារទុក្ខ​នេះ​ទាក់ទង​នឹង​ការ​បណ្តេញប្រជាជន​ចេញ​ពី​ទីក្រុង ​ការ​សម្លាប់​រង្គាល​ក្នុង​សម័យ​ខ្មែរក្រហម​ រួមមាន​ការ​សម្លាប់​ទាហាន​សម័យ​ លន់ នល់ ​នៅ​ពោធិ៍ជ្រៃ​ក្នុង​ខេត្តពោធិ៍សាត់។​

រូបឯកសារ៖ ទេសចរ​មួយ​រូប​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥​ ខណៈ​ដែល​សាលាក្តី​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​កំពុង​ដំណើរការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ពីរ​រូប។
រូបឯកសារ៖ ទេសចរ​មួយ​រូប​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥​ ខណៈ​ដែល​សាលាក្តី​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​កំពុង​ដំណើរការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ពីរ​រូប។

ក្នុង​សវនាការ​នោះ​ ព្រះរាជ​អាជ្ញា​បាន​ប្រមូល​ព័ត៌មាន​ពី​ការ​ផ្តល់​សក្ខីកម្ម​ដោយ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ធ្វើ​ជា​ចំណង​សម្រាប់​ចង​ ខៀវ សំផន ទាក់ទង​ទៅ​នឹង​បទ​ចោទ​ប្រកាន់​ទាំង​ពីរ​នេះ។ ​សូម្បី​តែ​បទ​សម្ភាសន៍​របស់ ​ខៀវ​ សំផន ​ជាមួយ​បណ្តាញ​ព័ត៌មាន​ និង​ចម្លើយ​របស់​ប្រពន្ធ​គាត់​ ដែល​ព្យាយាម​ការពារ ​ខៀវ សំផន ​នោះ​ ក៏​ព្រះរាជ​អាជ្ញា​អាច​ប្រើ​ជា​ចំណង​សម្រាប់​ ខៀវ សំផន​ ដែរ។

ក្នុង​សវនាការ​ថ្ងៃ​ចុង​ក្រោយ​នេះ ខៀវ សំផន ​ទទូច​រក​យុត្តិធម៌​ដោយ​អះ​អាង​ថា​ ខ្លួន​មិន​បាន​ដឹង​ និង​មិន​មាន​អំណាច​ទេ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

«មិន​ដែល​មាន​ពេលណា​ ដែល​ខ្ញុំចង់​ឲ្យមាន​ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​លើ​ប្រជាជន​ម្តង​ណា​សោះ​ឡើយ ​ឬ​ក៏​ចូលរួម​ក្នុង​ផែនការ​ណាមួយ​ ក្នុង​ទិសដៅ​យ៉ាងនេះ​សោះ​ឡើយ​ ក្នុង​ពេល​មួយ​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។​ នេះ​ហើយ​ជាអ្វី​ ដែល​ខ្ញុំ​មាន​សំណូមពរ​ សូម​ឲ្យ​អស់​លោក លោកស្រី​កំណត់​ក្នុង​ចិត្ត​នៅ​ពេល​អស់លោក ​លោកស្រី​ឈាន​ទៅ​ធ្វើ​ការ​សម្រេច​នោះ។ សូម​អរគុណ​បាទ»។

​នៅពេល​ប្រកាស​បញ្ចប់​សន្និសីទ​ព័ត៌​មាន លោក ​ឌឹម សុវណ្ណារ៉ុម​ បាន​ឲ្យ​ដឹង​ថា ​អំឡុង​សវនាការ​៣​ថ្ងៃនេះ ​មាន​អ្នក​ចូលរួម​១៣៧០នាក់​ ដែល​មាន​ប្រជាជន​មក​ពីភ្នំពេញ ​និង​តាម​ខេត្ត​ និស្សិត​ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ ព្រមទាំង​សាច់​ជាតិ​របស់គេ​ជាដើម។

នៅ​ពេល​កំពុង​មើល​ឯកសារ​អំពី​សម័យ​ខ្មែរក្រហម​ អ្នកស្រី ​យ៉ាន ណាវី មក​ពី​ឃុំ​គងជ័យ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូង​ឃ្មុំ​ បាន​ប្រាប់​ VOA​ ថា៖​«ខ្ញុំ​មាន​បងប្អូន​ស្លាប់។ ​ម្តាយ​អត់​ស្លាប់​ក្នុង​ជំនាន់​ប៉ុល ពត​ទេ។ ​អ៊ុំ​ខ្ញុំ​ បង​ប្អូន​ខ្ញុំ​ស្លាប់»។

ស្ត្រី​ម្នាក់​ទៀត​មកពី​ស្រុក​អូររាំងឪ​ដែរ​នោះ​បាន​ប្រាប់​ VOA​ ទាំង​ទឹក​ភ្នែក​ថា​ ឪពុក​របស់​គាត់​ក៏​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់។

«ខ្ញុំ​តូច​ចិត្ត​ណាស់!​ ខ្ញុំ​ឃើញ​ធាតុ ​ឃើញ​ឆ្អឹង ​ខ្ញុំឈឺ​ចាប់។ ​បង ​ពូខ្ញុំ ឪពុក​ខ្ញុំ គេ​យក​ទៅ​សម្លាប់​អត់មាន​មូលហេតុ។ ខ្ញុំ​ឈឺ​ចាប់​ណាស់។ ​ខ្ញុំ​កើត​ទុក្ខ​មិន​សុខ​ចិត្ត។ ​ខ្ញុំ​សូម​ឲ្យ​អ្នកណា​មេខ្លោង​ធំ​ជាង​គេ ​កាត់​ទោស​ទាំងអស់»។

ទោះ​ជា​ដឹង​ថា ​សាលក្រម​សាលាដំបូង​បាន​សម្រេច​កាត់​ទោស​ នួន ជា ​និង​ ខៀវ សំផន ​ឲ្យ​ជាប់​ពន្ធ​មួយ​ជីវិត​ក៏​ដោយ ​ក៏​អ្នក​ដែល​បាត់បង់​សាច់​ញាតិ​មិន​អាច​ស្ងប់​ចិត្ត​ដែរ ​ព្រោះ​មេដឹកនាំ​ខ្មែរក្រហម​បាន​បដិសេធ​មិន​ទទួល​ខុស​ត្រូវ តែ​មិន​បង្ហាញ​ឲ្យ​ច្បាស់​ថា ​អ្នកណា​ទទួល​ខុស​ត្រូវ​នោះ​ទេ​ ដែល​ធ្វើ​ឲ្យជន​រងគ្រោះ​មិន​អស់​ចិត្ត។​

«សូម​អ្នក​ដែល​គេ​ចោទ​ហ្នឹង​ ឆ្លើយ​ទៅ​ អ្នក​ណា​ជា​អ្នក​ចេញ​មុខ​សម្លាប់​ប្រជាជន​រាប់​លាន​នាក់​ហ្នឹង។ ខ្ញុំ​សំណូមពរ​ប៉ុណ្ណឹង!»

XS
SM
MD
LG