ការស្ទង់មតិថ្មីៗបំផុតបង្ហាញថា លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋនៅទាបជាងគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton ក្នុងពេលមួយសប្តាហ៍ក្រោយមហាសន្និបាតជាតិនៃគណបក្សប្រជាធិបតេយ្យ។
ការស្ទង់មតិរបស់អង្គការ McClatchy-Marist បង្ហាញថា លោកស្រី Clinton នាំមុខលោក Trump គឺក្នុងកម្រិត ៤៨ភាគរយទល់នឹង៣៣ភាគរយ។ កាលពីខែកក្កដា លោកស្រី Clinton បាននាំមុខគូប្រជែងរបស់លោកស្រីចំនួន៣ភាគរយ គឺ៤២ភាគរយទល់នឹង៣៩ភាគរយ។
បើតាមការស្ទង់មតិនេះបញ្ជាក់ថា មិនមែនតួលេខច្រើននេះ ជារឿងវិជ្ជមានសម្រាប់លោកស្រីអតីតរដ្ឋមន្ត្រីការបរទេស Clinton ទេ ពីព្រោះតួលេខ៤០ភាគរយនៃមនុស្សពេញវ័យដែលចុះឈ្មោះបោះឆ្នោតនិយាយថា ពួកគេបោះឆ្នោតជូនលោកស្រីដោយសារពួកគេប្រឆាំងនឹងលោក Trump។
ការស្ទង់មតិនេះក៏និយាយដែរថា ៥៥ភាគរយនៃមនុស្សពេញវ័យចុះឈ្មោះបោះឆ្នោតមានការយល់ឃើញអវិជ្ជមានអំពីលោកស្រី Clinton។
ចំណែកឯ៦៦ភាគរយនៃមនុស្សពេញវ័យចុះឈ្មោះបោះឆ្នោតនិយាយថា ពួកគេមានទស្សនៈអវិជ្ជមានអំពីអ្នកជំនួញរូបនេះ (Trump) ដែល មាន ប្រាក់ រាប់ ពាន់ លានដុលា្លរ។
ស្តីពីក្រុមអ្នកបោះឆ្នោតដែលមានអាយុតិចជាង៣០ឆ្នាំ ការរកឃើញមានភាពច្បាស់លាស់។ ការស្ទង់មតិរបស់អង្គការ McClatchy និងអង្គការ GenForward បង្ហាញថា មានក្រុមអ្នកបោះឆ្នោតអាយុពី១៨ ទៅ៣០ឆ្នាំ មិនដល់២៥ភាគរយទេ ដែលមានមតិវិជ្ជមានលើលោក Trump៕