គណបក្សសង្គ្រោះជាតិ បានទាមទារឱ្យតុលាការក្នុងប្រទេសកម្ពុជា ទម្លាក់បទចោទប្រកាន់លើមេដឹកនាំរបស់ខ្លួនគឺលោក កឹម សុខា ដែលកំពុងត្រូវបានជំនុំជម្រះទោសពីបទឃុបឃិតជាមួយរដ្ឋបរទេស ដោយបានហៅដំណើរការកាត់ក្ដីនេះថាគ្រាន់តែជា«ឈុតឆាកនយោបាយ ដើម្បីបិទបាំងកំហុសដែលបានរំលាយគណបក្សសង្គ្រោះជាតិ»តែប៉ុណ្ណោះ។
ការទាមទារនេះ ធ្វើឡើងក្រោយពីតុលាការក្រុងភ្នំពេញបានបញ្ចប់សវនាការរយៈពេល១ថ្ងៃកន្លះលើលោក កឹម សុខា នៅថ្ងៃទី១៦ខែមករា។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិដែលបានចេញផ្សាយនៅថ្ងៃទី១៦ខែមករាតាមទំព័រហ្វេសប៊ុករបស់អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលកម្ពុជា បានរំលាយកាលពីឆ្នាំ២០១៧នោះ បានសរសេរថា៖ «គណបក្សសង្គ្រោះជាតិ ទាមទារឱ្យតុលាការនៃរបបក្រុងភ្នំពេញទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងលើលោកប្រធាន កឹម សុខា ព្រមទាំងផ្ដល់សិទ្ធិសេរីភាពពេញលេញជូនលោក កឹម សុខា ដោយឥតលក្ខខណ្ឌ»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនពីក្នុងផ្ទះរបស់លោកក្នុងទីក្រុងភ្នំពេញកាលពីរំលងអាធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ លោកត្រូវបានដាក់ឱ្យជាប់ឃុំទាំងនៅក្នុងផ្ទះរបស់លោកនិងក្នុងមន្ទីរ ឃុំឃាំងបណ្ដោះអាសន្នអស់រយៈពេលជាង២ឆ្នាំ មុនការជំនុំជម្រះទោស។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការអនុញ្ញាតឱ្យចេញក្រៅផ្ទះ ប៉ុន្តែដោយមានលក្ខខណ្ឌថាលោកមិនអាចចេញក្រៅប្រទេស និងធ្វើសកម្មភាពនយោបាយបានឡើយ។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិដដែល បានបញ្ជាក់ថាលោក កឹម សុខា មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។
តុលាការក្រុងភ្នំពេញ គ្រោងនឹងធ្វើសវនាការជំនុំជម្រះក្តីលើលោក កឹម សុខា រយៈពេល៣ខែ។
ប្រសិនបើតុលាការរកឃើញថាលោក កឹម សុខា ពិតជាមានទោសមែន នោះលោកអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ៕