ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​នឹង​មិន​ចូលរួម​ប្រជុំ​កែប្រែ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា


រូប​ឯកសារ៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ ២០១៣។ (AP Photo/Heng Sinith)
រូប​ឯកសារ៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ ២០១៣។ (AP Photo/Heng Sinith)

តំណាង​រាស្រ្ត​ក្រុម​មតិ​ភាគ​តិច​និង​ភាគ​ច្រើន​រដ្ឋសភា​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ចុង​ឆ្នាំ​២០១៤​ ដើម្បី​​រក​ដំណោះ​ស្រាយ​នយោបាយ​ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​កម្ពុជា​នៅ​ពេល​នោះ​​​បាន​​ជាប់​គាំង​អស់​មួយ​រយៈ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។​

តំណា​ង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិប្រកាស​ថា ​ពួកគេ​នឹង​មិន​ចូល​រួមជាមួយ​ក្រុម​តំណាង​រាស្រ្ត​គណ​បក្សប្រជាជន​កម្ពុជាក្នុង​ការ​ប្រជុំ​លុប​ប្រការ​៤៨ ថ្មី (បី)​ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ​ ដើម្បី​ រំលាយតំណាងរាស្ត្រ​មតិ​ភាគ​តិច​និង​ភាគ​ច្រើន​នៃរដ្ឋសភា​នោះ​ទេ។

តំណាង​រាស្រ្ត​ក្រុម​មតិ​ភាគ​តិច​និង​ភាគ​ច្រើន​រដ្ឋសភា​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ចុង​ឆ្នាំ​២០១៤​ ដើម្បីរក​ដំណោះ​ស្រាយ​នយោបាយ​ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​កម្ពុជា​នៅ​ពេល​នោះ​បានជាប់​គាំង​អស់​មួយ​រយៈ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។​

លោក ស ខេង ​ជា​ប្រធាន​ក្រុម​មតិ​ភាគ​ច្រើនមកពី​គណបក្ស​កាន់​អំណាច​ ចំណែក​លោក​សម រង្ស៊ី​ ជា​ប្រធាន​ក្រុមមតិ​ភាគ​តិច​មកពី​គណបក្ស​ប្រឆាំង។ បន្ទាប់​ពី​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង​អវត្តមាន​ពី​ក្នុង​ប្រទេស​ជាង​២​ឆ្នាំ ​និង​ជាប់​បណ្តឹង​ផ្សេងៗ​នោះ ​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគ​តិច ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋ​មន្ត្រី​របស់​លោក​ ត្រូវ​ធ្លាក់​ទៅ​លើ លោក​ កឹម សុខា ​បន្ទាប់​ពី​លោក​ ហ៊ុន សែន ​ស្នើ​ដល់​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​កាល​ពី​ចុង​ឆ្នាំ​២០១៦។

នៅ​ថ្ងៃទី​៣១ ​ខែ​មករា​នេះ​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​មួយ​ដើម្បី​រំលាយ​ក្រុម​តំណាង​រាស្រ្ត​មតិ​ភាគ​តិច​និង​ភាគ​ច្រើន ទៅ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។ សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក​ ហ៊ុន សែន​ លើកឡើង​ថា​ លោក​លែង​ចង់​ជួប​ជាមួយ​សមាជិក​បក្ស​ប្រឆាំង ​ដោយ​សារ​ពួកគេ​តែង​ប៉ុនប៉ង​ប្រើប្រាស់​ការ​ចរចា​នានា​ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​មួយ​ចំនួន​រួម​មាន​មន្រ្តី​ការពារ​សិទ្ធិមនុស្ស​សកម្មជន​ការពារ​ដីធ្លី​និង​សកម្មជន​បក្ស​ប្រឆាំង​ជាដើម។ លោក ហ៊ុន សែន ​ហៅ​ការ​ទាមទារ​នោះ​ថា ជា​ការ​បំពានដល់​អំណាច​តុលាការ។

លោក កែវ ភីរម្យ ​អគ្គលេខាធិការរង​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ VOA ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ចូល​រួម​កិច្ច​ប្រជុំ​ដើម្បី​រំលាយ​ក្រុម​មតិ​ភាគ​តិច និង​ភាគ​ច្រើន​នៃ​រដ្ឋសភានៅ​ថ្ងៃអង្គារ​នេះ​ទេ។

ទោះជា​យ៉ាងណា​លោក កែវ ភីរម្យ ​មិនបាន​ប្រាប់​ពី​មូល​ហេតុ​លម្អិតនៃ​ការ​មិនចូល​រួម​នោះទេ។

លោក​បញ្ជាក់​ថា៖ «សូម​អញ្ជើញ​អ្នកសារ​ព័ត៌មាន​មក​ទទួល​ព័ត៌មាន​ស្អែក​នៅ​ម៉ោង​៩។ ​ជុំគ្នា​នៅ​ម៉ោង​៩​យើង​បានទទួល​ព័ត៌មាន​លម្អិត។ និយាយ​កាត់​ទៅ​គឺ​យើង​អត់​ទៅ​ទេ [ប្រជុំ​រដ្ឋសភា]»។

លោក ឡេង ប៉េង ឡុង ​អ្នកនាំ​ពាក្យ​រដ្ឋសភា​មាន​ប្រសាសន៍​ថា ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​ក្នុង​ការ​ចូល​រួម ​ឬ​មិនចូល​រួមរាល់​ការប្រជុំ​ក្នុង​រដ្ឋសភា។ លោក​បន្ថែម​ថា​ បើទោះបីជាតំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​មិន​ចូល​រួម​ក៏កិច្ច​ប្រជុំ​រដ្ឋសភា​ដែល​មាន​តំណាង​រាស្រ្ត​មកពី​គណ​បក្ស​ប្រជាជនកម្ពុជា​ចំនួន​៦៨​រូប​រួម​មាន​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន ផង​នោះ​ នៅ​តែ​អាច​ដំណើរ​ការ​ទៅ​មុខ​និង​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ​កែ​ប្រែ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា។​

លោក​បញ្ជាក់​ថា៖ «មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​អី​ទេ។ គណបក្ស​ប្រជាជន​មាន​ភាគ​ច្រើន​គ្រប់គ្រាន់​ដើម្បី​ដំណើរ​ការ​សភា​និង​ដំណើរ​ការ​ការ​អនុម័ត​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃក្នុង​ហ្នឹង»។

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​យល់​ថា ​ការ​ប្រជុំ​ដក​តំណាង​រាស្រ្ត​មតិភាគ​តិច និង​ភាគ​ច្រើនដែល​បាន​បង្កើត​ឡើង​ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​ន​យោបាយ​នេះ​ប​ង្ហាញ​ថា ​រដ្ឋសភា​បាន​បាត់​បង់​ឯករាជ្យ​ភាព​របស់​ខ្លួន​ដោយ​តែង​ធ្វើ​តាម​អារម្មណ៍​របស់​មេដឹកនាំ ​ជា​ជាង​យក​ច្បាប់​ជា​ធំ ហើយ​ថា​សកម្មភាព​នេះ​នឹង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សង្គម ​និង​ការ​អភិវឌ្ឍ​ជាតិ៕

XS
SM
MD
LG