ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​កំពុង​ផ្ដោត​យុទ្ធនាការ​ពួកគេ​ក្នុង​រដ្ឋ Florida


អ្នកគាំទ្រ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋលោក Donald Trump អបអរសាទរ​អំឡុង​យុទ្ធនាការ​មួយ​កាល​ពីថ្ងៃទី​ ២៤​ តុលា ២០១៦ នៅ​ Tampa​ រដ្ឋ Florida។
អ្នកគាំទ្រ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋលោក Donald Trump អបអរសាទរ​អំឡុង​យុទ្ធនាការ​មួយ​កាល​ពីថ្ងៃទី​ ២៤​ តុលា ២០១៦ នៅ​ Tampa​ រដ្ឋ Florida។

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំង​ពីរ គឺ​លោកស្រី Hillary Clinton និង​លោក Donald Trump កំពុង​ផ្ដោត​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​ពួកគេ​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ក្នុង​រដ្ឋ Florida ដែល​ជា​រដ្ឋ​មួយ​ដែល​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់ ដែល​នៅ​ពេល​នោះ ពលរដ្ឋ​អាមេរិកាំង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​តើ​បេក្ខជន​រូប​ណា​ដែល​ពួកគេ​នឹង​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បន្ទាប់​នោះ។

ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បេក្ខជន​នីមួយៗ​ត្រូវការ​សំឡេង​គាំទ្រ​ពី​គណៈកម្មការ​ជ្រើសរើស​ប្រធានាធិបតី​ចំនួន ២៧០ សំឡេង។ នៅ​ក្រោម​ប្រព័ន្ធ​រើស​ប្រធានាធិបតី​នេះ រដ្ឋ​ណា​ដែល​មាន​ប្រជាជន​ច្រើន រដ្ឋ​នោះ​មាន​ឥទ្ធិពល​ខ្លាំង​លើ​ការ​បោះ​ឆ្នោត។ ចំពោះ​បេក្ខជន​ណា​ដែល​ឈ្នះ​នៅ​ក្នុង​រដ្ឋ Florida បេក្ខជន​នោះ​នឹង​ទទួល​បាន ២៩ សំឡេង ពី​គណៈកម្មការ​ជ្រើសរើស​ប្រធានាធិបតី។ ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា លោកស្រី Clinton បាន​នាំ​មុខ​លោក Trump ប្រហែល ៤ ពិន្ទុ នៅ​ក្នុង​រដ្ឋ Florida។

លោក Trump បាន​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ Florida តាំង​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ម្ល៉េះ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ធ្វើ​យុទ្ធនាការ​របស់​លោក​នៅ​ក្នុង​ទីក្រុង Tampa។ នៅ​ក្នុង​យុទ្ធនាការ​របស់​លោក​នៅ​ក្នុង​ទីក្រុង Tampa លោក Trump បាន​ប្រកាស​ថា លោក​នឹង​មិន​ត្រឹមតែ​ឈ្នះ​នៅ​ក្នុង​រដ្ឋ Florida តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ឈ្នះ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នេះ​ផង។

លោក Trump និយាយ​យ៉ាង​ដូច្នេះ​ថា៖ «យុទ្ធនាការ​របស់​យើង​តំណាង​ឲ្យ​ការ​ផ្លាស់ប្ដូរ​មួយ​ប្រភេទ ដែល​អាច​កើត​ឡើង​តែ​ម្ដង​គត់​នៅ​ក្នុង​ជីវិត។ នេះ​ជា​ឱកាស​ចុងក្រោយ​របស់​យើង។ អ្នក​ត្រូវតែ​ចេញ​ទៅ​បោះ​ឆ្នោត‍»។

រី​ឯ​លោកស្រី Clinton វិញ លោកស្រី​បាន​ចំណាយ​ពេល​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ New Hampshire ដែល​នៅ​ទី​នោះ លោកស្រី​បាន​ធ្វើ​ការ​រិះគន់​ចំពោះ​ភាព​ស័ក្ដិសម​របស់​លោក Trump ក្នុង​ការ​ធ្វើ​ជា​ប្រធានាធិបតី។

លោកស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «លោក Trump ខ្លួន​ឯង បាន​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា តើ​នឹង​មាន​លទ្ធផល​បែប​ណា​នៅ​ពេល​ដែល​ប្រទេស​មួយ​មាន​មេបញ្ជាការ​ទ័ព ដែល​ជា​ប្រធានាធិបតី​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​នោះ‍»៕

XS
SM
MD
LG