អង្គការសហប្រជាជាតិ និងក្រុមអង្គការសមាគមមានចំនួនជិត៨០ បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ទទូចដល់រដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ការវាយដំ និងការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធី នារយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមបានថ្លែងថ្កោលទោស ចំពោះការប្រើប្រាស់«អំពើហិង្សា»របស់កងកម្លាំងសន្ដិសុខទៅលើអ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនសកម្មជនជាង១០នាក់ កាលពីពេលថ្មីៗនេះ។
ពួកគេ ក៏ទាមទារឲ្យរដ្ឋាភិបាលដោះលែងមនុស្សចំនួន៦នាក់ ក្នុងចំណោមមនុស្សជាង១០នាក់ ដែលត្រូវបានចាប់ខ្លួនក្រោយចេញតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។ មនុស្សទាំង៦នាក់នោះ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ។
អង្គការសមាគមដែលភាគច្រើនជាគ្រឹះស្ថានការពារសិទ្ធិមនុស្ស ដីធ្លី និងបរិស្ថាន បានពណ៌នាក្នុងសេចក្តីថ្លែងការណ៍រួមមួយថា អាជ្ញាធរក៏បានប្រើប្រាស់អំពើហិង្សា និងចាប់ខ្លួនសាច់ញាតិរបស់អតីតសមាជិកគណបក្សជំទាស់ដែលត្រូវរំលាយផងដែរ ខណៈពួកគាត់ភាគច្រើនជាស្ត្រី កំពុងតវ៉ាប្រឆាំងនឹងការចាប់ខ្លួនសមាជិកក្រុមគ្រួសាររបស់ពួកគាត់។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៨ ខែសីហាបានបញ្ជាក់ថា៖ «ការអំពាវនាវឲ្យសមាជិកគ្រួសាររបស់អ្នកមានសេរីភាពពីពន្ធនាគារមកវិញនោះ មិនមែនជាបទល្មើសទេ។ ការសំដែងមតិជំទាស់ទៅនឹងការចាប់ខ្លួនមិត្តភក្តិរបស់អ្នកនោះ មិនមែនជាបទល្មើសទេ។ ការឈរប្រកៀកស្មាគ្នាជាមួយមនុស្សនៅក្នុងសហគមន៍របស់អ្នក និងការទាមទាររកយុត្តិធម៌ ក៏មិនមែនជាបទល្មើសដែរ»។
សេចក្តីថ្លែងការណ៍បន្ថែមថា៖ «ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិក្នុងការតវ៉ាដោយអហិង្សា ដែលមិនគួរត្រូវប្រឈមជាមួយនឹងការរុញច្រាន ការប្រើប្រាស់អំពើហិង្សា ឬ អូសទាញពីសំណាក់នគរបាលទេ។ យើងអំពាវនាវដល់រដ្ឋាភិបាលឲ្យដោះលែងជាបន្ទាន់អ្នកដែលត្រូវបានចាប់ខ្លួន ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅលើពួកគាត់ឲ្យបានឆាប់ និងគោរពសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការជួបជុំរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យបានពេញលេញ»។
ការតវ៉ាដែលធ្វើឡើងជាប់ៗគ្នាចាប់តាំងពីដើមខែសីហានោះ គឺផ្តើមចេញពីក្រុមយុវជន សកម្មជន និងអ្នកគាំទ្រមួយចំនួនរបស់លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា នៅឯគេហដ្ឋានរបស់លោក។
មេដឹនាំសហជីពរូបនេះ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំក្នុងពន្ធនាគារ ក្រោយពីលោក បានចុះទៅខេត្តត្បូងឃ្មុំ ហើយបានជួបប្រជាពលរដ្ឋ ដែលអះអាងថា ដីរបស់ពួកគេ ត្រូវបានវៀតណាមហាមមិនឲ្យធ្វើស្រែចម្ការ ហើយការបោះបង្គោលព្រំដែន បានចូលមកទឹកដីកម្ពុជា។ លោក រ៉ុង ឈុន បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីផងដែរអំពីសេចក្តីថ្លែងការណ៍របស់លោក ស្តីពីបញ្ហាវិវាទដីធ្លីនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។
