ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លៃ​ទំនិញ​ឡើង​ថ្លៃ​និង​ចំណូល​ខ្វះមុខ​ខ្វះក្រោយ​ស្ថិត​ក្នុង​ចិត្ត​កម្មករ​រោងចក្រ មុន​ថ្ងៃ​បោះឆ្នោត​មក​ដល់


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និយាយ​ជាមួយ​នឹង​កម្មកររោងចក្រ​​ម្នាក់​​ក្នុង​រោងចក្រ​កាត់ដេរមួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និយាយ​ជាមួយ​នឹង​កម្មកររោងចក្រ​​ម្នាក់​​ក្នុង​រោងចក្រ​កាត់ដេរមួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។

នៅ​រៀងរាល់​អាណត្តិ​បោះឆ្នោត កម្មករ​កម្មការិនី​រាប់​ម៉ឺននាក់​នៅ​ទូទាំង​ប្រទេសកម្ពុជា​ បាន​ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់​របស់​ក្រុម​គណបក្ស​នយោបាយ​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ពួកគេ។

មិន​សូវ​ខុស​ពី​អាណត្តិ​មុនៗ​ដែរ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល ​បាន​និង​កំពុង​ផ្តល់​អនុសាសន៍​នានា​ ដើម្បី​ជំរុញ​ឱ្យ​កម្មករក្នុង​វិស័យវាយនភណ្ឌចេញទៅ​បោះ​ឆ្នោត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៣ ខែកក្កដា​នេះ ដោយ​អនុញ្ញាត​ឱ្យមាន​ការ​ឈប់​សម្រាករយៈពេល​ពីរថ្ងៃ​ ដោយ​មិន​កាត់​ប្រាក់​ឈ្នួល ការ​ផ្តល់​សេវា​ដឹកជញ្ជូន​តាម​រថយន្ត​ក្រុង​សាធារណៈ​ជាង​ ៣០០ គ្រឿង​ដើម្បី​ដឹក​កម្មករទៅ​ស្រុក​កំណើត​ដោយឥត​គិត​ថ្លៃ និង​ការ​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​ជា​មន្ត្រី​រាជការ​និង​ជា​កម្មការិនី​រោងចក្រ​ រហូត​ដល់​កូន​មាន​អាយុ​ពីរ​ឆ្នាំ​ទៀត​ផង។

កំពុង​ធ្វើដំណើរ​ដោយ​ថ្មើរជើង​តាម​ផ្លូវ​ទៅ​កាន់​រោងចក្រក្នុង​សង្កាត់​ចោមចៅ ខណ្​ឌពោធិ៍សែនជ័យ​ អ្នកស្រី ឌុន ឌី​ ដែល​ជា​កម្មការិនីរោងចក្រ​កាត់ដេរ​ យល់ថា ការ​សម្រួល​របស់​រដ្ឋាភិបាលជា​រឿង​ល្អ ​ដោយសារ​អាច​សម្រាល​បន្ទុក​របស់​កម្មករ​បាន​ខ្លះ។​

ស្រ្តី​វ័យ ២៧ ​ឆ្នាំ​រូបនេះ​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​គិត​ថា ​ល្អ។ ផ្តល់​អ៊ីចឹង​ ស្រួលធ្វើ​ដំណើរ។ តែ​ភាគ​ច្រើន​ខ្ញុំ​ទៅជិះ​តែម៉ូតូ​ទៅ​ដោយ​ខ្លួនឯង អត់​ដែល​ជិះ​ឡាន​ក្រុង​ទេ»។

អនុសាសន៍លើកទឹកចិត្ត​ទាំងអស់​នេះ​នឹង​ហុច​ប្រយោជន៍​ដល់​គណបក្ស​កាន់​អំណាច​ ដោយ​សារកម្មករដែល​ជា​ប្រភព​ដ៏​ធំ​មួយ​នៃសន្លឹក​ឆ្នោត​សម្រាប់​គណបក្ស​នយោបាយ នឹងចេញ​ទៅបោះឆ្នោត។ ក៏​ប៉ុន្តែវា​គ្រាន់តែ​ជា​ផល​ប្រយោជន៍​រយៈពេល​ខ្លី​ប៉ុណ្ណោះ ពីព្រោះ​បញ្ហា​ប្រឈម​ចម្បងៗ​របស់​ពួកគេ​ ដូចជា​តម្លៃ​ទំនិញ​ឡើង​ថ្លៃ និង​ប្រាក់​ចំណូល​ទាប តម្រូវ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​កើត​ចេញ​ក្រោយ​ការ​បោះឆ្នោត ធ្វើ​កិច្ចការ​ច្រើន​ជាង​នេះ​ទៅ​ទៀត។

