ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការលាលែង​ពី​តំណែង​របស់​លោក សម រង្ស៊ី ជា​ជ័យជម្នះ​របស់​បក្ស​ប្រឆាំង ​ឬ​ បក្ស​កាន់​អំណាច?


រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ មុន​ពេល​លោក​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​បាន​ចូលរួម​ពិភាក្សា​អំពី​«‍ការ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា៖ ការ​ឯកភាព​នៃ​គណបក្ស​ប្រឆាំង» នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ព្រឹក​ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ មុន​ពេល​លោក​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​បាន​ចូលរួម​ពិភាក្សា​អំពី​«‍ការ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា៖ ការ​ឯកភាព​នៃ​គណបក្ស​ប្រឆាំង» នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ព្រឹក​ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

ក្នុង​វីដេអូ​ដែល​លោក​ផ្តល់​ការបកស្រាយ​ទៅ​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះជាតិ​តាម​រយៈ​ប្រព័ន្ធ ​Skype លោក សម រង្ស៊ី បាន​បញ្ជាក់​ថា លោក​មិន​ចង់​ឃើញ​គណបក្ស​របស់​លោក​ត្រូវ​បាន​រំលាយ។

សំណួរ​ត្រូវ​បាន​លើក​ឡើង​ថា ​តើ​ការ​ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​របស់ លោក សម រង្ស៊ី ​កាល​ពី​ថ្ងៃ​សៅរ៍ ជា​ប្រធាន​ និង​ជា​សមាជិក​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ​ជា​ជ័យជំនះ​របស់​គណបក្ស​កាន់​អំណាច ឬ គណបក្ស​ប្រឆាំង។ ការ​ប្រកាស​លាលែង​ពី​តំណែង​នៃ​ប្រធាន​គណបក្ស​ប្រឆាំង​នេះ​ ជា​ការ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ អ្នកនយោបាយ អ្នកគាំទ្រ​រូប​លោក ​និង​ប្រជាជន​កម្ពុជា​ទូទៅ។

មេ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយ​ភាព​ លោក សម រង្ស៊ី និង​គូ​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជា​ច្រើន​ឆ្នាំ​មក​ហើយ​រូប​នេះ មាន​ប្រសាសន៍​ថា ការ​លាលែង​របស់​លោក​គឺ​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​វីដេអូ​ដែល​លោក​ផ្តល់​ការបកស្រាយ​ទៅ​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះជាតិ​តាម​រយៈ​ប្រព័ន្ធ ​Skype លោក សម រង្ស៊ី បាន​បញ្ជាក់​ថា លោក​មិន​ចង់​ឃើញ​គណបក្ស​របស់​លោក​ត្រូវ​បាន​រំលាយ។ លោក​មាន​ប្រសាសន៍​ថា៖

«បើ​ខ្ញុំ​នៅ​ធ្វើ​ជា​ប្រធាន ហើយ​បើ​គណបក្ស​ត្រូវ​គេ​រំលាយ​ តើ​វា​មាន​ន័យ​អី​ វា​ខូច​ខាត​ដល់​ផល​ប្រយោជន៍​យើង​ ផល​ប្រយោជន៍​គណបក្ស ផល​ប្រយោជន៍​ជាតិ។ យើង​ចង់​បាន​អី យើង​ចង់​បានការបោះឆ្នោត…»។

រូបឯកសារ៖ លោក​កឹម សុខាប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​។​ (​ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​កឹម សុខាប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​។​ (​ឡេង ឡែន/VOA)

មួយ​ថ្ងៃ​បន្ទាប់​ពី​លោក សម រង្ស៊ី លាលែង​ពី​តំណែង​ជា​ប្រធាន​បក្ស លោក កឹម សុខា ដែល​ជា​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង តាំង​ពី​លោក សម រង្ស៊ី និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ មាន​ប្រសាសន៍​ថា​ការ​លែង​ពី​តំណែង​នេះ​ ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​សមាជិក​បក្ស។​ លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា៖

