ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Clinton បរាជ័យ​នៅ​ក្នុង​ការ​ប្រកួត​តំណែង​ប្រធានាធិបតី​ជា​ស្ត្រី​ដំបូងក្នុង​សហរដ្ឋ​អាមេរិក


អ្នកស្រី​ Hillary បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ
អ្នកស្រី​ Hillary បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ

លោកស្រី Hillary Clinton គឺ​ជា​ជម្រើស​ជាក់​ស្តែង​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ មុន​ពេល​ដែល​គណបក្ស​នេះ​បាន​តែងតាំង​បេក្ខជន​របស់​ខ្លួន​ជា​បេក្ខជន​ប្រធានាធិបតី។

នៅ​ក្នុង​រយៈពេល​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​នានា​បាន​ប៉ាន់​ប្រមាណ​ថា លោកស្រី Clinton មាន​ប្រៀប​ជាង​លោក Donald Trump។ លោកស្រី​មាន​បទ​ពិសោធន៍​ផ្នែក​នយោបាយ ដែល​កន្លង​មក បទ​ពិសោធន៍​បែប​នេះ​អាច​ជួយ​ជំរុញ​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​ត្រូវ​គេ​ជ្រើសរើស​ធ្វើ​ជា​ប្រធានាធិបតី​បាន។

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោកស្រី Clinton បាន​ចំណាយ​ថវិកា​ច្រើន​ជាង​យុទ្ធនាការ​របស់​លោក Trump ហើយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​បុគ្គលិក និង​អ្នក​ស្ម័គ្រ​ចិត្ត​នានា ដែល​ជួយ​បញ្ចុះបញ្ចូល​អ្នក​បោះ​ឆ្នោត​តាម​រដ្ឋ​នីមួយៗ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ដែល​កត្តា​នេះ​ហើយ​ធ្វើ​ឲ្យ​គេ​រំពឹង​ថា លោកស្រី Clinton នឹង​អាច​យក​ឈ្នះ​លោក Trump នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ។

ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​បោះ​ឆ្នោត​មាន​ឱកាស​ក្នុង​ការ​សម្រេច​ចិត្ត​តាម​រយៈ​សន្លឹក​ឆ្នោត​របស់​ខ្លួន លោកស្រី Clinton បាន​បរាជ័យ​នៅ​ក្នុង​ការ​ប្រកួតប្រជែងប្រធានាធិបតី​ស្ត្រី​ដំបូង​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។

លោក John Podesta ដែល​ជា​ប្រធាន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោកស្រី Clinton បាន​ប្រាប់​អ្នក​គាំទ្រ​ដែល​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ ថា៖ «ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាល​ជួបជុំ​នេះ និង​មនុស្ស​ទូទៅ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ដឹង​ថា សំឡេង​របស់​អ្នក និង​សេចក្ដី​ជ្រោមជ្រែង​សាទរ​របស់​អ្នក មាន​ន័យ​ខ្លាំង​ណាស់​សម្រាប់​លោកស្រី Clinton និង​លោក Tim Kaine ក៏​ដូច​ជា​សម្រាប់​យើង​ទាំង​អស់​គ្នា​ផង​ដែរ។ ពួក​យើង​មាន​មោទនភាព​ណាស់​ចំពោះ​អ្នក​ទាំង​អស់​គ្នា ហើយ​ពួក​យើង​ទាំង​អស់​គ្នា​ក៏​មាន​មោទនភាព​ដែរ​ចំពោះ​លោកស្រី Clinton»៕

XS
SM
MD
LG