បេក្ខជនប្រធានាធិបតីស.រ.អា.ទាំងពីរនាក់ គឺលោកស្រី Clinton ខាងគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump ខាងគណបក្សសាធារណរដ្ឋបានធ្វើដំណើរកាលពីថ្ងៃចន្ទទៅកាន់រដ្ឋ Ohio ដែលជារដ្ឋមានការប្រកួតប្រជែងគ្នាខ្លាំងក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អា.ក្នុងតំបន់កណ្តាលខាងលិចនៃប្រទេសអាមេរិក ដើម្បីសម្តែងការគាំទ្រដល់គ្រួសារក្រុមកម្មករនៅក្នុងពិធីបុណ្យការងាររបស់ប្រទេស។
សារៈសំខាន់របស់រដ្ឋនេះ នឹងបង្ហាញភាពច្បាស់លាស់ឆាប់រហ័សក្នុងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកាំងនៅថ្ងៃទី៨ខែវិច្ឆិកា។ លោកស្រី Clinton នាំមុខលោក Trump បន្តិចនៅក្នុងការស្ទង់មតិនយោបាយថ្មីៗបំផុតនៅក្នុងរដ្ឋនេះដែលនៅទីនោះកិច្ចប្រតិបត្តិការឧស្សាហកម្មធំៗបានជួលកម្មកររាប់ម៉ឺននាក់ទោះណាជាដីស្រែចម្ការធំៗគ្របដណ្តប់លើទេសភាពនៃរដ្ឋនេះក៏ដោយ។
នៅពេលលោកដើរទៅស្វាគមន៍លោកស្រី Clinton លោក Tim Kaine បេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យបានមានប្រសាសន៍ថា៖ «វាមានសារៈសំខាន់ដែលមានយន្តហោះទាំងពីរនៅលើចំណតយន្តហោះតែមួយ។ នេះបង្ហាញលោកអ្នកថា តើរដ្ឋ Ohio មានសារៈសំខាន់បែបណា។ យើងនឹងមកទីនេះច្រើនដងទៀត»។
លោកស្រី Clinton ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា. និងលោក Kaine ដែលជាបេក្ខជនអនុប្រធានាធិបតីរបស់លោកស្រី បានអញ្ជើញទៅកាន់ពិធីប្រារព្ធទិវាបុណ្យការងារជាមួយពួកមេដឹកនាំសហជីពនិងក្រុមកម្មករដោយមានក្រណាត់សម្រាប់ធ្វើទង់ពណ៌ក្រហម ស និងខៀវដាក់លម្អនៅលើឆាកសម្រាប់ទទួលលោកស្រីនិងលោកនៅផ្នែកកណ្តាលក្រុង Cleveland។
ប្រវត្តិសាស្ត្រនយោបាយស.រ.អា.និយាយថា លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យដែលឈរឈ្មោះដំបូងសម្រាប់តំណែងសាធារណៈត្រូវតែមានជ័យជម្នះក្នុងរដ្ឋ Ohio ដើម្បីឱ្យបានទទួលតំណែងខ្ពស់បំផុតក្នុងសេតវិមាន។ គ្មានអ្នកសាធារណរដ្ឋណាម្នាក់ទទួលតំណែងខ្ពស់បំផុតក្នុងសេតវិមានដោយមិនបានទទួលជ័យជម្នះក្នុងរដ្ឋ Ohio ទេ៕