ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ធំៗ​ទាំងពីរ​គ្រោង​ជួប​គ្នា​រក​ដំណោះស្រាយ​នយោបាយ


លោក ស ខេង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និងលោក កឹម សុខា ដែល​ទើប​ក្លាយ​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ (ស្តាំ)។ (VOA Khmer)​
លោក ស ខេង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និងលោក កឹម សុខា ដែល​ទើប​ក្លាយ​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ (ស្តាំ)។ (VOA Khmer)​

ក្នុង​លិខិត​ឆ្លើយតប​ចុះ​ថ្ងៃ​ទី​៥ ខែ​មករា​ដូចគ្នា​ ​លោក ស ខេង បញ្ជាក់​ប្រាប់​លោក កឹម សុខា ​ថា ជំនួប​ពិភាក្សា​ការងារ​រវាង​គណបក្ស​ទាំងពីរ​អាច​​ធ្វើ​ឡើង​បាន​ក្រោយ​ថ្ងៃ​ទី​១១ ខែ​មករា ហើយ​ពេលវេលា​ជាក់លាក់ ខុទ្ទកាល័យ​របស់​លោក​នឹង​ជូន​ព័ត៌មាន​ទៅ​ខុទ្ទកាល័យ​របស់​លោក​ កឹម សុខា​ នៅ​ពេល​ក្រោយ។

ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ជួប​ពិភាក្សា​គ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​និង​បញ្ហា​នយោបាយ​ដែល​នៅ​សេសសល់ បន្ទាប់ពី​គណបក្ស​ទាំង​ពីរ​ខកខាន​មិន​បាន​ជួប​ប្រជុំ​គ្នា​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក។

គម្រោង​នៃ​ជំនួប​នេះ​កើតមាន​ក្រោយ​ពី​លោក កឹម សុខា ដែល​ទើប​ក្លាយ​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ទៅកាន់​លោក ស ខេង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឱ្យ​មាន​ការ​ជួប​សន្ទនា​គ្នា​រវាង​គណបក្ស​ទាំង​ពីរ។

ក្នុង​លិខិត​ផ្ញើ​ជូន​លោក ស ខេង ​ចុះ​ថ្ងៃ​ទី​៥ ខែ​មករា លោក កឹម សុខា ឡើង​ថា ចាប់​តាំង​ពី​មាន​ការ​កែសម្រួល​សមាសភាព​ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ដើម​ខែ​ធ្នូ​មក គណបក្ស​ទាំង​ពីរ​នៅ​មិនទាន់​បាន​ជួប​គ្នា​នៅ​ឡើយ​ទេ។

លោក​ កឹម សុខា ស្នើ​ឱ្យ​មាន​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំងពីរ​នៅ​ក្នុង​ខែ​មករា​នេះ «ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​សន្តិវិធី ស្រប​តាម​បំណង​ប្រាថ្នា​របស់​សាធារណជន»។

ក្នុង​លិខិត​ឆ្លើយតប​ចុះ​ថ្ងៃ​ទី​៥ ខែ​មករា​ដូចគ្នា​ ​លោក ស ខេង បញ្ជាក់​ប្រាប់​លោក កឹម សុខា ​ថា ជំនួប​ពិភាក្សា​ការងារ​រវាង​គណបក្ស​ទាំងពីរ​អាចធ្វើ​ឡើង​បាន​ក្រោយ​ថ្ងៃ​ទី​១១ ខែ​មករា ហើយ​ពេលវេលា​ជាក់លាក់ ខុទ្ទកាល័យ​របស់​លោក​នឹង​ជូន​ព័ត៌មាន​ទៅ​ខុទ្ទកាល័យ​របស់​លោក​ កឹម សុខា​ នៅ​ពេល​ក្រោយ។

លោក សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​គម្រោង​នៃ​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ និង​បញ្ហា​ដែល​នឹង​ត្រូវ​ពិភាក្សា​នោះ​ទេ។

