ក្រុមអ្នកគាំទ្ររបស់គណបក្សកម្ពុជានិយម រំពឹងថា គណបក្សដែលបង្កើតឡើងដោយអតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នឹងទទួលបានតំណែងចៅសង្កាត់ និងមេឃុំនៅតាមឃុំសង្កាត់ដែលគណបក្សនេះឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២នេះ។
កាលពីថ្ងៃអាទិត្យ ទី២៩ ខែឧសភា ប្រធានគណបក្សកម្ពុជានិយមគឺលោកយ៉ែម បុញ្ញឫទ្ធិ ជាមួយក្រុមអ្នកគាំទ្រ និងសមាជិកបក្សជិត១០០នាក់ បានចេញឃោសនារកសំឡេងឆ្នោត ពីពលរដ្ឋក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ និងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបក្សរបស់លោកបានដាក់បេក្ខភាពមេឃុំក្នុងការប្រកួតប្រជែងជាមួយមេឃុំគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបក្សផ្សេងទៀត។
អ្នកគាំទ្រគណបក្ស ដែលមានរូបសញ្ញាឥន្ទ្រី កញ្ញា អ៊ី ម៉ូណា អាយុ២០ ឆ្នាំ ប្រាប់អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិក(វីអូអេ)នៅពីមុខផ្សារប៉េសេ (PC) ថា កញ្ញានឹងទៅបោះឆ្នោតឱ្យបេក្ខភាពឈរឈ្មោះជាមេឃុំឬចៅសង្កាត់មកពីគណបក្សកម្ពុជានិយម ដើម្បីបើកឱ្យមានដំណើរការប្រជាធិបតេយ្យពិតប្រាកដនៅមូលដ្ឋាន។
កញ្ញានិយាយថា៖ «ដោយសារតែខ្ញុំសម្រេចមកចូលរួមហែគណបក្សកម្ពុជានិយម ដោយសារតែខ្ញុំមានការគាំទ្រចំពោះគណបក្សកម្ពុជានិយម។ ហើយគណបក្សកម្ពុជានិយម គឺជាគណបក្សដែលមានគោលការណ៍ច្បាស់លាស់ ប្រាកដនិយម ហើយជាគណបក្សដែលមានប្រជាធិបតេយ្យពិតប្រាកដ»។
បើតាមកញ្ញាអ៊ី ម៉ូណា គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ បានដាក់ចេញគោលនយោបាយ៦ ចំណុច ដើម្បីបង្កើនគុណភាពជីវិតរស់នៅរបស់ពលរដ្ឋ និងមិនឱ្យមានការរើសអើងខាងនយោបាយ ក្នុងការទទួលបានសេវារដ្ឋបាលសាធារណៈនៅមូលដ្ឋាន។
ចំពោះការចូលរួមប្រកួតប្រជែងយកតំណែងមេឃុំឬចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សានៅក្នុងការបោះឆ្នោតឃុំសង្កាត់ដែលនឹងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនាខាងមុខនេះ គណបក្សកម្ពុជានិយមបានដាក់បេក្ខជនឱ្យឈរនៅតាមឃុំសង្កាត់ចំនួន៣៨តែប៉ុណ្ណោះ ក្នុងចំណោមឃុំសង្កាត់សរុបចំនួន១.៦៥២ នៅទូទាំងប្រទេស។ គណបក្សនេះថាខ្លួនមិនមានពេលគ្រប់គ្រាន់ ដើម្បីរៀបចំបេក្ខជន ព្រោះទើបតែបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីខែវិច្ឆិកា ឆ្នាំ២០២១។
អ្នកគាំទ្រគណបក្សនេះមួយរូបទៀតគឺ លោក សុខ រាជ និយាយថាលោកចង់បានចៅសង្កាត់ថ្មី ក្នុងសង្កាត់បឹងទំពន់ទី២ ក្រោមហេតុផលថា ចៅសង្កាត់ចាស់ «អសមត្ថភាព»ក្នុងការដោះស្រាយបញ្ហាប្រឈមមួយចំនួន ដូចជាការជន់លិចដោយជំនន់ទឹកភ្លៀង។ លោកប្រាប់វីអូអេ កាលពីថ្ងៃអាទិត្យថា៖
