ភ្នំពេញ៖ មន្ត្រីសិទ្ធិមនុស្សបាននិយាយថា តុលាការខេត្តកោះកុងគ្រោងនឹងបើកសវនាការជំនុំជម្រះសំណុំរឿងនៃឃាតកម្មសម្លាប់លោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏លេចធ្លោមួយកាលពី៥ខែមុន នៅខែតុលា។ ទាក់ទងនឹងសំណុំរឿងនេះ មានការសន្និដ្ឋានខុសៗគ្នារវាងរដ្ឋាភិបាលនិងមន្ត្រីអង្គការសង្គមស៊ីវិល។
លោកឈុត វុទ្ធី អាយុ៤៦ឆ្នាំ ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានឃាដករបាញ់សម្លាប់កាលពីថ្ងៃទី២៦ខែមេសា នៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។
ឃាដកម្មនេះបានកើតឡើង ក្រោយពីលោកបាននាំអ្នកកាសែតភាសាអង់គ្លេសThe Cambodia Daily ចំនួនពីររូបចុះយកព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើក្នុងខេត្តកោះកុង។
មានការបង្ហាញរបាយការណ៍ផ្ទុយគ្នា ក្រោយពីហេតុការណ៍នេះបានកើតឡើង។ រដ្ឋាភិបាលកម្ពុជាបានបើកគណៈកម្មការស៊ើបអង្កេតមួយ។ ក៏ប៉ុន្តែរយៈពេលបីថ្ងៃប៉ុណ្ណោះរដ្ឋាភិបាលក៏បានធ្វើការសន្និដ្ឋានថា លោកឈុត វុទ្ធីត្រូវបានលោកអ៊ីន រតនា មន្ត្រីកងរាជអាវុធហត្ថដែលការពារក្រុមហ៊ុន Timber Green ជាអ្នកបាញ់សម្លាប់។
របាយការណ៍ដដែលបាននិយាយទៀតថា លោកអ៊ីន រតនាបានស្លាប់នៅពេលដែលលោករ៉ាន់ បូរ័ត្ន អ្នកមើលការខុសត្រូវក្រុមហ៊ុនTimber Green បានទៅដណ្តើមកាំភ្លើងពីលោកអ៊ីន រតនា រួចហើយបានបណ្តាលឲ្យរាលកៃកាំភ្លើងស្លាប់។ ក្រោយមកមន្ត្រីរដ្ឋាភិបាលបានប្រកាសបិទការស៊ើបអង្កេត។
ការសន្និដ្ឋានយ៉ាងប្រញាប់ប្រញាល់របស់សមត្ថកិច្ចនេះបានបង្កឲ្យមានការរិះគន់ពីក្រុមអង្គការសង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែបន្តការស៊ើបអង្កេតឲ្យដល់ឫសគល់សិនមុននឹងសម្រេចបិទបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន។
ពួកគេបានសន្និដ្ឋានផ្ទុយពីសមត្ថកិច្ចទៅវិញថា លោកអ៊ីន រតនាទំនងជាត្រូវជនសង្ស័យទីបីសម្លាប់បំបិទមាត់។
រហូតមកដល់ពេលនេះ មានជនសង្ស័យតែម្នាក់ប៉ុណ្ណោះគឺលោក រ៉ាន់ បូរ័ត្នត្រូវបានចាប់ឃុំខ្លួនដើម្បីរងចាំការជំនុំជម្រះទោសពីបទមនុស្សឃាដដោយអចេតនាដែលទោសនេះត្រូវជាប់ពន្ធនាគារពី១ឆ្នាំដល់៣ឆ្នាំនិងត្រូវពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀលតាមមាត្រាទី២០៧នៃក្រមព្រហ្មទណ្ឌថ្មី ប្រសិនណាបើតុលាការរកឃើញថា មានទោសកំហុស។
លោកអំ សំអាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ បាននិយាយថា តុលាការគ្រោងនឹងបើកសវនាការនៅថ្ងៃទី០៤ខែតុលាខាងមុខនេះដែលមានជនសង្ស័យរ៉ាន់ បូរ័ត្ន និងសាក្សីមួយចំនួនទៀត ក្នុងនោះមានមន្ត្រីកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ។
លោកបានបញ្ជាក់ថា ការបើកសវនាការនេះជាដំណឹងល្អមួយ ក៏ប៉ុន្តែតុលាការគួរតែពិនិត្យឲ្យបានច្បាស់ទៅលើអង្គហេតុទាំងអស់ដើម្បីឲ្យជនរងគ្រោះទទួលបានយុត្តិធម៌។
លោកអំ សំអាតនិយាយថា៖
«ហើយប្រសិនបើមានបញ្ហាដែលមានវិមតិសង្ស័យ ឬក៏មានបញ្ហាខ្វះចន្លោះយ៉ាងណា សូមឲ្យមានការចាត់របៀបដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៅលើករណីនេះ»។
វីអូអេបានព្យាយាមទាក់ទងលោកស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃតុលាការខេត្តកោះកុងដើម្បីស្នើសុំសេចក្តីអត្ថាធិប្បាយ តែមិនអាចទាក់ទងបានទេនៅថ្ងៃពុធនេះ។ នៅពេលទាក់ទងលោកតាមទូរស័ព្ទ អ្នកលើកទូរស័ព្ទនិយាយថា លោកកំពុងកាត់ក្តី។
អ្នកលើកទូរស័ព្ទនេះនិយាយថា៖
«គាត់អត់នៅផង! គាត់ចូលសវនាការ»។
អ្នកស្រីសំ ចាន់ធី អាយុ៤០ឆ្នាំ ភរិយាលោកឈុត វុទ្ធី បាននិយាយថា លោកស្រីមិនទាន់បានទទួលដិការកោះអញ្ជើញឲ្យចូលរួមក្នុងសវនាការនៅឡើយទេ។ អ្នកស្រីបាននិយាយថា ប្រសិនណាបើមានដិការពីតុលាការ អ្នកស្រីនឹងចូលរួមដើម្បីទាមទារឲ្យតុលាការរកយុត្តិធម៌ដល់ស្វាម៉ីរបស់អ្នកស្រី។
អ្នកស្រីបាននិយាយថា មានជនសង្ស័យពីរនាក់ផ្សេងទៀតដែលបានពាក់ម៉ាសបិទមុខជាមន្ត្រីកងកម្លាំងប្រដាប់អាវុធ ក៏ជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកអ៊ីន រតនានិងស្វាម៉ីរបស់អ្នកស្រីផងដែរ។
«បើតុលាការកាត់ទោសមែន ត្រូវស្រាវជ្រាវអ្នកពាក់ម៉ាសមុខដែលនៅក្នុងហេតុការណ៍សម្លាប់ប្តីខ្ញុំហ្នឹង។ បីនាក់ហ្នឹងទៀតបានអាចរកសាក្សីបានឃើញថា អ្នកណាជាអ្នកបាញ់ពិតប្រាកដ»។
អ្នកស្រីបាននិយាយថា ជនសង្ស័យផ្សេងទៀតគឺជាកងកម្លាំងប្រដាប់អាវុធនៅក្នុងក្រុមហ៊ុនTimber Green៕