លោក​បន្ត​ថា ប្រសិន​បើ​មាន​ជំនួប​នេះ​មែន បញ្ហា​ដែល​នឹង​ត្រូវ​យក​ទៅ​ពិភាក្សា​នោះ​គឺ​អាស្រ័យ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​អ្នក​ស្នើ​សុំ​ឱ្យ​មាន​ជំនួប​នេះ។

យ៉ាងណា​ក៏ដោយ លោក​ សុខ ឥសាន អះអាង​ថា ជំនួប​នោះ​នឹង​មិន​អាច​ពិភាក្សា​ពី​ការ​ដោះលែង​អ្នក​ដែល​កំពុង​ជាប់​ឃុំឃាំង​នោះ​ទេ​ ជា​ពិសេស​សកម្មជន​សិទ្ធិមនុស្ស​ និង​មន្ត្រី​ គ.ជ.ប ដោយ​លោក​ថា តុលាការ​មិន​ទាន់​បាន​បញ្ចប់​នីតិ​វិធី​កាត់​ទោស​អ្នក​ទាំង​នេះ​នៅ​ឡើយ។

«មាន​ឯកឧត្ដម​ខ្លះ​លោក​ខ្លះ​ហ្នឹង ​វា​ពាក់ព័ន្ធ​ដល់​ដំណើរ​រឿង​វា​ទើប​ដល់​សាលាឧទ្ធរណ៍​ អ្នក​ខ្លះ​ពាក់ព័ន្ធ​ដល់​សាលា​កំពូល​អ៊ីចឹង​។ ដូច្នេះ​ហើយ ខ្ញុំ​យល់​ថា តំណាងរាស្ត្រ​មតិ​ភាគច្រើន តំណាងរាស្ត្រ​មតិ​ភាគតិច​ជួប​គ្នា​ក៏​ទៅ​មិន​រួច គណបក្ស​ជួប​គ្នា​ក៏​ទៅ​មិន​រួច​ ព្រោះ​អា​នេះ​ វា​ជា​ការ​ជ្រៀតជ្រែក​ចូល​ការងារ​របស់​តុលាការ»។

ទោះបីជា​យ៉ាង​នេះ​ក្ដី កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦​កន្លង​ទៅ​ លោក​ ស​ ខេង បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ក្រុម​អ្នក​នយោបាយ​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ​ នឹង​ពិនិត្យ​លើ​លទ្ធភាព​ជួប​ជជែក​គ្នា​ ដោះស្រាយ​ករណី​មន្ត្រី​សិទ្ធិមនុស្ស​ និង​មន្ត្រី​គ.ជ.ប ដែល​កំពុង​ជាប់​ឃុំ។

មន្ត្រី​ការ​ពារ​សិទ្ធិមនុស្ស​៤​នាក់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ដែល​រួម​មាន​លោក នី សុខា លោក យី សុខ​សាន លោក​ ណៃ​ វ៉ង់ដា និង​អ្នក​ស្រី លឹម មុនី​ ព្រមទាំង លោក នី​ ចរិយា​ ​អគ្គលេខាធិការ​រង​នៃ​គ.ជ.ប ​ដែល​ជា​អតីត​អ្នក​ការពារ​សិទ្ធិមនុស្ស​ដ៏​លេច​ធ្លោ​ម្នាក់​នៃ​សមាគម​អាដហុក​នេះ​ដែរ ​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៦​មក​ ហើយ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​សូក​ប៉ាន់​សាក្សី​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូវ​ភេទ​ ដែល​គេ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​លោក ​កឹម សុខា។

ក្រៅពីនោះ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី និង​សកម្មជន​គណបក្ស​នេះ​ជាង​១០​នាក់​ក៏​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​បទ​ចោទ​ប្រកាន់​ផ្សេងៗ​គ្នា​ផង​ដែរ។

គណបក្ស​ប្រឆាំង​ និង​អ្នកវិភាគ​មួយ​ចំនួន​បាន​ចាត់​ទុក​ករណី​ទាំងនោះ​ថា​ជា​រឿង​នយោបាយ។

