សកម្មជនគណបក្សសង្គ្រោះជាតិមួយរូបក្នុងចំណោមសកម្មជន និងមន្រ្តីបក្សប្រឆាំងធ្លាប់ជាប់ឃុំជាច្រើនរូបទៀត ក្លាយជាជនដំបូងដែលបានបាត់បង់ជីវិតដោយសារជំងឺក្រោយចេញពីពន្ធនាគារ បន្ទាប់ពីមានការបង្រ្កាប និងចាប់ឃុំខ្លួនក្រុមប្រឆាំងចាប់តាំងពីឆ្នាំ២០១៣មក។
លោក យា ថុង គឺជាអ្នកទិញលក់ម៉ូតូនៅផ្សារអូរឬស្សី និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដ៏សកម្មមួយរូប។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីឆ្នាំ២០១៥ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ជាមួយក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ៨នាក់ផ្សេងទៀត ពីបទ«ចូលរួមចលនាកុប្បកម្មដោយហិង្សា» នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤។ ក្រោយអនុវត្តទោសក្នុងពន្ធនាគារបានជាង៣ឆ្នាំ លោកត្រូវបានដោះលែងកាលពីខែសីហា ឆ្នាំ២០១៨។
អតីតអ្នកទោសដែលត្រូវបានគេហៅថា «អ្នកទោសនយោបាយ» រូបនេះ បានបាត់បង់ជីវិតក្នុងវ័យ ៤៥ឆ្នាំ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយសារជំងឺពុកឆ្អឹងចង្កេះ និងបានបន្សល់ទុកភរិយា និងកូនចំនួន៣នាក់ឲ្យនៅកំព្រា។
លោក អ៊ុំ សំអាន អតីតអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលជាប់ឃុំក្នុងបន្ទប់ពន្ធនាគារជាមួយលោក យា ថុង ប្រាប់ VOA កាលពីថ្ងៃអាទិត្យថា ខណៈនៅក្នុងពន្ធនាគារក្នុងរយៈពេលមួយឆ្នាំចុងក្រោយ លោក យា ថុង មានអាការៈឈឺចង្កេះខ្លាំង រហូតស្នើសុំទៅខាងមន្រ្តីពន្ធនាគារដើម្បីទៅពេទ្យ ពិនិត្យ និងព្យាបាល ប៉ុន្តែលោកថា ខាងពន្ធនាគារមិនអនុញ្ញាតឲ្យចេញ។ លោកបន្ថែមថា លោក យា ថុង គឺជាសកម្មជនគណបក្សសង្គ្រោះជាតិតែម្នាក់គត់ ដែលបានបាត់បង់ជីវិតក្រោយចេញពីពន្ធនាគារជាមួយមន្រ្តី និងសកម្មជនគណបក្សសង្គ្រោះជាតិជាប់ឃុំប្រមាណជា២០រូបផ្សេងទៀត។
លោក អ៊ុំ សំអាន បន្ថែមថា ប្រសិនបើខាងពន្ធនាគារអនុញ្ញាតឲ្យលោក យា ថុង ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យនាពេលនោះ លោក យា ថុង អាចទទួលបានការព្យាបាលទាន់ពេល។
អតីតអ្នកតំណាងរាស្រ្តបក្សប្រឆាំងដែលត្រូវបានជាប់ពន្ធនាគារដោយសារបញ្ហាព្រំដែនរូបនេះ ប្រាប់ VOA ពីសហរដ្ឋអាមេរិកថា ខាងពន្ធនាគារគួរយកចិត្តទុកដាក់លើអ្នកជាប់ឃុំដែលមានបញ្ហាសុខភាពឲ្យបានស្មើគ្នា ខណៈក្នុងមន្ទីរឃុំឃាំងមានការខ្វះខាតទាំងពេទ្យជំនាញ និងថ្នាំសម្រាប់ព្យាបាល។
លោកបញ្ជាក់ថា៖