ទោះ​បី​ជា​ពេញចិត្ត​នឹង​អនុសាសន៍​មួយ​ពេល​របស់​រដ្ឋាភិបាល​ក្តី ក៏​អ្នកស្រី ឌុន ឌី ​ដែល​ធ្វើ​ការ​ជា​កម្មករ​រោងចក្រ​ជិត​ ១០ ឆ្នាំ​មក​ហើយ​នោះ ​ចង់​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ ដូចជា​ទប់​ស្កាត់​តម្លៃទំនិញ​ឡើង​ថ្លៃ ដើម្បី​សម្រួល​ដល់​ជីវភាព​របស់ប្រជាពលរដ្ឋដោយសារ​ចំណូលរបស់​កម្មករ​កើនឡើង​តិច​បើ​ធៀប​នឹង​ទំនិញ​ឡើង​ថ្លៃ។

អ្នកស្រី ឌុន ឌី​ កម្មការិនីរោងចក្រ​កាត់​ដេរ ក្នុង​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្តល់​សម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី ឌុន ឌី​ កម្មការិនីរោងចក្រ​កាត់​ដេរ ក្នុង​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្តល់​សម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី កែវ វិស័យ ​ កម្មការិនីរោងចក្រ​កាត់​ដេរ ក្នុងរោង​ចក្រ​មួយ​នៅខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ ផ្តល់​សម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី កែវ វិស័យ ​ កម្មការិនីរោងចក្រ​កាត់​ដេរ ក្នុងរោង​ចក្រ​មួយ​នៅខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ ផ្តល់​សម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)

អ្នកស្រី​បញ្ជាក់​ថា៖ «និយាយ​រួមទៅ​ភាគ​ច្រើន ឱ្យ​តែប្រាក់​ខែរៀង​ឡើង​ ដឹង​តែទំនិញ​ឡើង​ដែរ​ហើយ ព្រោះ​ប្រាក់​ខែ​ឡើង​ទៅ ទំនិញ​រៀង​ឡើង​ទៅ ដូចតែដូច។ ប្រាក់ខែ​រៀង​ឡើង​ទៅ ទំនិញ​ឡើង​ថ្លៃ ដូចតែ​អត់ឡើង​ដែរ​ ព្រោះ​យើង​ចាត់​ចែង​អស់​ដដែល»។

ស្រដៀង​នឹង​អ្នកស្រី ឌុន ឌី​ ដែរ អ្នកស្រី​ កែវ វិស័យ ​ដែល​ធ្វើការ​ជា​កម្មករ​ផ្នែក​កាត់ដេរ​នៅ​រោងចក្រ​មួយ ក្នុងសង្កាត់​ចោមចៅ​ លើកឡើង​ថា អ្នកស្រី​ចង់​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មីយក​ចិត្ត​ទុក​ដាក់​លើ​ការ​ដំឡើង​ប្រាក់​ខែ ទប់​ស្កាត់ការ​កើន​ឡើងតម្លៃទំនិញ​ ហើយ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​សុខភាពរបស់​កម្មករក្នុង​រោងចក្រ។

អ្នក​ស្រី​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ [ជា] កម្មករ​កម្មការិនី​រោងចក្រ​ចង់​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​គិត​គូរ​ពី​ប្រាក់​ខែ ប្រាក់ខែ​យើង​ ឱ្យបាន​សមរម្យ​នឹង​ការ​ចាយ​វាយ​ប្រចាំខែ។​ ហើយ​នៅក្នុង​រោងចក្រ​ក៏​ស្នើ​សុំ​ឱ្យ​មាន​ ដូចជា​សុវត្ថិភាព អនាម័យ មាន​ទឹក​សម្រាប់​ហូប​ស្អាត សម្រាប់​ពួកខ្ញុំ​ជា​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​អី​អ៊ីចឹង ដូចថា​ចង់​បាន​ទឹក មាន​លុយ​មាន​អី​ថែម​ម៉ោង​អីអ៊ីចឹង»។