ក្រុមយុវជន និងអ្នកគាំទ្រទាំងនោះទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន ដោយពួកគេយល់ថា លោក រ៉ុង ឈុន ជាអ្នកការពារទឹកដី និងជាអ្នក«ស្នេហាជាតិ»។
ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃទី១៤ ខែសីហា ការិយាល័យប្រចាំប្រទេសកម្ពុជានៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានផ្តល់ការកត់សម្គាល់នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ទោះបីជាការជួបប្រជុំទាំងនោះមានលក្ខណៈសន្តិវិធី ក៏យើងបានឃើញនូវការចាប់ខ្លួននិងឧប្បត្តិហេតុមួយចំនួននៃការប្រើប្រាស់កម្លាំងហួសប្រមាណ ទប់ទល់នឹងក្រុមបាតុករដែលភាគច្រើនជាស្ត្រីនិងយុវជនកម្ពុជា»។
បន្ថែមលើនោះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាន «អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធគោរពសិទ្ធិរបស់អ្នកតវ៉ា ក្នុងការជួបប្រជុំនិងសូមឲ្យការពារអ្នកដែលប្រើសិទ្ធិជួបប្រជុំនេះផង»។
ថ្លែងប្រាប់វីអូអេ តាមសារឆ្លើយឆ្លងអេឡិចត្រូនិកមួយកាលពីថ្ងៃចន្ទ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ច្រានចោលការអធិប្បាយរបស់គ្រឹះស្ថានសិទ្ធិមនុស្សរបស់អ.ស.ប.។
«ការលើកឡើងរបស់ឧត្តមស្នងការនេះ គឺហាក់បីដូចជាកំពុងតែការពារ និងលើកទឹកចិត្តដល់ក្រុមដែលមាននិន្នាការប្រឆាំងឲ្យកាន់តែហ៊ានធ្វើសកម្មភាពក្នុងការបំពានច្បាប់ ដើម្បីសម្រេចបាននូវគោលដៅនយោបាយរបស់គេ គឺថា ធ្វើយ៉ាងម៉េចឲ្យមានភាពចលាចលនៅក្នុងសង្គម ហើយឈានទៅការសម្រេចនូវមហិច្ឆតានយោបាយ របស់អង្គការចាត់តាំងដែលរៀបចំនៅពីក្រោយ»។
លោក ជុំ ហួត ប្រធានសមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម ដែលស្ថិតក្នុងចំណោមអង្គការសមាគមទាំងជិត៨០ ប្រាប់វីអូអេថា ក្រុមអ្នកតវ៉ាមិនមានផែនការសម្រេចមហិច្ឆតានយោបាយ តាមរយៈការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ទេ។
«គាត់អត់បានលើកស្លាក គាត់អត់បានលើកទង់ជ័យបក្ស ហើយសារ...ដែលគាត់ទាមទារហ្នឹង ក៏មិនបានលើកយកគណបក្សនយោបាយណាដែរ»។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំនៅតំបន់អាស៊ី លើកឡើងថា មន្ត្រីការទូតនិងមន្ត្រីអង្គការសហប្រជាជាតិ ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជា គួរបង្ហាញការគាំទ្រខាងសិទ្ធិមនុស្ស ដោយការទៅអង្កេតដោយផ្ទាល់នៅទីតាំងនៃការជួបប្រជុំហើយទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ បញ្ឈប់ការបង្ក្រាបលើក្រុមអ្នកតវ៉ាដោយអហិង្សា។
មន្ត្រីនៃស្ថានតំណាងសហភាពអឺរ៉ុបនិងស្ថានទូតអូស្ត្រាលី បានជួបស្ត្រីជាភរិយាសកម្មជនតវ៉ាកាលពីពេលថ្មីៗនេះ។ ក្នុងជំនួបមួយជាមួយលោកអគ្គស្នងការនគរបាលជាតិ នេត សាវឿន លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ក៏បានលើកឡើង អំពីការប្រឈមមុខដាក់គ្នារវាងកងកម្លាំងសន្ដិសុខនិងក្រុមអ្នកតវ៉ាផងដែរ។
ក៏ប៉ុន្តែលោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបកស្រាយថា ការតវ៉ាកន្លងមករបស់ក្រុមយុវជន និងអ្នកគាំទ្រលោក រ៉ុង ឈុន នោះ ធ្វើឡើងដោយបំពានច្បាប់។