«ការ​សម្រេច​ចិត្ត​លាលែង​ពី​ប្រធាន​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​របស់​ឯក​ឧត្តម​ សម រង្ស៊ី គឺ​ជា​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​កិត្តិយស ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស ដើម្បី​ផល​ប្រយោជន៍​ជាតិ​ និង​គណបក្ស​ជា​ធំ។ គណបក្ស​សង្គ្រោះ​ជាតិ​ស្គាល់​ពី​ខ្លួន​ឯង​ច្បាស់​ ដឹង​ថា​ខ្លួន​កើត​ចេញ​ពី​ណា​និង​ដើម្បី​អ្វី»។

មុន​ការ​លា​លែង​ពី​តំណែង​ លោក សម រង្ស៊ី គណបក្ស​ប្រឆាំង​ និង​មន្រ្តី​គណបក្ស​ប្រឆាំង​បាន​ប្រឈម​នឹង​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មាន​ការ​ប្តឹង​ផ្តល់​តាម​ប្រព័ន្ធ​តុលាការ​ជា​បន្តបន្ទាប់ ការ​ដក​អភ័យ​ឯក​សិទ្ធិ​ជា​តំណាងរាស្ត្រ​ពី​រូប​លោក និង​ការ​លុប​ចោល​តំណែង​ប្រធាន​មតិ​ភាគ​តិច​នៃ​រដ្ឋ​សភា ដែល​លោក និង​លោក ហ៊ុន សែន បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៤។

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)
លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)

លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា ចង់​បំបែកបំបាក់ ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​បាន​ចាប់​ដៃ​គ្នា​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១២ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​របស់ លោក ហ៊ុន សែន កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

លោក សម រង្ស៊ី កំពុង​ប្រឈម​នឹង​ការ​ប្តឹង​ផ្តល់​ពី​លោក ហ៊ុន សែន លើ​ករណី​មួយ​ចំនួន។ ករណី​ចុង​ក្រោយ​មាន​បណ្តឹង​ប្រឆាំង​រូប​លោក ពី​ការថ្លែង​ថា ​លោក ហ៊ុន​ សែន បាន​ឲ្យ​លុយ​១លាន​ដុល្លារ​អាមេរិក​ដល់​សកម្មជន​ហ្វេសប៊ុក ធី សុវណ្ណថា ដើម្បី​វាយ​ប្រហារ​គណបក្ស​សង្រ្គោះ​ជាតិ។ លោក ហ៊ុន សែន ក៏​បាន​ប្តឹង​លោក សម រង្ស៊ី ចំពោះ​ការ​អត្ថាធិប្បាយ​ថា រដ្ឋ​អំណាច​នៅ​ពី​ក្រោយ​ការ​សម្លាប់​អ្នក​វិភាគ លោក កែម ឡី ផងដែរ។ ប្រសិន​បើ​រក​ឃើញ​កំហុស លោក សម រង្ស៊ី នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ។

កាល​ពី​ចុង​ខែ​មករា ឆ្នាំ២០១៧ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​មាន​ការកែ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ឆ្នាំ​១៩៩៨ ដោយ​ចែង​ថា​ទណ្ឌិត​មិន​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ​ណា​មួយ​បាន​នោះ​ទេ។ ការ​ស្នើ​ច្បាប់​នេះ គឺ​ដើម្បី​បញ្ចប់​តំណែង​ជា​ប្រធាន​គណបក្ស​របស់​លោក សម រង្ស៊ី ខណៈ​លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ដោយ​សារ​បណ្តឹង​បរិហាររកេរ្តិ៍​របស់​អតីត​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង។

ពីរ​ថ្ងៃ​បន្ទាប់​មក​ លោក ហ៊ុន សែន បាន​វាយ​ប្រហារ​ធ្ងន់ៗ​ទៅ​លើ​លោក សម រង្ស៊ី នៅ​ក្នុង​រដ្ឋ​សភា និង​បាន​ស្នើ​ជា​ថ្មី​ទៀត ឲ្យ​មាន​ការកែ​ច្បាប់​គណបក្ស​ ដោយ​លោក​និយាយ​ថា ​នឹង​រំលាយ​គណបក្ស​នយោបាយ​ ប្រសិនបើ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​នោះ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ។

ទោះ​ជាយ៉ាងណា​ គេ​មិន​ដឹង​ច្បាស់​ថា​លោក ហ៊ុន សែន នឹង​ហ៊ាន​រំលាយ​គណបក្ស​ប្រឆាំង​ឬ​យ៉ាងណា​នោះ​ទេ។

តាមរយៈការ​គំរាមចុង​ក្រោយ​នេះ លោក សម រង្ស៊ី បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ។

តើ​នេះជា​យុទ្ធសាស្រ្ត​ល្អនិង​ចុង​ក្រោយ​របស់​លោក​ សម រង្ស៊ី ឬ?

