ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បញ្ចប់​ការ​សាកសួរ​លោក កឹម សុខា ថ្ងៃ​ទី​២ និង​បន្ត​ទៅ​សប្តាហ៍​ក្រោយ


លោក កឹម សុខា ​មេដឹកនាំ​បក្សជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើសំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
លោក កឹម សុខា ​មេដឹកនាំ​បក្សជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើសំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បញ្ចប់​ការ​សាកសួរ​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង ថ្ងៃទី​២ នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ ហើយ​នឹង​បន្ត​ទៅ​សប្តាហ៍​ក្រោយ​ទៀត។

ក្រោយ​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ មុន​ការ​គ្រោង​ទុក មេធាវី​ម្នាក់​របស់​លោក កឹម សុខា គឺ​លោក ផែង ហេង បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា តុលាការ​បាន​ប្រាប់​មេធាវី​ឲ្យ​ដាក់​ឯកសារ​ស្នើ​សុំ​បញ្ចាំង​វីដេអូ​ជាង​មួយ​ម៉ោង ដែល​លោក កឹម សុខា បាន​ស្នើ​សុំ ហើយ​ប្រកាស​បញ្ចប់ការ​សាកសួរ​នៅ​ថ្ងៃ​នេះ។

លោក​បាន​ថ្លែង​ថា៖ «ចៅ​ក្រម​គាត់​លើក​ហេតុ​ផលថា ចាំ​ឲ្យ​សហមេធាវី​ដាក់​ឯកសារ​ភស្តុតាង ឲ្យ​ហើយ​មុន​ថ្ងៃ​២០​នេះ​សិន»។

សវនាការ​ជំនុំ​ជម្រះ​នឹង​បន្ត​នៅ​សប្តាហ៍​ក្រោយ​បន្ត​ទៀត គឺ​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍។ នេះបើ​តាម​លោក ផែង ហេង។

លោក តាំង ស៊ុនឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​VOA​ កាល​ពី​ថ្ងៃ​អង្គារ​ថា សវនាការ​ជំនុំ​ជម្រះ​ក្តី​លើ​លោក កឹម សុខា អាច​ប្រើ​រយៈ​ពេល​ដល់​ទៅ៣​ខែ។

មេធាវី​ម្នាក់​ទៀត​របស់​លោក កឹម សុខា គឺ​លោកស្រី ម៉េង សុភារី បាន​ថ្លែង​ថា វីដេអូ​នេះ​នឹង​អាច​ត្រូវ​បញ្ចាំង​នៅ​សវនាការ​សប្តាហ៍​ក្រោយ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ឯក​ឧត្តម កឹម សុខា គាត់​បាន​បញ្ជាក់​នៅ​ក្នុង​អង្គ​សវនាការ​ថា ទីមួយ គឺ​បញ្ហា​វីដេអូ​ដែល​កាត់​ត ថា​ជា​វីដេអូ​ដែលកាត់​ត។ ហើយ​មួយ​ទៀត លោក​បាន​បញ្ជាក់​ចំណុច​កាត់​ត គឺ​នៅ​ត្រង់ណា។ គាត់​ក៏​បាន​បញ្ជាក់​ផង​ដែរ ថា​គាត់​មិន​បាន​នាំ​បរទេស​ណា មក​ឲ្យ​ប្រទូសរ៉ាយ ឬ​ក៏​ឈ្លានពាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា បាត់​ទឹក​បាត់​ដី ឬ​មួយ​ក៏​នាំ​បរទេស​មក​ឈ្លាន​ពាន​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោកស្រី​បញ្ជាក់​ថា៖ «គឺ​កាត់​ត​ពាក្យ​យុទ្ធសាស្រ្ត វា​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​ខាង​លើ​ មាន​ប្រទេស​យូហ្គោស្លាវី មានអី​ ប៉ុន្តែ​វា​បាត់​ខ្លឹមសារ មុន​ពាក្យ​ហ្នឹង​មក​ដល់។ អញ្ចឹង​មុន​ពាក្យ​ហ្នឹង អ្វី​ជា​យុទ្ធសាស្រ្ត​របស់​គាត់ គឺ​បញ្ហា​របស់​ខ្មែរ ឃ្លាន ខ្លៅ ខ្លាច»។

បើ​តាម​លោកស្រី ម៉េង សុភារី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​នៅ​បន្ត​សាកសួរ​អង្គ​ហេតុ​ពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០០៧​ដដែល ដែល​លោក កឹម សុខា បាន​ធ្វើ។

លោកស្រី​បញ្ជាក់​ថា៖ «អំពើ​របស់​កូនក្តី​របស់​ខ្ញុំ​គឺ​សុទ្ធ​តែ​ជា​អំពើ​ដែល​ត្រឹម​ត្រូវ​ស្រប​ច្បាប់ គាត់​ជា​អ្នក​ប្រជាធិប​តេយ្យ គាត់​ប្រកាន់​គោលការណ៍​សិទ្ធិមនុស្ស ហើយ​និង​ប្រជាធិបតេយ្យ គាត់​មិន​បាន​ធ្វើ​បាន​ធ្វើ​អំពើ​ទាំង​ឡាយ​ណា ធ្វើ​ឲ្យ​បាត់​បង់​ផល​ប្រយោជន៍​របស់​ជាតិ​នោះ​ទេ»។

លោកស្រី​បន្តថា លោក កឹម សុខា ក៏បាន​បញ្ជាក់​អំពី​តួនាទីស្រប​ច្បាប់​នៅ​ក្នុង​សភា ព្រឹទ្ធសភា និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០០៧។

លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​តុលាការ​រំលាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស​ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហៅ​ថា ​«ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល» ដោយ​មាន​បរទេស​នៅ​ពីក្រោយ។ ទាំង​លោក កឹម សុខា និង​សហរដ្ឋអាមេរិកបាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕

XS
SM
MD
LG