ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ជាការប្រកួតប្រជែងមួយ ដែលមិនមែនត្រូវសម្រេចដោយចំនួនសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋទេ។ លទ្ធផលនោះត្រូវបានសម្រេចដោយរដ្ឋនីមួយៗក្នុងរដ្ឋទាំង៥០នៅពេលដែលពួកបេក្ខជន ស្វែងរកឈ្នះការបោះឆ្នោតដោយរាប់តាមចំនួនប្រតិភូ ដោយឥទ្ធិពលរបស់រដ្ឋនីមួយៗអាស្រ័យលើប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួននៅក្នុងរដ្ឋសភា។
លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនិងជាអតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក និងលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងជាមហាសេដ្ឋីអចលនទ្រព្យដែលកំពុងស្វះស្វែងរកតំណែងប្រធានាធិបតីលើកដំបូង កំពុងព្យាយាមឲ្យទទួលបានប្រតិភូភាគច្រើនចំនួន២៧០នៃប្រតិភូទាំងអស់៥៣៨ ដើម្បីកាន់តំណែងដែលមានរយៈពេល៤ឆ្នាំនៅសេតវិមាន។
ឥឡូវនេះ ការស្ទង់មតិថ្មី ដែលបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញថាការគាំទ្រលោកស្រី Clinton បានកើនឡើង លើសការគាំទ្រលោក Trump នៅក្នុងរដ្ឋប្រកួតប្រជែងសំខាន់ៗ៤ ហើយលោកស្រី បាននាំមុខនៅក្នុងការស្ទង់មតិពួកអ្នកបោះឆ្នោតទូទាំងប្រទេស។ ការព្យាករណ៍ផ្សេងទៀតបង្ហាញថា លោកស្រី Clinton បាននាំមុខលោក Trump នៅក្នុងការព្យាករណ៍នៃចំនួនប្រតិភូ ក៏ប៉ុន្តែ លោកស្រី មិនបានទទួលចំនួនប្រតិភូ២៧០ដែលជាសំឡេងភាគច្រើននៅពេលបេក្ខជនទាំង២ប្រកួតប្រជែងគ្នានៅក្នុងរដ្ឋសំខាន់ៗដែលនៅទីនោះការគាំទ្ររបស់ពួកគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ ស្ទើរតែមានការបែងចែកស្មើគ្នានៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
លោកស្រី Amy Walter អ្នកវិភាគនយោបាយនិយាយនៅសប្តាហ៍នេះថា «លោកស្រី Clinton មានជម្រើសច្រើនជាងលោក Trump ដើម្បីឲ្យទទួលបានប្រតិភូចំនួន២៧០។លោកស្រី Clinton មានការគាំទ្រយ៉ាងច្រើន។ ក៏ប៉ុន្តែ ការប្រកួតប្រជែងមិនទាន់ចប់នៅឡើយទេ»៕