លោកស្រី Elizabeth Becker ជា​អ្នកកាសែត​អាមេរិក​ល្បី​ឈ្មោះ​ម្នាក់​ដែល​សរសេរ​សៀវភៅ​អំពី​ប្រវត្តិនៃ​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា​បាន​ប្រាប់ VOAថា​ការ​លាលែង​របស់​លោក​ សម រង្ស៊ី នៅ​ពេល​នេះ​ជា​ការសម្រេចចិត្ត​ដ៏​សមស្រប​មួយ។

លោកស្រី Elizabeth Becker ជា​អ្នកកាសែត​អាមេរិក​ល្បី​ឈ្មោះ​ម្នាក់​ដែល​សរសេរ​សៀវភៅ​អំពី​ប្រវត្តិនៃ​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា​។
លោកស្រី Elizabeth Becker ជា​អ្នកកាសែត​អាមេរិក​ល្បី​ឈ្មោះ​ម្នាក់​ដែល​សរសេរ​សៀវភៅ​អំពី​ប្រវត្តិនៃ​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា​។

លោកស្រី​មាន​ប្រសាសន៍​ថា៖

«វា​ដល់​ពេល​សម្រាប់​លោក សម រង្ស៊ី លាលែង​ពី​តំណែង​ហើយ បើ​ទោះ​ជា​គ្មាន​ការគំរាម​កំហែង​របស់​លោក ហ៊ុន សែន ដាក់​ពន្ធនាគារ​រូប​លោក​និង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ក៏ដោយ។ កាលណា​លោក សម រង្ស៊ី និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​កាន់​តែ​យូរ វា​កាន់តែ​ពុំ​មាន​ប្រសិទ្ធភាព​ដែល​លោក​នឹង​ក្លាយ​ជា​មេដឹកនាំ​មួយ​រូប»។

លោក​ស្រី​បញ្ជាក់​បន្ថែម​ថា ដោយ​សារ​ការ​លាលែង​នេះ គណបក្ស​សង្រ្គោះជាតិ​នឹង​ត្រូវ​ដឹកនាំ​ដោយ​ប្រជាជន​កម្ពុជា។

លោកស្រី​មាន​ប្រសាសន៍​ថា៖

«នេះ (ការលាលែង​នេះ) នឹង​មាន​ឥទ្ធិពល​លើ​នយោបាយ​កម្ពុជា។​ ឥឡូវ​នេះ គណបក្ស​សង្រ្គោះជាតិ​នឹង​ត្រូវ​ដឹកនាំ​ដោយ​ប្រជាជន​នៅ​ក្នុង​ប្រទេស។ វា​នឹង​បង្ខំ​គណ​បក្សប្រឆាំង​នេះ​ដោះស្រាយ​ថា​តើ​នឹង​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​យ៉ាង​ដូចម្តេច»។

លោក​បណ្ឌិត​ អ៊ា សុផល​ សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យOccidental College ​នៃ​ទីក្រុង Los Angelesសហរដ្ឋ​អាមេរិក។
លោក​បណ្ឌិត​ អ៊ា សុផល​ សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យOccidental College ​នៃ​ទីក្រុង Los Angelesសហរដ្ឋ​អាមេរិក។

លោក​បណ្ឌិត​ អ៊ា សុផល​ សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យOccidental College ​នៃ​ទីក្រុង Los Angelesសហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ការវិវត្ត​នយោបាយ​ចុងក្រោយ​នៃ​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មាន​ឥទ្ធិពល​លើ​ការលាលែង​ពី​តំណែង​របស់​លោក។