«ឃើញភាពអយុត្តិធម៌រវាងមន្រ្តី អតីតមន្រ្តីរបស់គណបក្សប្រជាជន ហើយនិងអ្នកមានអំណាចមានលុយហ្នឹង គឺគាត់មិនមែនត្រឹមទៅព្យាបាលនៅមន្ទីរពេទ្យហ្នឹងទេ គឺទៅស្នាក់នៅក្នុងមន្ទីរពេទ្យហ្នឹងតែម្តង។ ហើយយើងឃើញក្នុងពន្ធនាគារអញ្ចឹងដែរ អ្នកមានលុយអញ្ចឹងដែរ អាចទៅព្យាបាលនៅទីហ្នុងមួយយប់ ពីរយប់ ហើយអាចទៅលឿនទៀត។ បើពួកខ្ញុំគឺមិនអាចសុំគេងបានទេ ហើយលោក យា ថុង គឺមិនឲ្យទៅតែម្តង។ អាហ្នឹងយើងឃើញភាពអយុត្តិធម៌ក្នុងពន្ធនាគារ»។
ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៣ ពោលគឺគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ទទួលបានការគាំទ្រជិតពាក់កណ្តាលប្រទេស គេឃើញក្រុមតំណាងរាស្រ្ត មន្រ្តីជាន់ខ្ពស់ និងសកម្មជនគណបក្សនេះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ជាបន្តបន្ទាប់។
មន្រ្តី និងសកម្មជនប្រមាណជាជាង២០នាក់ ដែលត្រូវបានចោទប្រកាន់ឃុំខ្លួន និងកាត់ទោស ត្រូវបានដោះលែងវិញជាបន្តបន្ទាប់ ខណៈស្ថានភាពនយោបាយមានភាពប្រសើរឡើង ក្រោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈ្នះការបោះឆ្នោត ដោយមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិដោយសារគណបក្សនេះត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកស្រី ម៉េង សុភារី មេធាវីការពារក្តីឲ្យលោក យា ថុង លើកឡើងថា ក្នុងអំឡុងពេលកូនក្តីរបស់អ្នកស្រីស្ថិតក្នុងពន្ធនាគារ អ្នកស្រីបានស្នើទៅតុលាការដើម្បីឲ្យកូនក្តីរបស់អ្នកស្រីបានពិនិត្យជំងឺ ប៉ុន្តែអ្នកស្រីថា ខាងតុលាការបដិសេធដោយសំអាងលើរបាយការណ៍របស់ពន្ធនាគារ។
អ្នកស្រីបញ្ជាក់ថា៖
«ជៀសវាងមានបញ្ហាធ្ងន់ធ្ងរណាមួយកើតឡើងជាយថាហេតុ យើងស្នើសុំឲ្យគាត់ទៅធ្វើការពិនិត្យ និងព្យាបាល ថាជាជំងឺអ្វី។ ហើយក្រោយមកទៀតនោះយើងក៏បានស្នើសុំឲ្យគ្រូពេទ្យអង្គការលីកាដូទៅពិនិត្យគាត់ក្នុងមន្ទីរឃុំឃាំងផងដែរ ប៉ុន្តែសំណើរបស់យើងក៏ត្រូវបានតុលាការច្រានចោលដែរ»។
បុណ្យសពគម្រប់៧ថ្ងៃរបស់លោក យា ថុង ត្រូវបានធ្វើឡើងកាលពីពីរសប្តាហ៍មុននៅស្រុកកំណើតរបស់លោក ឯស្រុកសំរោងខេត្តតាកែវ។
លោកស្រី ប៉ុល រំដួល ភរិយារបស់លោក យា ថុង ប្រាប់ VOA ថាស្វាមីរបស់អ្នកស្រីគឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយរូប និងថានៅពេលដែលស្វាមីរបស់លោកស្រីត្រូវបានចាប់ខ្លួនដាក់ឃុំក្នុងពន្ធនាគារដំបូង លោកមិនទាន់មានបញ្ហាជំងឺណាមួយនៅឡើយ។