កម្មការិនីផ្នែក​ដេរ វ័យ​ ៣៤​ ឆ្នាំ​រូបនេះ​ ថ្លែង​បន្ថែម​ថា យោង​លើ​ស្ថានភាព​តម្លៃ​ទំនិញ​ក្នុង​ពេល​បច្ចុប្បន្ន ប្រាក់ឈ្នួល​ ៣០០​ ដុល្លារ​ ទើប​អាច​ទប់​ទល់​នឹង​តម្រូវការ​ចំណាយ​ប្រចាំ​ថ្ងៃ​បាន។​

ជារៀង​រាល់​ឆ្នាំ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​ដែល​មាន​សមាសភាព​ពី​តំណាង​រដ្ឋាភិបាល តំណាង​និយោជក និង​តំណាង​និយោជិត តែង​ជួបពិភាក្សា​គ្នា​ដើម្បី​កំណត់​ប្រាក់ឈ្នួល​សម្រាប់​កម្មករ​និយោជិតនៃ​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​សម្ភារៈ​ធ្វើ​ដំណើរ។ សម្រាប់​ឆ្នាំ​ ២០២៣ ក្រុម​ប្រឹក្សា​ប្រាក់​ឈ្នួល​បាន​កំណត់ប្រាក់ឈ្នួល​អប្បបរមា​ចំនួន ២០០ដុល្លារ។​

កំពុង​អង្គុយ​បរិភោគ​បាយ​ថ្ងៃត្រង់​នៅ​ក្រោម​ដើម​ឈើ​មួយ​ខាង​មុខ​រោងចក្រក្នុង​រាជធានី​ភ្នំពេញ លោក សួង ផាន កម្មករ​រោងចក្រ​ដេរ​ស្បែកជើង ក៏ចង់​ឱ្យមាន​ការ​គិត​គូរពី​បញ្ហា​តម្លៃ​ទំនិញ និង​តម្លៃ​ផ្ទះជួល​ដែល​តែង​កើន​ឡើង​ជា​រៀង​រាល់ឆ្នាំ​ផង​ដែរ។ លោក​ថា លោក​ត្រូវ​ចាយ​ត្បិតត្បៀត ដោយសារប្រាក់​ខែ​របស់​កម្មករមិន​សមាមាត្រ​នឹង​តម្លៃ​ទំនិញ​ និង​សេវាកម្មដែលកំពុង​កើន​ឡើងលើ​ទីផ្សារ។

លោក​ថ្លែង​ថា៖ «វា​ប៉ះពាល់​ដែរ យើង​ផ្ញើទៅ​អ្នក​ផ្ទះផង យើង​ត្រូវ​បង់​ផ្ទះ​ជួល​ផង ដល់​ពេល​តម្លៃ​ទំនិញ​ឡើង​ថ្លៃ​ទៀត យើង​វា​ត្រូវ​រៀង ថវិកា​ត្រូវ​ខ្សោយ​មួយ​កម្រិត​ទៀត»។

លោក សួង ផាន កម្មករ​រោងចក្រដេរ​ស្បែកជើង ​ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ផ្តល់​សម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)
លោក សួង ផាន កម្មករ​រោងចក្រដេរ​ស្បែកជើង ​ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ផ្តល់​សម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)

​ក្នុង​ឆ្នាំ​ ២០២២ កម្មករនៅ​តាម​រោងចក្រ​សហគ្រាស​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​នៅ​កម្ពុជា ​មាន​ចំនួន​សរុប​ប្រមាណជា​ជាង ១លាន​ ៥​សែននាក់។ ក្នុងនោះ​កម្មករវិស័យ​កាត់​ដេរ​មាន​ចំនួន​ជិត​ ៩ សែននាក់។ នេះ​បើតាម​របាយការណ៍​ស្តីពី​ការ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២ របស់​ក្រសួង​ការងារ។

លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​សហព័ន្ធ​កម្មករ​កម្ពុជា លើក​ឡើង​ថា លោក​តែង​សង្កេត​ឃើញរដ្ឋាភិបាល​បង្ហាញ​ការ​យកចិត្ត​ទុក​ដាក់​លើ​កម្មករ​តាម​រយៈ​ការ​ជួប​សំណេះ​សំណាល ​និង​ផ្តល់​ជា​ការ​សម្រួល​ផល​លំបាក​ផ្សេងៗ​ ក្នុង​រដូវ​បោះឆ្នោត ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​បន្ថែម​ពី​កម្មករ​ ដោយសារ​សំឡេង​របស់​កម្មករ​រោងចក្រ​មាន​ឥទ្ធិពល​ខ្លាំង​លើ​លទ្ធផល​បោះឆ្នោត។​

