ការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រនៃគណបក្សកាន់អំណាចរបស់ប្រទេសបង់ក្លាដែសនិងក្រុមប្រឆាំងនៅថ្ងៃអាទិត្យនេះបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់បាត់បង់ជីវិតនិងរងរបួសជាង១០នាក់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលនិងប៉ូលិស។
ប្រទេសបង់ក្លាដែសបានរៀបចំការបោះឆ្នោតជាតិក្រោយពីមានអំពើហិង្សាកើតមានឡើងក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ នេះជាការបោះឆ្នោតដែលមានអ្នកចេញមកបោះឆ្នោតតិចតួចនៅតាមស្ថានីយ៍នានាហើយវាជាការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងរយៈពេល១០ឆ្នាំនេះប៉ុន្តែគេរំពឹងថាលោកស្រី នាយករដ្ឋមន្ត្រីស្ហេក ហាស្ស៊ីណានឹងឈ្នះឆ្នោតជាថ្មីដែលធ្វើឱ្យលោកស្រីកាន់អំណាចបានបីអាណត្តិជាប់ៗគ្នា។
បណ្តាញអ៊ីនធឺណិតចល័តត្រូវបានកាត់ផ្តាច់ហើយវិថីនានានៅក្នុងរដ្ឋធានីស្ទើរតែគ្មានមនុស្សដោយសារពលរដ្ឋភាគច្រើនចេញទៅបោះឆ្នោតនៅស្រុកកំណើត។ ពលរដ្ឋដទៃទៀតតម្រង់ជួរចូលទៅស្ថានីយ៍បោះឆ្នោត ដែលគេឃើញមានផ្ទាំងផ្សាយដែលមានរូបសញ្ញាទូករបស់គណបក្សកាន់អំណាច «Awami League» ច្រើនជាងផ្ទាំងផ្សាយរបស់ក្រុមប្រឆាំង។
លោកម៉ាបាប់ តាលូកដា (Mahbub Talukdar) សមាជិកម្នាក់នៃគណៈកម្មការរៀបចំការបោះឆ្នោតបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាលោកមិនបានឃើញភ្នាក់ងារគណបក្សប្រឆាំងណាម្នាក់ឡើយនៅជិតស្ថានីយ៍បោះឆ្នោតក្រុងដាកាជាទីដែលលោកបានទៅបោះឆ្នោត។ ការណ៍នេះមានន័យថាភ្នាក់ងារទាំងនោះប្រហែលជាត្រូវគេយកចេញឆ្ងាយ។ លោកតាលូកដាបាននិយាយកាលពីសប្តាហ៍មុនថាបរិយាកាសបោះឆ្នោតមិនស្មើភាពសម្រាប់គ្រប់គណបក្សនយោបាយឡើយ ហើយអត្ថាធិប្បាយនេះបាននាំឱ្យមានការប្រទុស្តរ៉ាយមួយផងដែរ។
អ្នកនាំពាក្យម្នាក់នៃគណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថានឹងចាត់ការតាមបណ្តឹងជាផ្លូវការអំពីអវត្តមាននៃភ្នាក់ងារបក្សប្រឆាំងនៅស្ថានីយ៍បោះឆ្នោត។
ការប៉ះទង្គិចគ្នាដែលបណ្តាលឱ្យមានមនុស្សស្លាប់បានកើតមានឡើងរវាងអ្នកធ្វើការឱ្យគណបក្សAwami League និងក្រុមប្រឆាំងដែលដឹកនាំដោយលោកខាលេដា ហ្សៀ អតីតនាយករដ្ឋមន្ត្រី ដោយសារតែមានការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត៕