បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton កំពុងតែចំណាយថវិកាទ្វេដងលើសលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណៈរដ្ឋ នៅក្នុងយុទ្ធនាការប្រកួតប្រជែងដណ្តើមតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។ ប៉ុន្តែលោក Trump បានថ្លែងកាលពីថ្ងៃពុធថា លោកពេញចិត្តនឹងប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់លោកលើសពីនេះទៅទៀតនៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតនៅពីរសប្តាហ៍ចុងក្រោយមុននឹងឈានដល់ការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ។
របាយការណ៍ធ្វើឡើងដោយបេក្ខជនទាំងពីរជាមួយនឹងរដ្ឋាភិបាលអាមេរិកបានបង្ហាញថា លោកស្រី Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកដែលទំនងនឹងក្លាយខ្លួនជាប្រធានាធិបតីស្ត្រីដំបូងរបស់សហរដ្ឋអាមេរិកនោះ បានរៃអង្គាសថវិកាជិត៩៥០លានដុល្លារ ហើយនៅមានថវិកាចំនួនប្រមាណ ១៧៨ លានដុល្លារសម្រាប់ការផ្សាយពាណិជ្ជកម្មតាមកញ្ជក់ទូរទស្សន៍ និងដើម្បីស្វែងរកសំឡេងឆ្នោតនៅប៉ុន្មានថ្ងៃមុននឹងឈានដល់ការបោះឆ្នោត។ យុទ្ធនាការរបស់លោក Trump រៃអង្គាសបានថវិកាប្រហែល ៤៤៩លានដុល្លារ ហើយលោកនៅសល់តែ៩៧លានដុល្លារទៀតតែប៉ុណ្ណោះ។
លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យមួយរូប កាលពីថ្ងៃពុធបានសម្ភោធ សណ្ឋាគារទំនើបរបស់លោកដែលស្ថិតនៅតែប៉ុន្មានប្លុកប៉ុណ្ណោះពីសេតវិមានជាផ្លូវការ ហើយលោកប្រាប់ទូរទស្សន៍ CNN ថា លោកបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន ១០០លានដុល្លារទៅលើយុទ្ធនាការរបស់លោក។
លោក Trump បានថ្លែងថា៖ «ខ្ញុំបានត្រៀមខ្លួនក្នុងការចំណាយថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំលើសពីនេះទៅទៀត ប្រសិនបើចាំបាច់នោះ»៕