លោក​ប្រាប់ VOA តាម​រយៈសារ​អេឡិចត្រូនិក​ថា៖

«វា(ការ​លាលែង​ពី​តំណែង​)ជួយ​គណបក្ស​សង្រ្គោះជាតិ​ពី​ការរំលាយ។ ប្រហែល​ជា​ពួក​គេ​នឹង​គោរព​រូប​លោក​ច្រើន​ជាង​មុន​ ដោយ​សារ​ឆន្ទៈ​របស់​លោក​ក្នុង​ការ​យក​ប្រយោជន៍​បក្ស​ធំ ជាង​ប្រយោ​ជន៍​ផ្ទាល់​ខ្លួន»។

លោក​បន្ថែម​ថា ​បើ​ទោះ​ជា​លោក សម រង្ស៊ី បាន​លាលែង​ពី​បក្ស​ប្រឆាំង​ជា​ផ្លូវការ តែ​គំនិត​របស់​លោក​នៅ​តែ​រក្សា​នៅ​ក្នុង​បក្ស​ដដែល។

លោក​សុផល​បន្ថែម​ថា៖

«វាគ្រាន់​តែ​មាន​ន័យ​ថា​គាត់​មិន​អាច​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ផ្លូវការ»។

លោក​ អ៊ា សុផល បាន​ប្រៀប​ធៀប​ករណី​នេះ​ទៅ​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​គេ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ប្រទេស​នេះ បើ​ទោះបីជា​គណបក្ស​របស់​លោកស្រី​ឈ្នះ​ឆ្នោត​កាលពី​ឆ្នាំ​មុន ដោយសារ​លោក​ស្រី​មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស។

រូបឯកសារ៖ លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ប្រាប់​អ្នកសារព័ត៌មាន​អំពី​ស្ថានភាព​នយោបាយ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA) ​
រូបឯកសារ៖ លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ប្រាប់​អ្នកសារព័ត៌មាន​អំពី​ស្ថានភាព​នយោបាយ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA) ​

លោក អ៊ូ វីរៈ ដែល​ជា​ប្រធាន​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​មួយ​រូប មាន​ប្រសាសន៍​ថា ការលាលែ​ង​នេះ​មិន​មែន​ជា​ជម្រើស​មួយ​ល្អ​នោះ​ទេ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា គណបក្ស​នេះ​អាច​រក​វិធីសាស្រ្ត​ដោះស្រាយ​ផ្សេង​ទៀត ដើម្បី​តទល់​នឹង​ការ​គំរាម​កំហែង​តាម​ផ្លូវ​ច្បាប់។

លោក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​មើល​ទៅ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ ព្រោះ​អី​គេ​គ្រាន់​តែ​គាប​ថែម​តិច​ទៅ គាត់​ចាប់​ផ្តើម​លាលែង​គ្រប់​(គ្នា)​អស់​តាំងពី​យូរ​អស់​ហើយ»។

ទោះ​ជាយ៉ាងណា​ លោក​វិភាគ​ថា​គំនាប​ផ្លូវ​ច្បាប់​ចុង​ក្រោយ​មិន​មែន​ជា​មូល​ហេតុ​តែ​មួយ​ទេ ​ដែល​នាំ​ឲ្យ​លោក សម រង្ស៊ី លាលែង​ពី​តំណែង​នោះទេ។លោក​ថា អាច​មក​ពី​បញ្ហា​គ្រួសារ​និង​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​នៃ​ការ​ដឹកនាំ​គណបក្ស។

នៅ​ពេល​សួរ​ថា​តើ​ការ​លាលែង​ពី​តំណែង​របស់​លោក​សម រង្ស៊ី​ជា​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឬ​យ៉ាង​ណា​នោះ​ លោក អ៊ូ វីរៈ បញ្ជាក់​ថា៖

«វា​មិន​ប្រាកដ​នោះ​ទេ។ គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នកឈ្នះ​នៅ​ពេល​ខ្លី តែ​មិន​មែន​រយៈ​ពេល​វែង​នោះ​ទេ»។

ទោះ​ជា​យ៉ាងណា​ លោក​ថា​ការលា​លែង​នេះ​អាច​ប៉ះ​ពាល់​បន្តិច​ដែរ​ដល់​ទឹក​ចិត្ត​អ្នក​គាំទ្រ​របស់​លោក​ ដោយ​សារ​លោក​ប្រកាស​លាលែង​ ដោយ​មិន​មាន​សមាជ​របស់​គណបក្ស។