លោក ​យឹម សុវណ្ណ អនុប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​នេះ ប្រាប់ VOA នៅ​ថ្ងៃសុក្រ​នេះ​ថា គណបក្ស​ប្រឆាំង​នឹង​លើក​យក​បញ្ហា​នយោបាយ​នានា​ដែល​នៅសេស​សល់​យក​ទៅ​ពិភាក្សា ដើម្បី​ដោះស្រាយ​ឱ្យ​បាន​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ។

ទោះ​យ៉ាងណា ​លោក​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​បញ្ហា​ដែល​នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​ក្នុង​ជំនួប​នោះ។

«ខ្ញុំ​សុំ​មិន​ចូល​លម្អិត​ទៅ​អី​ពេក​ទេ ប៉ុន្តែ​គ្រាន់​ថា អ្វីក៏ដោយ​ដែល​ជា​រឿង​នយោបាយ​ដែល​យើង​ទាំង​អស់​គ្នា​ដឹង​ឮ​នេះ ​គឺ​យើង​នឹង​ខិតខំ​ឱ្យ​មាន​ដំណោះស្រាយ»។

លោក​ យឹម សុវណ្ណ​ ឱ្យ​ដឹង​ដែរ​ថា​ គណៈកម្មការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រជុំ​ដើម្បី​កំណត់​យកពី​បញ្ហា​ដែល​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​ នៅ​ពេល​ដែល​គណបក្ស​ទាំង​ពីរ​កំណត់​ថ្ងៃ​ដែល​ត្រូវ​ជួប​ប្រជុំ​គ្នា។

ក្រោយ​ពី​មាន​ការ​បង្កើត​ក្រុម​តំណាងរាស្ត្រ​សំឡេង​ភាគច្រើន និង​សំឡេង​ភាគតិច​នៅ​ក្នុង​រដ្ឋសភា កាលពី​ចុង​ឆ្នាំ​២០១៤ ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ធំៗ​ទាំង​២​ បាន​ជួប​ពិភាក្សា​គ្នា​ជា​ប្រចាំ​ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ និង​បញ្ហា​ជាតិ។

ក៏ប៉ុន្តែ ជំនួប​រវាង​គណបក្ស​ទាំងពីរ​បាន​ខកខាន​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ក្រោយពី​មាន​ករណី​វាយ​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង​កាលពី​ខែ​តុលា ឆ្នាំ​២០១៥ និង​ការ​កាត់ទោស​លោក សម រង្ស៊ី ដែល​កាល​នោះ​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​សំឡេង​ភាគតិច។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ លោក កឹម សុខា បាន​ក្លាយ​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជំនួស​លោក សម រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក ប្រាប់​ VOA ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ជំនួប​នេះ​នឹង​ផ្ដោត​លើ​បរិយាកាស​នយោបាយ​ទូទៅ ជាជាង​ពិភាក្សា​ពី​ការ​ដោះលែង​អ្នក​ជាប់​ឃុំ ដោយ​លោក​ថា ការ​ចរចា​នយោបាយ​ធំៗ​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពី​ក្រោយ។

«អ៊ីចឹង​រឿង​ដោះលែង​ជា​រឿង​មួយ​ដោយឡែក ហើយ​ខ្ញុំ​មើល​ទៅ​អាច​ដោះលែង​បាន ព្រោះអី​ស្ថានភាព​នយោបាយ​រាង​ធូរស្រាល​ ប៉ុន្តែ​មិន​ប្រាកដ​ទាក់ទង​នឹង​ជំនួប​នេះ​ទេ។ អាច​ទាក់ទង​រឿង​មួយ​ផ្សេង​ដោយ​ឡែក ទាក់ទង​រឿង​បរិយាកាស​នយោបាយ​ទូទៅ​តែម្ដង​បាទ»។

លោក អ៊ូ វីរៈ បន្ត​ថា ការ​វិល​ទៅ​រក​ការ​ជួប​ពិភាក្សា​គ្នា​ឡើង​វិញ​រវាង​គណបក្ស​ទាំងពីរ ​គឺ​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​ជាតិ ដោយ​លោក​ថា​ វា​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ៕

XS
SM
MD
LG