លោក​ថ្លែង​ថា៖ «វិស័យ​ដែល​មាន​សក្តានុពល​ខ្លាំង​សម្រាប់​កម្ពុជា​យើង​ គឺ​កាត់​ដេរ​ស្បែកជើង កាបូប​នោះ​ឯង ​ដែល​ផ្តល់​ការងារ​ដល់​កម្មករ​យើង​ជាង​ ៨០ម៉ឺននាក់ ហើយ​និង​អ្នក​ដែល​ទទួល​ផល​ដោយ​ប្រយោល​នោះ​មិន​តិច​ទេ យ៉ាងហោចណាស់​ក៏ជាង​ ២ លាន​នាក់​ដែរ​ ​ដែល​ទទួល​ផល​ដោយ​ប្រយោល។ ដូច្នេះ​ចំណុច​នេះ​គឺ​ជា​រឿង​មួយ​ដែល​សំខាន់​ណាស់ ប្រសិន​បើ​បង​ប្អូន​កម្មករ​គាត់​សាទរ គាត់​រីករាយ​ទៅ​នឹង​អ្វី​ដែល​ជា​ការ​ផ្តល់ជូន ទៅនឹង​អ្វី​ដែល​ជាការ​យកចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល។ វា​មាន​ន័​យ​ថា កម្មករ​គាំទ្រ​ម្នាក់ វា​ស្មើ​នឹង​សមាជិក​គ្រួសារ​គាត់​នៅ​ផ្ទះ ៤-៥ នាក់​ទៀត ដែល​គាំទ្រ​បន្ត»។

លោក ប៉ាវ ស៊ីណា លើក​ឡើង​បន្ថែម​ថា ការ​សម្រួល​ការ​ធ្វើ​ដំណើរ និង​ឈប់​សម្រាក​ផ្សេងៗ​សម្រាប់​កម្មករ​នៅ​មុន​ពេល​បោះឆ្នោត ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ក្នុងការ​ទាក់ទាញ​កម្មករ​បាន​ច្រើន​នោះ​ទេ។ លោក​ថា ​បញ្ហា​ដែល​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ និង​វាយភណ្ឌ បាន​និង​កំពុង​ប្រឈម ​ហើយ​រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង គឺ​សុវត្ថិភាព​នៃការ​ធ្វើ​ដំណើរ បញ្ហា​សុខភាព​ក្នុង​កន្លែង​ធ្វើការ និង​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​ដែល​មិន​សមាមាត្រ​នឹង​តម្លៃ​ទំនិញ។​

ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់លើ​កម្មករ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កើត​មាន​ឡើង​ជាច្រើ​ន​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ​យក​បាន​ទឹក​ចិត្ត​របស់​កម្មករ​រោងចក្រ តាម​រយៈការ​ទាមទារឱ្យ​មាន​ការ​តម្លើង​ប្រាក់​ឈ្នួល​គោល​អំឡុង​ឆ្នាំ​ ២០១៣។

គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ជំទាស់​ធំ​ជាង​គេ​ និង​ជា​គណបក្ស​ដែល​បង្កើត​ចេញ​ពី​ការ​រួមគ្នា​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧​ ដោយ​ចោទ​ថាបាន​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​ក៏​បាន​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស។ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ​គណបក្ស​ភ្លើងទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​លេចធ្លោ​ជាង​គេ​ក្នុង​អាណត្តិ​នេះ ក៏​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត ដោយ​សារ​មូល​ហេតុ​ថា ខ្វះ​ឯកសារ​សម្រាប់​ចុះ​ឈ្មោះ។​

រូបឯកសារ៖ កម្មករ​រោងចក្រធ្វើដំណើរទៅ​ធ្វើការ​នៅ​តាម​រោងចក្រ នៅ​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ កម្មករ​រោងចក្រធ្វើដំណើរទៅ​ធ្វើការ​នៅ​តាម​រោងចក្រ នៅ​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

​ចាប់​តាំង​ពី​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស​ក្នុង​រយៈពេល​ ៥ ឆ្នាំ​មក​នេះ ​សហជីព​នៅ​តាម​រោងចក្រ​ និង​សហជីព​ដែល​ការពារ​សិទ្ធិ​កម្មករ ​កាន់តែ​រង​ការ​រឹតត្បិត​ហើយ​ពិបាក​ក្នុងការ​បំពេញ​ការងារ​របស់​ពួកគេ។ នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​លោក ប៉ាវ ស៊ីណា។