អ្នក​ស្រាវ​ជ្រាវ​នយោបាយ​ជា​ជនជាតិ​អូស្ត្រាលី​ លោក Lee Morgenbesser ប្រាប់​VOA​ថា ការលាលែង​នេះ​ជា​យុទ្ធសាស្រ្ត​ល្អ​សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ​ ដោយសារ​លោក សម រង្ស៊ី អាច​ជួយ​គណបក្ស​ប្រឆាំង​ដោយ​ប្រយោល។

លោក​បញ្ជាក់​ថា៖

«ពិត​មែន​ហើយ (ជា​យុទ្ធសាស្រ្ត​ល្អ)។ ការលាលែង​នេះ លោក​នឹង​នៅ​តែ​អាច​បម្រើ​បក្ស​ប្រឆាំង​តាម​ផ្លូវ​មួយ​ដែល​មិន​ចំ​ដោយ​ផ្ទាល់និង​មិន​ផ្លូវការ។ ​ ជាមួយ​តំណែង​មិន​ផ្លូវ​ការ​នេះ លោក​នៅ​តែ​អាច​បង្ហាញ​ថា​លោក​កាន់តែ​ជា​ឧបសគ្គសម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។ មាន​តែ​ពេល​វេលា​ទេ ដែល​អាច​បញ្ជាក់​បាន»។

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា​បើ​ទោះជា​លោក​ សម រង្ស៊ី មិន​លាលែង លោក​នៅ​តែ​បាត់បង់​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​មាន​ការ​កែ​ច្បាប់​គណបក្ស​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​រៀបចំ។

លោក​មាន​ប្រសាសន៍​ថា៖

«ការលាលែង​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់​ទេ។ ខ្ញុំ​មើល​ទៅ ទស្សនៈ​វិស័យ ​អនាគត​របស់​គាត់​គង់​នឹង​ចប់​រលត់​ទេ»។

លោក​បញ្ជាក់​ទៀត​ថា៖ «អញ្ចឹង​គាត់​លា​លែង​មុន អាហ្នឹង​ជា​ការភ្ញាក់​រឭក​មួយ ក៏ប៉ុន្តែការ​ភ្ញាក់​រឭក​នេះ អត់​ស្រប​តាម​ពេល​វេលា»។

បើ​ទោះ​ជា​លោក សម រង្ស៊ី លាលែង​ពី​តំណែង​ទៅ​ហើយ​ក្តី លោក សុខ ឥសាន មាន​ប្រសាសន៍​ថា រដ្ឋសភា នឹង​បន្ត​កែ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ដោយ​លោក​ថា​ច្បាប់​នេះ​មិន​មែន​ផ្តោត​តែ​លើ ​លោក សម រង្ស៊ី ម្នាក់​នោះ​ទេ គឺ​លើ​គណបក្ស​នយោបាយ​ទាំងអស់។

លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ចាប់តាំង​ពីចុង​ឆ្នាំ​២០១៥។ រដ្ឋាភិបាល​បាន​បិទ​ផ្លូវ​លោក​មិន​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជាវិញ ដោយ​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​លក់​សំបុត្រ​យន្តហោះ​ឲ្យ​រូប​លោក។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា​លោក​អាច​នឹង​ត្រូវ​លើក​លែង​ទោស​ ហើយ​អនុញ្ញាត​ឲ្យ​ចូល​រួម​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឬ​យ៉ាងណា​នោះ​ទេ​ ដោយ​សារ​លោក​ ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​មក​លើ​រូប​លោក​ជា​បន្ត​បន្ទាប់។

ក្រោយ​ពី​ការ​ប្រកាស​លាលែង​របស់​លោក សម រង្ស៊ី គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​បើក​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​នាយក ដោយ​សម្រេច​ទុក​តំណែង​ប្រធាន​គណបក្ស​ទំនេរ​មួយ​រយៈ។ គណបក្ស​បាន​ប្រគល់​សិទ្ធិ​ដល់ ​លោក កឹម សុខា ដែល​ជា​ប្រធាន​ស្តីទី​ ឲ្យ​ដឹកនាំ​បក្ស រហូត​ដល់​មាន​ការជ្រើស​រើស​ប្រធាន​គណបក្ស​ថ្មី។