«ការជួបជុំការសំដែងមតិរបស់ក្រុមដែលមាននិន្នាការប្រឆាំង រយៈពេលប៉ុន្មានថ្ងៃនេះ គឺថា មិនមែនជាការអនុវត្តនូវសិទ្ធិសេរីភាព តាមផ្លូវច្បាប់ក្នុងសង្គមប្រជាធិបតេយ្យនោះទេ តែផ្ទុយទៅវិញគឺជាធ្វើសកម្មភាពដែលបំពានច្បាប់ បំពានហ្នឹង គឺបំពានទាំងរដ្ឋធម្មនុញ្ញ បំពានទាំងបញ្ញតិ្តច្បាប់ជាតិរបស់កម្ពុជារួមមានច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងបញ្ញត្តិនៃក្រមព្រហ្មទណ្ឌដែលពាក់ព័ន្ធដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈជាដើម»។
ក្នុងការតវ៉ាទាមទារឲ្យដោះលែង រ៉ុង ឈុន កាលពីសប្តាហ៍មុន មានយុវជនចំនួន៦នាក់ នៃក្រុមយុវជនខ្មែរថាវរៈ ត្រូវបានចាប់ខ្លួន ប៉ុន្តែ៤នាក់ ត្រូវបានដោះលែងមកវិញ បន្ទាប់ពីបានធ្វើកិច្ចសន្យាចំនួនបីសំខាន់ៗជាមួយមន្ត្រីនគរបាល គឺការមិនផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែត មិនបង្ហោះ ឬ ថ្លែងសារណាមួយទាក់ទិនបញ្ហានយោបាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ដែលប៉ះពាល់រដ្ឋាភិបាល និងមិនឲ្យចូលរួមសកម្មភាពដែលបង្កឲ្យមានការផ្តួលរំលំរដ្ឋាភិបាល។
យុវជនពីររូបរបស់ក្រុមយុវជនខ្មែរថាវរៈ គឺកញ្ញា ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ ត្រូវបានឃុំខ្លួនបន្ត ដោយសារសកម្មជនទាំងពីរត្រូវបានចោទពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។
ចំណែកលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ដែលចូលរួមតវ៉ាកាលពីសប្តាហ៍មុនផងដែរនោះ ត្រូវបានចោទពីបទ «ញុះញង់បំភ្លៃការណ៍ពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស មកលើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាថា ប្រព្រឹត្តបទល្មើសក្បត់ជាតិលើរឿងព្រំដែនកម្ពុជា-វៀតណាម»។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការ និងសមាគមខាងលើ បានឲ្យដឹងថា កាលពីសប្តាហ៍មុនមួយទៀត សកម្មជន៤នាក់ផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីពួកគាត់បានចូលរួមតវ៉ា ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ ក្នុងនោះមានលោក ឈួ ផេង និងលោក ជុំ ពុទ្ធី ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារ។ សកម្មជនម្នាក់ទៀត គឺយុវតី ស កន្និកា ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ដូចគ្នា បន្ទាប់ពីបានចូលរួមតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន កាលពីថ្ងៃទី៧ខែសីហា។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ទៀតថា ព្រះសង្ឃចំនួន៨អង្គ ដែលបាននិមន្តមកពីខេត្តបាត់ដំបង ត្រូវបាននគរបាលឃាត់ព្រះកាយ និងបង្ខំឲ្យនិមន្តត្រឡប់ទៅវត្តដែលព្រះអង្គគង់នៅវិញ។
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកសេចក្តីថ្លែងការណ៍របស់អង្គការ និងសមាគមជិត៨០នោះថា ធ្វើឡើងដោយមិនឆ្លុះបញ្ចាំងពីការណ៍ពិត ដោយថា អាជ្ញាធរ«មិនបានប្រើហិង្សា»ទៅលើអ្នកតវ៉ាទេ ប៉ុន្តែគ្រាន់តែបានអនុវត្តច្បាប់បង្ក្រាបការជួបជុំ និងបាតុកម្មដែលបំពានច្បាប់។ លោកបន្ថែមថា សេចក្តីថ្លែងការណ៍នោះ ក៏គ្មានឥទ្ធិពលលើស្ថាប័នតុលាការ ដែលជាស្ថាប័នឯករាជ្យនោះដែរ៕