ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី ​Clinton ​ធ្វើ​យុទ្ធនាការ​ទូទាំង​ប្រទេស​រួម​ទាំង​រដ្ឋ​សំខាន់ៗ​ពីរ​សប្ដាហ៍​មុន​ថ្ងៃ​បោះ​ឆ្នោត


លោក​ស្រី​ Clinton នៅឯ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដែល​អម​ដំណើរ​ដោយ​លោក​ស្រី Michelle Obama នៅ​ Winston-Salem រដ្ឋ North Carolina កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា។
លោក​ស្រី​ Clinton នៅឯ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដែល​អម​ដំណើរ​ដោយ​លោក​ស្រី Michelle Obama នៅ​ Winston-Salem រដ្ឋ North Carolina កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា។

ខណៈ​ពេល​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ទី០៨​ ខែ​វិច្ឆិកា ខិត​ជិត​ចូល​មក​ដល់ បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​​ទាំង​ពីរ ផ្ដោត​លើ​រដ្ឋ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រដ្ឋ​យក​ចាញ់​ឈ្នះ​ ដែល​នឹង​កំណត់​ថា​នរណា​នឹង​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់​របស់​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​តាម​រយៈ​ការ​ប្រមូល​ផ្ដុំ​សំឡេង​គាំ​ទ្រ​របស់​ប្រតិភូ ដែល​ហៅ​ថា ​Electroral College ​តាម​រដ្ឋ​នីមួយៗ។ បេក្ខជន​ណា​ដែល​ឈ្នះ​បាន​សំឡេង​ឆ្នោត​ភាគ​ច្រើន​ក្នុង​រដ្ឋ ​នឹង​ទទួល​បាន​ចំនួន​ប្រតិភូ​ទាំង​អស់។

នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ​លោកស្រី Clinton និង​លោក Trump ​បាន​ទៅ​ទស្សនកិច្ច​ជា​ញឹប​ញាប់​នៅ​រដ្ឋ​សំខាន់​មួយ​ចំនួន។ លោក​ Trump ​ទៅ​រដ្ឋ ​Ohio ​និង New Hampshire ​ឯ​លោក​ស្រី ​Clinton ​ទៅ ​Florida និង​ Nevada។

ជា​ច្រើន​ឆ្នាំ​មក​ហើយ ​សហរដ្ឋ​អាមេរិក​បាន​បែង​ចែក​យ៉ាង​ដាច់​ស្រឡះ​ពី​គ្នា​ជា​លក្ខណៈ​នយោបាយ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី។ ​រដ្ឋ​មួយ​ចំនួន​គាំ​ទ្រ​គណបក្ស​សាធារណរដ្ឋ និង​មួយ​ចំនួន​ទៀត​គាំ​ទ្រ​គណ​បក្ស​ប្រជាធិបតេយ្យ។

អ្នក​ជំនាញ​ផ្នែក​នយោបាយ​មក​ពី​សាកល​វិទ្យាល័យ ​Georgetown ​លោក ​Stephen Wayne​ បាន​និយាយ​ថា៖ «នៅ​ក្នុង​រដ្ឋ​ជា​ច្រើន ​គណបក្ស​មួយ​មាន​ការ​នាំ​មុខ​ច្រើន ដូច្នេះ​គេ​មិន​ចាំ​បាច់​ចំណាយ​ធនធាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ការឃោសនា​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋ​នោះ​ទេ»។​

មានរដ្ឋ​ប្រហែល ​១២​ ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ «រដ្ឋ​យក​ចាញ់​ឈ្នះ» ឬ​ «រដ្ឋ​ដែល​ជួន​កាល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ ​និង​ជួន​កាល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ»។ ​បេក្ខជន​ប្រធានាធិបតី​ចំណាយ​ពេល​ភាគ​ច្រើន​របស់​ពួក​គេនៅ​ក្នុង​បណ្ដា​រដ្ឋ​ទាំង​នោះ នេះ​បើ​តាម​អ្នក​ជំនាញ​មក​ពី​សាកល​វិទ្យាល័យ ​George ​Mason University​ លោក​ Jeremy Mayer។​

