នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាសបណ្តេញអង្គការ Agape International Missions (AIM) ដែលធ្វើការប្រឆាំងការជួញដូរផ្លូវភេទ ចេញពីកម្ពុជា។ ការប្រកាសរបស់លោកហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះកើតមានឡើង ក្រោយពីស្ថាបនិកនៃអង្គការដែលមានការិយាល័យនៅរាជធានីភ្នំពេញនិងមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិកនេះ បានផ្តល់បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CNN ដែលបានចេញផ្សាយរបាយការណ៍មួយកាលពីចុងខែកក្កដា និយាយពីការណ៍ដែលម្តាយលក់កូនស្រីរបស់ខ្លួនឲ្យបម្រើសេវាផ្លូវភេទនៅកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានស្នើឲ្យអាជ្ញាធរក្នុងប្រទេសបើកការស៊ើបអង្កេតទៅលើរបាយការណ៍របស់បណ្តាញព័ត៌មានCNN និងបញ្ជាឲ្យអាជ្ញាធរបណ្តេញអង្គការ Agape International Missions ឬ(AIM) ដែលបានផ្តើមបេសកកម្មប្រឆាំងនឹងការជួញដូរផ្លូវភេទនៅកម្ពុជា តាំងពីឆ្នាំ២០០៥ ឲ្យចេញពីប្រទេសកម្ពុជា។
ថ្លែងទៅកាន់ក្រុមមន្ត្រីរដ្ឋាភិបាល និងនិស្សិតជាង៣,០០០នាក់ក្នុងពិធីចែកសញ្ញាប័ត្រមួយ រៀបចំឡើង ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន ហៅសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន CNN ថាជាការប្រមាថដល់ម្តាយដែលជាស្រ្តីកម្ពុជា។
«ការប្រមាថមួយនេះ មិនអាចអត់ឱនឲ្យបានទេ។ ដោយតម្លៃណាក៏ដោយ អង្គការមួយនេះ ត្រូវចាកចេញពីកម្ពុជា។ មិនអាចឲ្យនៅបានទៀតទេ ហើយទៅមានស្អីប៉ុន្មាន អីប៉ុន្មាន យើងយកមកចិញ្ចឹមហ្មោះ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបន្តថា ប្រទេសកម្ពុជាក្រ តែរដ្ឋាភិបាលប្រទេសនេះមិនអនុញ្ញាតឲ្យមានការប្រមាថលើប្រជាជនខ្លួនបានទេ។
«ប្រទេសខ្ញុំក្រ ប៉ុន្តែអ្នកឯងមិនអាចប្រមាថជនជាតិរបស់ខ្ញុំបានទេ អាហ្នឹងខ្ញុំសុំបញ្ជាក់»។
VOA ព្យាយាមសុំការអធិប្បាយពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតែមិនអាចទាក់ទងបានទេ នៅថ្ងៃអង្គារនេះ។ VOA ព្យាយាមសុំការអធិប្បាយផងដែរ ពីអ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរមនុស្ស និងផ្លូវភេទលើស្ត្រី និងកុមារ តែមិនទាន់អាចទាក់ទងបានទេ។
កាលពីចុងខែកក្កដា បណ្តាញព័ត៌មាន CNN បានចេញផ្សាយបទយកការណ៍ជាវីដេអូ និយាយពីការជួញដូរផ្លូវភេទនៅកម្ពុជា ជាមួយចំណងជើងអត្ថបទក្នុងការចេញផ្សាយជាលើកដំបូងថា «ក្មេងស្រីកម្ពុជាត្រូវបានម្តាយពួកគេលក់ដើម្បីបម្រើផ្លូវភេទ» ឬ ជាភាសាអង់គ្លេសថា «The Cambodian girls sold for sex by their mothers» តែដោយមានប្រតិកម្មពីមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជាបណ្តាញព័ត៌មាននេះ បានលុបពាក្យកម្ពុជា ចេញពីចំណងជើងព័ត៌មានរបស់ខ្លួន ដោយបានសរសេរថា៖ ជីវីតក្រោយការជួញដូរ៖ ក្មេងស្រីជាស្រីជាច្រើនត្រូវបានលក់ដើម្បីបម្រើផ្លូវដោយម្តាយរបស់ពួកគេ» ឬជាភាសាអង់គ្លេសថា «Life after trafficking: The girls sold for sex by their mothers»។
ក្នុងពេលធ្វើសេចក្តីរាយការណ៍នោះ អ្នកយកព័ត៌មានរបស់បណ្តាញព័ត៌មានCNN ដែលមានទីតាំងនៅសហរដ្ឋអាមេរិកមួយនេះ បានចុះមកយកព័ត៌មាននៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ហើយបានសម្ភាសន៍ជាមួយលោក Don Brewster ស្ថាបនិកអង្គការ Agape International Missions (AIM) ដែលមានការិយាល័យនៅរាជធានីភ្នំពេញ និងមានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វញ៉ា (California) នៃសហរដ្ឋអាមេរិក។ លោក Don Brewster បានប្រាប់បណ្តាញព័ត៌មាន CNN ថា អង្គការលោក សង្គ្រោះមនុស្សជាង៧០០នាក់ ចេញពីការជួញដូរផ្លូវភេទ ចាប់តាំងពីអង្គការលោកបានផ្តើមបេសកកម្មប្រឆាំងការជួញដូរផ្លូវភេទ នៅកម្ពុជាកាលពីឆ្នាំ ២០០៥។
លោក Don Brewster ត្រូវបានបណ្តាញព័ត៌មាន CNN ស្រង់សម្តីដោយសំដៅលើសកម្មភាពជួញដូរផ្លូវភេទក្នុងតំបន់ស្វាយប៉ាក ក្នុងន័យដើមថា៖
«នៅពេលយើងនិយាយអំពីការជួញដូរផ្លូវភេទកុមារ ទីនេះគឺជាចំណុចមួយនៃចំណុចកណ្តាល»។
យ៉ាងណាក៏ដោយ ក្នុងរបាយការណ៍ជាភាពយន្តឯកសារ អ្នករាយការណ៍ព័ត៌មានរបស់បណ្តាញព័ត៌មាន CNN បានធ្វើបទសម្ភាសន៍តែជាមួយស្ត្រីជនជាតិវៀតណាម ដែលរស់នៅកម្ពុជាតែប៉ុណ្ណោះ។
អង្គការ AIM មិនឆ្លើយតបទៅនឹងសំណួររបស់ VOA តាមរយៈសារអេឡិចត្រូនិក ឬ Email នៅថ្ងៃអង្គារនេះ។ ស្ត្រីអ្នកនាំពាក្យរបស់បណ្តាញព័ត៌មាន CNN ក៏មិនទាន់ឆ្លើយសំណួររបស់ VOA តាមរយៈសារអេឡិចត្រូនិក ឬ Email ផងដែរ។ តែអ្នកនាំពាក្យ CNN បានប្រាប់បណ្តាញព័ត៌មានក្នុងប្រទេសកម្ពុជាមួយចំនួនថា បណ្តាញព័ត៌មាន CNN ការពារសេចក្តីរាយការណ៍របស់ខ្លួន ដែលធ្វើឡើង ដោយយោងតាមព័ត៌មានអង្កេត ទាក់ទិននឹងការជួញដូរផ្លូវភេទនេះដែលបានធ្វើឡើងតាំងពីឆ្នាំ២០១៣។
កាលពីខែឧសភាកន្លងទៅ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោយបានបង្ហាញថា ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់ទីពីរក្នុងបញ្ជីប្រឆាំងការជួញដូរមនុស្សសម្រាប់ឆ្នាំ២០១៧ដែលមិនមានអ្វីប្រែប្រួល ប្រសើរជាងឆ្នាំមុននោះទេ។
យ៉ាងណាក្តី ក្រសួងការបរទេសសហរដ្ឋអាមេរិកបានទទួលស្គាល់ពីការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈការកាត់ទោសជនល្មើសធម្មតាមានចំនួនយ៉ាងច្រើន ហើយបានផ្តល់ថវិកាបន្ថែមទៀតដល់គណៈកម្មាធិការជាតិប្រឆាំងនឹងការជួញដូរមនុស្ស និងបង្កើតនូវផែនការសកម្មភាពជាតិសម្រាប់ទប់ស្កាត់រាល់ទម្រង់នៃការជួញដូរមនុស្ស។
ក្នុងពិធីចែកសញ្ញាប័ត្រដែលធ្វើឡើងនៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗទៅនឹងស្ថានទូតសហរដ្ឋអាមេរិក ដោយបានស្នើឲ្យស្ថានទូតបើកការស៊ើបអង្កេតទៅលើសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន CNN និងបានព្រមាន ឲ្យសហរដ្ឋអាមេរិកឈប់បង្ករឿងផ្សេងទៀត ដល់កម្ពុជា ដើម្បីបង្ការការធ្វើបាតុកម្មដែលអាចកើតមានឡើងនៅមុខស្ថានទូតសហរដ្ឋអាមេរិកក្នុងក្រុងភ្នំពេញ។
លោក ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ៖
«ខ្ញុំសុំស្នើឲ្យស្ថានទូតអាមេរិក ធ្វើការស្រាវជ្រាវលើបញ្ហានេះ ព្រោះយើងមិនអាចទទួលយកបាននូវការប្រមាថដ៏ធំមួយនេះ ហើយនិងឈានទៅបិទ អង្គការក្រៅរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធ»។
លោក ហ៊ុន សែន ក៏បានថ្លែងគាំទ្រ ការលើកឡើងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានចោទបណ្តាញព័ត៌មាន CNN កាលពីពេលកន្លងមកថា បានផ្សាយព័ត៌មានក្លែងក្លាយ ឬ «fake news»។
លោក David Josar អ្នកនាំពាក្យរងនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បដិសេធមិនផ្តល់ការអធិប្បាយតាមរយៈសារអេឡិចត្រូនិក ឬ Email ទាក់ទិននឹងប្រតិកម្មខ្លាំងៗ របស់លោក ហ៊ុន សែន ដោយលោកកំពុងតែមានវិស្សមកាលការងារ។
ក្នុងសេចក្តីរាយការណ៍របស់បណ្តញព័ត៌មាន CNN លោក Don Brewster ស្ថាបនិកអង្គការ AgapeInternational Missions (AIM) បានប្រាប់ បណ្តាញព័ត៌មាននេះថា ការជូញដូរក្មេងស្រីឲ្យមកបម្រើផ្លូវភេទក្នុងតំបន់ស្វាយប៉ាក បានថយនៅក្រោម៥០ភាគរយ។ តែលោកបានព្រមានថា ទោះបីក្មេងស្រីលែងត្រូវបានគេលក់ទៅឲ្យផ្ទះបននានា នៅក្នុងតំបន់ស្វាយប៉ាកក្តី ក៏ការជួញដូរផ្លូវភេទនេះ ឥឡូវកំពុងកើតមាននៅតាមសណ្ឋាគារ ជាទីដែលពិបាកតាមរកព័ត៌មានអំពីការជួញដូរ និងពិបាកក្នុងការរារាំង៕