លោក​ថ្លែង​ថា៖ «សកម្មភាព​របស់​យើង​ធ្វើ​ទៅ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ខ្លះគាត់​មិន​យល់​ពី​សកម្មភាព​របស់​យើង គេគិត​ថា ​យើង​ជាក្រុម​ធ្វើ​ការ​បម្រើគណបក្សនយោបាយ​ប្រឆាំង អ៊ីចេះ​មួយអ៊ីចេះ​ពីរ​ទៅ។ ដូច្នេះ​វា​ជា​ឧបសគ្គ​មួយ​សម្រាប់​ពួក​យើង។ ហើយ​ទីពីរ​ ពាក់ព័ន្ធ​នឹង​ការ​តាក់តែង​ច្បាប់ ឬក៏​ការ​ធ្វើ​ការ​កែប្រែច្បាប់​ណាមួយ​ពាក់ព័ន្ធ​នឹង​ច្បាប់​ការងារ ច្បាប់​សហជីព​ជាដើម គឺ​យោបល់​របស់​ពួកយើងហាក់​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ក្នុងការ​ដោះស្រាយនោះទេ ឬ​យោបល់​របស់​ពួកយើង​មិន​ត្រូវ​បាន​គេ​យក​ទៅ​កែប្រែ មិនដាក់​បញ្ចូល​ទៅក្នុង​ធាតុ​ច្បាប់​នោះ​ទេ»។

លោក​ ប៉ាវ ស៊ីណា បន្ថែម​ថា នៅពេល​ដែលសហជីព​ប្រឈម​នឹង​ការ​អនុវត្ត​ការងារ កម្មករ​នៅ​តាម​រោងចក្រ ក៏ត្រូវ​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិផង​ដែរ។

វីអូអេ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពីអ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ​ ​បាន​ទេ ដោយ​ទូរសព្ទ​គ្មាន​អ្នក​ទទួល និង​សារ​មិន​មាន​ការ​ឆ្លើយ​តប។

ក្នុង​របាយការណ៍​ស្តីពី​ការ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២ ​របស់​ក្រសួង​ការងារ​បង្ហាញ​ថា ក្រសួងបាន​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ ពង្រឹង​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ ក្នុង​រោងចក្រ​សហគ្រាស បាន​ជាង​ ៩០ ភាគរយ ទប់​ស្កាត់​ការ​ប្រើប្រាស់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​វាយនភណ្ឌ និង​កាត់ដេរ និងដោះស្រាយ​ករណី​រោងចក្រ​បិទទ្វារ​ដោយ​វិបត្តិ​ផ្សេងៗ​ជាដើម។

កាល​ពី​ដើម​ខែមិថុនា​កន្លង​ទៅ​នេះ​ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី​នៃ​អាណត្តិ​ទី​ ៧ អាច​នឹង​ត្រូវ​បង្កើតឡើង​នៅចុងខែ​សីហា​នេះ​ បើសិន​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី ​២៣ ខែកក្កដា ឆ្នាំ ​២០២៣ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដូច​ការគ្រោង​ទុក។

ស្របពេល​ជាមួយ​គ្នា​នោះ អ្នក​ការពារ​សិទ្ធិកម្មករ​ដូចជា​លោក ​ប៉ាវ​ ស៊ីណា រំពឹង​ថា ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹងយក​ចិត្ត​ទុក​ដាក់​លើ​បញ្ហាធំៗ​របស់​កម្មករ ដោយសារ​កម្មករ​ជា​កម្លាំង​ផលិត និង​ជាអ្នក​រក​ចំណូល​ចូល​ជាតិ។

លោក​ថ្លែង​ថា៖ «បង​ប្អូន​កម្មករ​ដែល​កំពុង​ធ្វើ​ការ​ជាង​ ៨៣​ ម៉ឺននាក់ ពួក​គាត់​ជា​ខឿន​សេដ្ឋកិច្ច ពួកគាត់​ជា​អ្នករក​លុយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​មួយ​ផ្នែក​ដ៏​សំខាន់បំផុត​ដែល​យើង​មិនអាច​មើល​រំលង​បាន ដូច្នេះ​រដ្ឋ​ត្រូវ​តែ​ឆ្លើយ​តប ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ពួកគាត់»៕

XS
SM
MD
LG