«នៅក្នុងភូមិហ្នឹង គាត់អត់សូវមើលការខុសត្រូវប្រជាជន។ គាត់អត់សូវខ្វាយខ្វល់រវីរវល់ជាមួយប្រជាជន ដូចជា ប្រព័ន្ធលូ ប្រព័ន្ធទឹកហូរអីចឹងទៅ គាត់អត់សូវមើលការខុសត្រូវហើយ នៅក្នុងភូមិហ្នឹង បើយើងចង់ធ្វើអីមួយដូចថា ពិបាក»។
អំឡុងពេលចេញយុទ្ធនាការឃោសនាបោះឆ្នោតតាមរថយន្ត និងម៉ូតូ កាលពីថ្ងៃអាទិត្យ លោក យ៉ែម បុញ្ញឫទ្ធិ បានដឹកនាំក្រុមអ្នកគាំទ្រ និងសមាជិកបក្សចេញឃោសនាតាមឧគ្ឃោសនាសព្ទ ឬមេក្រូនៅទីតាំងផ្សារចំនួនពីរ គឺផ្សារប៉េសេ និងផ្សារអង្គពោធិញាណក្នុងសង្កាត់បឹងទំពន់ទី២ ដែលអតីតគណបក្សសង្គ្រោះជាតិ ជាបក្សប្រឆាំង ធ្លាប់ទទួលបានដណ្តើមកៅអីចៅសង្កាត់ កាលពីបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧។
ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឫទ្ធិ ប្រកូកប្រកាសប្រាប់អាជីវករ ពីខាងក្រៅផ្សារថា វត្តមានរបស់គណបក្សកម្ពុជានិយម ក្នុងសង្កាត់បឹងទំពន់ទី២នេះ គឺសំដៅយកតំណែងចៅសង្កាត់ ដែលអតីតគណបក្សសង្គ្រោះជាតិធ្លាប់កាន់កាប់ ត្រឡប់មកវិញ និងដើម្បីបំពេញសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងសង្កាត់នេះ។
លោកថ្លែងថា៖ «ប្រាំឆ្នាំបងប្អូនបឹងទំពន់ទី២ ចង់ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន គាំទ្របក្សប្រជាធិបតេយ្យបានឈ្នះ អាសនៈ៧លើ១១ ក៏ប៉ុន្តែបងប្អូននៅបឹងទំពន់ទី២បានជ្រាបយ៉ាងច្បាស់ គេបានយកអាសនៈនោះទៅចែកគ្នា ដែលបំបិទបក្សរបស់យើងដែលបានបង្កើតពីមុនមក។ ពេលនេះកម្ពុជានិយមយើងចេញត្រឡប់មកវិញ រៀបចំបន្តគោលនយោបាយ បោះជំហានទៅមុខ ឆ្ពោះទៅគោលដៅរបស់យើងតទៅទៀត។ គោលដៅរបស់យើង គឺរៀបចំបម្រើបងប្អូនប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអាជីវករ រស់នៅបឹងទំពន់ទី២ លុបបំបាត់ឱ្យបានភាពរើសអើង ញុះញង់បំបែកបំបាក់ខ្មែរ»។
បើតាមលោក យ៉ែម បុញ្ញឫទ្ធិ និងមន្ត្រីនាំពាក្យគណបក្សនេះ គណបក្សកម្ពុជានិយមគ្រោងនឹងធ្វើយុទ្ធនាការឃោសនាចុងក្រោយនៅក្នុងខេត្តបន្ទាយជ័យ និងខេត្តមួយចំនួនទៀត នៅថ្ងៃទី២ និងទី៣ ខែមិថុនា មុនការបោះឆ្នោត ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា។
គួររំឭកឡើងវិញផងដែរថា គណបក្សនយោបាយចំនួន១៧ បានសម្រេចចិត្តចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំសង្កាត់ចំនួនជាង១១.០០០អាសនៈ ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងស្ទើរតែទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជា ក្រោយតុលាការកំពូល រំលាយចោលគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ពីបទក្បត់ជាតិ៕