បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បាននិយាយថា គោលនយោបាយរបស់លោកស្រី Hillary Clinton ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ អាចបណ្ដាលឲ្យមានសង្គ្រាមលោកម្ដងទៀត។
លោក Trump បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «អ្វីដែលយើងគួរធ្វើគឺការផ្ដោតលើពួក ISIS។ យើងមិនគួរផ្ដោតលើបញ្ហានៅក្នុងប្រទេសស៊ីរីនោះទេ។ សង្គ្រាមលោកលើកទីបីនឹងកើតឡើង ដោយសារតែបញ្ហាស៊ីរី ប្រសិនបើយើងធ្វើតាមលោកស្រី Hillary Clinton»។
ជម្លោះនៅក្នុងប្រទេសស៊ីរីជាបញ្ហាស្មុគស្មាញមួយនៃឥទ្ធិពលក្នុងស្រុក និងអន្តរជាតិ ដែលមានការប្រកួតប្រជែងគ្នា ដែលបានចាប់ផ្ដើមកាលពីឆ្នាំ ២០១១ ដោយសារការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងលោកប្រធានាធិបតីស៊ីរី Bashar al-Assad ប៉ុន្តែឈានមកដល់រយៈពេលពីរឆ្នាំចុងក្រោយនេះ ជម្លោះនៅក្នុងប្រទេសស៊ីរីគឺ បូករួមទាំងការវាយប្រហារប្រឆាំងនឹងពួកសកម្មប្រយុទ្ធក្រុមរដ្ឋឥស្លាមផងដែរ។ ប្រទេសរុស្ស៊ី និងប្រទេសអ៊ីរ៉ង់ គាំទ្រលោក Assad ប្រឆាំងនឹងពួកឧទ្ទាម ចំណែកឯក្រុមអ្នកប្រយុទ្ធខាងក្រុមប្រឆាំងវិញទទួលបានការគាំទ្រពីប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក តួកគី និងអារ៉ាប៊ី សាអ៊ូឌីតជាដើម។
លោកស្រី Clinton បានស្នើនូវវិធានការជាច្រើនដើម្បីបន្តនូវកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការតាមប្រមាញ់ពួកអ្នកប្រយុទ្ធក្រុមរដ្ឋឥស្លាម និងដើម្បីទម្លាក់លោក Assad ចេញពីតំណែង។ ប៉ុន្តែ លោកស្រីក៏បានគាំទ្រឲ្យមាននូវតំបន់គ្មានការហោះហើរឆ្លងកាត់ផងដែរ ដើម្បីការពារជនស៊ីវិល ដែលនេះជាអ្វីដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama មិនគាំទ្រ ហើយនេះអាចបង្កើតជម្លោះជាមួយនឹងកងកម្លាំងស៊ីរី និងកងកម្លាំងរុស្ស៊ីផងដែរ។
លោក Trump បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា តួនាទីរបស់លោក Assad នៅក្នុងប្រទេសស៊ីរីនាថ្ងៃអនាគត គឺមិនសូវសំខាន់ដូចគោលបំណងនៃការកម្ចាត់ពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមនោះទេ៕