បន្ទាប់ពី​ការ​លាលែង​ពីតំណែង​របស់​សម រង្ស៊ី ​សារព័ត៌មាន​Fresh News ដែល​តែងតែ​ផ្សព្វផ្សាយ​ឯកសារ​ផ្លូវការ​របស់​រដ្ឋាភិបាល ​និង​រឿង​អាស្រូវ​ផ្លូវ​ភេទ​និង​ស្នេហា​របស់​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ បាន​បង្ហោះ​លិខិត​មួយ​ច្បាប់​ដែល​គណ​បក្ស​ប្រឆាំង​ចាត់​ទុកថា​ជា​លិខិត​ក្លែង​ក្លាយ។ក្នុង​លិខិត​នោះ ​លោក សម រង្ស៊ី បាន​ណែនាំ​ឲ្យ​លោក កឹម សុខា ជ្រើស លោកស្រី ជូឡុង សូមួរ៉ា ដែល​ជា​ភរិយា​របស់​លោក សម រង្ស៊ី​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក កឹម សុខា ដែល​ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៥ខែ បន្ទាប់ពី​លោក​បដិសេធ​មិន​ចូល​ទៅ​តុលាការ​តាម​ការកោះហៅ​ដើម្បី​មក​ឆ្លើយ​បំភ្លឺ​សំណុំ​រឿង​អាស្រូវ​ស្នេហា​ ក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​ទម្លាយ​សារ​ជា​សំឡេង​មួយ​ទៀត​ដែល​លាត​ត្រដាង​ពី​ស្នេហា​សម្ងាត់​របស់​លោក​ជាមួយ​នារី​ម្នាក់​ផ្សេង​ទៀត។​ រហូត​មកដល់​ពេល​នេះ សមាជិក​សភា​របស់​គណបក្ស​សង្រ្គោះជាតិ​ប្រមាណ​១០នាក់ ត្រូវ​បាន​សារ​ព័ត៌មាន​Fresh Newsនិង​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ទម្លាយ​រឿង​អាស្រូវ​ស្នេហា​និង​ផ្លូវ​ភេទ។

លោក អ៊ូ វីរៈ យល់​ឃើញ​ថា​គណបក្ស​នឹង​មិន​ដាក់​ភរិយា​របស់​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​នោះ​ទេ តែ​លោក​ថា​អ្នក​ទទួល​តំណែង​នោះ​អាច​ជា​មនុស្ស​ដែល​ស្និទ្ធិ​នឹង​លោក សម រង្ស៊ី។

លោក សម រង្ស៊ី បាន​ចាប់ដៃ​ជាមួយ​លោក កឹម សុខា ក្នុងការ​បង្កើត​គណបក្ស​សង្រ្គោះជាតិ​កាល​ពី​ ឆ្នាំ​២០១២ ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​លោក ហ៊ុន សែន។

លោក សម រង្ស៊ី បាន​ចាប់​ផ្តើម​ជីវិត​នយោបាយ​របស់​លោក​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ។លោក​បាន​ក្លាយជា​តំណាង​មួយ​រូប​របស់​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​កាល​ពី​ឆ្នាំ​១៩៨៩។ ក្នុង​ឆ្នាំ១៩៩៣ លោក​បាន​ត្រឡប់​មក​កម្ពុជា​វិញ ហើយធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ខណៈ​លោក​ត្រូវ​បាន​ជ្រើស​រើស​ជា​តំណាង​រាស្រ្ត​មណ្ឌល​សៀមរាប។

ក្នុង​ឆ្នាំ១៩៩៤ លោក សម រង្ស៊ី ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ហើយ​បន្ទាប់​មក ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ១៩៩៥ លោក​បាន​បង្កើត​«គណបក្ស​ជាតិ​ខ្មែរ» ដែល​ក្រោយ​មក លោក​បាន​ដូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​សម រង្ស៊ី៕

XS
SM
MD
LG