លោក​និយាយ​ថា៖ «នៅ​ក្នុង​យុទ្ធនាការ​ប្រធានាធិបតី​សម័យ​ទំនើប​ អ្នក​អាច​ធ្វើ​យុទ្ធនាការ​តែ​ក្នុង​រដ្ឋ​តែ​ ១២ ​ប៉ុណ្ណោះ។ ចំនួន​នេះ​អាច​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទោះ​បី​ជា​បី​អាណត្តិ​ចុង​ក្រោយ​មិន​សូវ​មាន​ភាព​ប្រែប្រួល​យ៉ាង​ណា​ក៏​ដោយ»។
រដ្ឋ​ដែល​ជួន​កាល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ និង​ជួន​កាល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ទទួល​ចំណាប់​អារម្មណ៍​ខ្លាំង​រួម​មាន​រដ្ឋ​ធំៗ​ដូចជា​ Florida និង Ohio ក៏​ដូច​ជា​រដ្ឋ​តូច​ៗ​ដូច​ជា North Carolina​ រដ្ឋ​ Nevada និង រដ្ឋ​ New Hampshire។

អ្នក​វិភាគ​មក​ពី​សាកល​វិទ្យាល័យ ​American ​លោក​ Austin ​Hart​ បាន​និយាយ​ថា​ចាប់​តាំង​ពី​ជ័យជម្នះ​របស់​លោក​ Bill Clinton ​ឆ្នាំ​១៩៩២​មក​ គណបក្ស​ប្រជាធិបតេយ្យ​ជា​ទូ​ទៅ​ឈ្នះ​នៅ​រដ្ឋ​ដែល​មាន​ការប្រែប្រួល​ទាំង​នោះ ​ហើយ​ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​លោក​ Trump ​ក្នុង​ឆ្នាំ​នេះ។

លោក​និយាយ​ថា៖ «លោក​ត្រូវ​តែ​ឈ្នះ​នៅ​រដ្ឋ ​Florida រដ្ឋ​ Ohio ហើយ​ប្រហែល​ជា Colorado ​និង​ Nevada ផង។ ​ហើយ​លោក​ត្រូវ​តែ​ខំ​ប្រឹង​បង្កើន​សំឡេង​ឆ្នោត​នៅ​រដ្ឋ Pennsylvania ​បើ​អាច។ ដូច្នេះ​លោក​ត្រូវ​ការ​ឈ្នះ​នៅ​រដ្ឋ​ជា​ច្រើន»។

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ បេក្ខជន​ទាំង​ពីរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ក្រុម​ប្រជាជន​ភាគ​តិច ​នៅ​រដ្ឋ​សំខាន់ៗ​ទាំង​នោះ ​នេះ​បើ​តាម​អ្នក​ជំនាញ​មក​ពី​សកលវិទ្យាល័យ ​American​ អ្នកស្រី ​Jennifer Lawless។

អ្នក​ស្រី​និយាយ​ថា៖ «សំណួរ​ឥឡូវ​នេះ​គឺ​ផ្អែក​ទៅ​លើ​អ្នក​បោះ​ឆ្នោត​ឯករាជ្យ​ដែល​មាន​ចំនួន​តិច។​ ប៉ុន្តែ​វា​មិន​ត្រឹម​តែ​អ្នក​ឯករាជ្យ​ដែល​មាន​ចំនួន​តិច តែ​ប៉ុណ្ណោះ​ទេ។ យើង​សំដៅ​ទៅ​លើ​អ្នក​ឯករាជ្យភាគ​តិច​ដែល​រស់​នៅ​ក្នុង​រដ្ឋ​យក​ចាញ់​ឈ្នះ។ ដូច្នេះ​យើង​កំពុង​និយាយ​ពី​ភាគរយ​តូច​បំផុត​នៃ​ចំនួន​ប្រជាជន»។

ការ​ស្ទង់​មតិ​បង្ហាញ​ថា អ្នក​ស្រី ​Clinton​ នាំ​មុខ​ទូ​ទាំង​ប្រទេស ​និង​នៅ​ក្នុង​រដ្ឋ​សំខាន់​នានា​ ប៉ុន្តែ​ លោក​ Trump ​នៅ​តែ​ជា​គូ​ប្រកួត​ប្រជែង​យ៉ាង​ប្រកិត​នៅ​ក្នុង​រដ្ឋ​សំខាន់​មួយ​ចំនួន​ដូច​ជា Ohio រដ្ឋ​ Florida និង North Carolina៕

ប្រែស​ម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG