ការប្រកាសនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងបានប្រកាសលាឈប់ពីតំណែងជាប្រធានគណបក្ស ស្របពេលគណបក្សកាន់អំណាចកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់មួយ ដើម្បីហាមប្រាមអ្នកទោសមិនឲ្យធ្វើជាប្រធានគណបក្ស និងដើម្បីរំលាយគណបក្សណាដែលមានមេដឹកនាំប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងរ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិប្រកាសថា ពួកគេមិនទាន់រកឃើញអ្នកដែលអាចជំនួសតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ក្រោយការលាលែងរបស់លោកសម រង្ស៊ី បាននៅឡើយ។ គណបក្សនេះបានសម្រេចប្រគល់សិទ្ធិទៅអនុប្រធានគណបក្សគឺលោកកឹម សុខា ឲ្យទទួលតួនាទីជាប្រធានស្ដីទី មុននឹងគណបក្សនេះជ្រើសរើសបានប្រធានថ្មី។
កាលពីថ្ងៃសៅរ៍នេះ លោកសម រង្ស៊ី បានប្រកាសលាឈប់ពីតំណែងជាប្រធាន និងពីសមាជិកគណបក្សសង្គ្រោះជាតិ ខណៈដែលគណបក្សកាន់អំណាចកំពុងធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដើម្បីហាមអ្នកទោសមិនឲ្យធ្វើជាប្រធានគណបក្ស និងដើម្បីរំលាយគណបក្សណាដែលមានមេដឹកនាំប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងរ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំផ្ទៃក្នុងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនារសៀលថ្ងៃអាទិត្យថា គណបក្សសង្គ្រោះជាតិបានសម្រេចយកលោកកឹម សុខា ធ្វើជាប្រធានស្តីទី ក្រោយពេលប្រធានគណបក្សលាលែងចេញពីតំណែង។ លោកបន្តថា រហូតមកដល់ពេលនេះ ក្រុមការងារគណបក្សសង្គ្រោះមិនទាន់សម្រេចថា នឹងជ្រើសរើសបេក្ខភាពរូបណាដើម្បីធ្វើជាប្រធានគណបក្សជំនួសលោកសម រង្ស៊ី នៅឡើយទេ។ លោកថ្លែងថាគណបក្សនឹងសម្រេចជ្រើសរើសប្រធានថ្មីក្នុងរយៈពេល១៨ខែខាងមុខ ទៅតាមគោលការណ៍របស់គណបក្ស។
លោកបញ្ជាក់ថា៖
«ក្នុងគណបក្សនេះ អ្នកណាក៏អាចក្លាយជាប្រធានគណបក្ស អ្នកណាក៏អាចក្លាយជាថ្នាក់ដឹកនាំគណបក្សដែរឲ្យតែមានការគាំទ្រទៅតាមការកំណត់ដោយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។ យើងមិនមែនជាគណបក្សដែលផ្តាច់ការ ដែលសម្រេចអ្វីៗតែលើបុគ្គលម្នាក់ទេ។ យើងមានយន្តការរបស់យើងក្នុងការធ្វើសេចក្តីសម្រេច ហើយរាល់អ្វីៗដែលយើងសម្រេច យើងសុទ្ធតែបានគិតយ៉ាងល្អិតល្អន់ជាមួយគ្នា ជាយន្តការ មិនមែនអ្នកណាម្នាក់ដែលមានអំណាចអ្វីទៅសម្រេចទេ»។
ការលាលែងរបស់លោកសម រង្ស៊ី កើតឡើងស្របពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាមានភាពតានតឹង ហើយលោកសម រង្ស៊ី ក៏កំពុងទទួលរងបណ្តឹង និងការកាត់ទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ជាបន្តបន្ទាប់។ ករណីទាំងនោះ រួមមានបណ្តឹងពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ករណីបរិហារកេរ្តិ៍លោកហេង សំរិន ប្រធានរដ្ឋសភា និងបណ្តឹងបរិហារកេរ្តិ៍លោកហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសជាដើម។
នារសៀលថ្ងៃអាទិត្យ លោកសម រង្ស៊ី ដែលឥឡូវនេះក្លាយជាប្រជាពលរដ្ឋធម្មតា បានបង្ហោះវីដេអូតាមទំព័រ Facebook របស់លោក ដោយបានប្រាប់ពីមូលហេតុនៃការលាលែងចេញពីតំណែងនេះថា ដើម្បីការពារកុំឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិ។
លោកមានប្រសាសន៍ថា៖
«បើខ្ញុំនៅធ្វើជាប្រធាន ហើយបើគណបក្សត្រូវគេរំលាយ តើវាមានន័យអី? វាខូចខាតដល់ផលប្រយោជន៍យើង ផលប្រយោជន៍គណបក្ស ផលប្រយោជន៍ជាតិ។ យើងចង់បានអី? យើងចង់បានការបោះឆ្នោត ដោយសារយើងចង់បានការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត ដែលគេមានបំណងរំលាយគណបក្សយើង ហើយបើគណបក្សយើងរលាយ យើងអត់បានចូលរួមក្នុងការបោះឆ្នោត យើងក៏បាត់បង់ឱកាសជាប្រវត្តិសាស្រ្តដែលនាំមកនូវការផ្លាស់ប្តូរដែលប្រជាពលរដ្ឋខ្មែរចង់បាន»។
នៅថ្ងៃច័ន្ទនេះ រដ្ឋសភាជាតិបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទៅតាមការស្នើរបស់តំណាងរាស្ត្រគណបក្សកាន់អំណាចចំនួន៦០រូប ដើម្បីកែច្បាប់ស្ដីពីគណបក្សនយោបាយ។ ការស្នើរបស់ក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាចនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាឲ្យអ្នកក្រោមឱវាទរបស់លោកសរសេរសំណើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនឹងកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សនយោបាយត្រូវតែជាជនគ្មានទោសពៃរ៍។
លោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង បានបង្ហោះសារលើទំព័រ Facebook របស់លោកជាមួយនិងលិខិតលាលែងពីប្រធានគណបក្ស និងសមាជិកគណបក្សសង្គ្រោះជាតិ។
លោកបានសរសេនៅក្នុងសម្រង់ន័យដើមថា៖
«ច្បាប់នេះនឹងរៀបចំឲ្យមានប្រព័ន្ធគណបក្សតែមួយឡើងវិញ ដូចកាលពីសម័យកុម្មុយនិស្ត»។
លោកក៏បានវាយប្រហារទៅលើរដ្ឋសភាជាតិថា ជារដ្ឋសភាទីងមោងរបស់គណបក្សកាន់អំណាចរបស់លោកហ៊ុន សែន ដែលតែងតែចង់រំលាយគណបក្សប្រឆាំង៕