ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ឬ APHR កាលពីថ្ងៃពុធ បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។
ការអំពាវនាវរបស់អង្គការសិទ្ធិមនុស្សមួយក្នុងតំបន់អាស៊ាននេះ ធ្វើឡើងចំថ្ងៃដំបូងនៃសវនាការជំនុំជម្រះក្ដីលើលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
លោក Tom Villarin សមាជិកម្នាក់នៃអង្គការ APHR និងជាអតីតសមាជិកសភានៃប្រទេសហ្វីលីពីន បានមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា៖
«ការជំនុំជម្រះគួរឱ្យអស់សំណើចនេះ គួរតែត្រូវបានបញ្ចប់ជាបន្ទាន់និងទម្លាក់ចោលការចោទប្រកាន់ប្រឆាំងលោក កឹម សុខា»។
លោកបន្តថា មេដឹកនាំគណបក្សប្រឆាំងរូបនេះ«ត្រូវតែដោះលែងដោយឥតលក្ខខណ្ឌ»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនពីក្នុងផ្ទះរបស់លោកក្នុងទីក្រុងភ្នំពេញកាលពីរំលងអាធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងខេត្តត្បូងឃ្មុំនិងក្រោយមកត្រូវបានឃុំក្នុងផ្ទះរហូតដល់ខែវិច្ឆិកាឆ្នាំ២០១៩ ជាពេលដែលលោកត្រូវបានអនុញ្ញាតឱ្យចេញក្រៅផ្ទះ ប៉ុន្តែមិនអាចចេញក្រៅប្រទេស និងធ្វើសកម្មភាពនយោបាយបានទេ។
លោក Charles Santiago សមាជិកសភាម៉ាឡេស៊ីនិងជាប្រធានអង្គការ APHR បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍នេះថា៖
«អាជ្ញាធរកម្ពុជា មិនគួរត្រឹមតែទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ប៉ុណ្ណោះទេ តែពួកគេត្រូវតែស្តារឡើងវិញនូវសិទ្ធិទាំងឡាយរបស់លោក រួមទាំងសិទ្ធិដើរហើរដោយសេរី និងសិទ្ធិចូលប្រឡូកក្នុងវិស័យនយោបាយនិងកិច្ចការសាធារណៈផងដែរ»។
ប្រសិនបើតុលាការរកឃើញថាលោក កឹម សុខា ពិតជាមានទោសមែន នោះលោកអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ។
កាលពីថ្ងៃអង្គារ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ VOAថា សវនាការជំនុំជម្រះក្តីលើលោក កឹម សុខា អាចប្រើរយៈពេលទៅដល់៣ខែ ដោយតុលាការគ្រោងនឹងបើកសវនាការពីរថ្ងៃក្នុងមួយសប្ដាហ៍ដោយយកថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍។
សវនាការជំនុំជម្រះក្តីនេះ នឹងបន្តនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមករានេះទៀត៕