លោកស្រីបន្ថែមថា ស្វាមីរបស់លោកស្រីចាប់ផ្តើមមានជំងឺឈឺចង្កេះក្នុងអំឡុងពេលមួយឆ្នាំចុងក្រោយចាប់តាំងពីពេលដែលគាត់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ រហូតមានអាការៈធ្ងន់ធ្ងរដោយមិនមានការអនុញ្ញាតឲ្យលោកចេញទៅព្យាបាលនៅមន្ទីរពេទ្យ។
លោកស្រី ប៉ុល រំដួល បន្ថែមថា ស្វាមីលោកស្រីនឹងមិនត្រូវបាត់បង់ជីវិតបែបនេះទេ ប្រសិនបើស្វាមីរបស់លោកស្រីបានចេញទៅពិនិត្យ និងព្យាបាលទាន់ពេលក្នុងអំឡុងស្ថិតក្នុងពន្ធនាគារ។
លោកស្រីបញ្ជាក់ថា៖
«បើសិនជាគាត់អនុញ្ញាតឲ្យប្តីបងចេញទៅពិនិត្យសុខភាពទាន់ពេលវេលា ប្រហែលជាប្តីបងមិនស្លាប់ទេ។ ព្រោះអីគាត់បានពិនិត្យជំងឺដឹងពីអាការៈរោគជំងឺរបស់គាត់ អញ្ចឹងទៅពេទ្យគាត់អាចវាយថ្នាំឲ្យគាត់ត្រូវ។ ធម្មតាយើងឈឺអ្វីមួយពេទ្យគេតែងតាមដានយើងហើយ។ ដល់ពេលគាត់អត់មានអនុញ្ញាតអញ្ចឹង ធ្វើឲ្យគាត់ឈឺចុកចាប់ទៅ យកតែថ្នាំបំបាត់ឈឺចុកចាប់ ថ្នាំប៉ារ៉ា ថ្នាំក្តៅខ្លួនថ្នាំអីឲ្យគាត់ញ៉ាំ បានតែមួយគ្រា។ អញ្ចឹងទៅជំងឺហ្នឹងកាន់តែធ្ងន់ទៅៗ។ ខ្ញុំថា ដូចជាមានភាពអយុត្តិធម៌សម្រាប់ប្តីបងខ្លាំងមែនទែន»។
បើតាមអ្នកស្រី ម៉េង សុភារី ចាប់តាំងពីក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣មក មន្រ្តី និងសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើនរូបត្រូវបានចាប់ខ្លួន និងទើបត្រូវបានដោះលែងវិញនៅក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
អ្នកស្រីបញ្ជាក់ថា រហូតមកដល់ពេលនេះ លោក យា ថុង គឺជាជនទី១ដែលបានបាត់បង់ជីវិតក្រោយចេញពីពន្ធនាគារ ខណៈអតីតចៅសង្កាត់ប៉ោយប៉ែតមកពីគណបក្សសង្គ្រោះជាតិ គឺលោក ចៅ វាសនា កំពុងស្ថិតក្នុងការឃុំឃាំងទាំងមានជំងឺ និងមិនទាន់មានការជំនុំជម្រះក្តី បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧។
លោក នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារបានច្រានចោលចំពោះការលើកឡើងរបស់ភរិយា និងមេធាវីរបស់លោក យា ថុង ដែលថា លោក យា ថុង បាត់បង់ជីវិតដោយសារពន្ធនាគារមិនអនុញ្ញាតឲ្យចេញទៅព្យាបាលជំងឺខណៈកំពុងជាប់ពន្ធនាគារ។
លោកប្រាប់ VOA ថា ពន្ធនាគារមិនធ្លាប់ទទួលបានលិខិតស្នើសុំទៅព្យាបាលជំងឺណាមួយពីក្រុមគ្រួសារ និងមេធាវីរបស់លោក យា ថុង នោះទេ និងថា លោកក៏មិនធ្លាប់ទទួលបានរបាយការណ៍អំពីជំងឺធ្ងន់ធ្ងរណាមួយពាក់ព័ន្ធនឹងលោក យា ថុង ពីមន្រ្តីពន្ធនាគារនោះដែរ។
លោកបញ្ជាក់ថា៖
«អានេះគឺជាអ្វីដែលខ្ញុំបានស្រាវជ្រាវកន្លងមកទាក់ទងនឹងប្រវត្តិសុខភាពរបស់គាត់។ ដល់អញ្ចឹងពេលដែលភរិយាគាត់លើកឡើងហ្នឹង អាហ្នឹងខ្ញុំអត់ដឹងថាជាការអះអាងផ្អែកទៅលើគ្រូពេទ្យឯករាជ្យដែលវាយតម្លៃថា គាត់ពិតជាស្លាប់ដោយសារការធ្វេសប្រហែសរបស់យើង ឬអត់ ព្រោះអត់ដែលឃើញគាត់ស្នើសុំយើងទៅព្យាបាលនៅខាងក្រៅ សាម៉ីខ្លួនហ្នឹង»។
លោក នុត សវនា បន្ថែមថា ពន្ធនាគារនៅទូទាំងប្រទេស តែងមានការពិនិត្យលើអ្នកជាប់ឃុំ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ប្រសិនបើអ្នកជាប់ឃុំណាមួយមានអាការៈជំងឺធ្ងន់ធ្ងរ។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១៨ កាលពីពាក់កណ្តាលខែកុម្ភៈឆ្នាំ២០១៩នេះថាបច្ចុប្បន្ន អ្នកជាប់ឃុំនៅពន្ធនាគារទាំងអស់មានចំនួនជាង៣ម៉ឺននាក់។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា ជាទូទៅពេទ្យក្នុងពន្ធនាគារមិនមានធនធាន និងឧបករណ៍គ្រប់គ្រាន់សម្រាប់ពិនិត្យ ឬមិនអាចមានលទ្ធភាពក្នុងការព្យាបាលជំងឺសំខាន់ៗសម្រាប់អ្នកជាប់ឃុំនោះទេ។ លោកបន្ថែមថា អ្នកជាប់ឃុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើសុំទៅពិនិត្យ និងព្យាបាលជំងឺនៅខាងក្រៅពន្ធនាគារ ដោយមិនមានការរើសអើង។
លោកមានប្រសាសន៍ថា៖
«បញ្ហាសុខភាពបញ្ហាជំងឺវាជាបញ្ហាចម្បងជាពិសេសគឺជំងឺធ្ងន់ធ្ងរហ្នឹងតែម្តង។ ហើយបើសិនជាគាត់ស្នើសុំហើយមិនអនុញ្ញាត អាហ្នឹងវាជាការរំលោភទៅលើសិទ្ធិរបស់គាត់ធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ អាចបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត។ អញ្ចឹងការធ្វើអញ្ចឹងគឺវាជាការរំលោភដល់សិទ្ធិរបស់គាត់។ ដូចខ្ញុំជម្រាបអញ្ចឹងថា ទោះបីជាគាត់ជាអ្នកទោស ឬក៏អ្នកជាប់ឃុំឃាំងក៏ដោយ ប៉ុន្តែសិទ្ធិទទួលបានការព្យាបាលនេះ គឺមិនត្រូវបានហាមឃាត់ទេ»។
យោងតាមរបាយការណ៍របស់អង្គការលីកាដូកាលពីឆ្នាំ២០១២ បង្ហាញថា ពន្ធនាគារនៅទូទាំងប្រទេសសុទ្ធតែផ្ទុកជនជាប់ឃុំលើសពីទំហំដែលពន្ធនាគារអាចផ្ទុកបានដល់ទៅចំនួន១៧១ភាគរយ ដែលធ្វើឲ្យពន្ធនាគារនៅកម្ពុជា មានសភាពចង្អៀតណែន។
កន្លងមកគេតែងឃើញក្រុមសកម្មជន និងមន្រ្តីគណបក្សប្រឆាំង ព្រមទាំងសកម្មជនការពារសិទ្ធិមនុស្សដែលជាប់ឃុំ ហើយស្នើសុំទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីពេទ្យខាងក្រៅពន្ធនាគារ តែងត្រូវបានតុលាការ និងពន្ធនាគារបដិសេធ ដោយមូលហេតុថាបារម្ភខ្លាចរត់គេចជាដើម៕