នៅមុនខួបទី៣២ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនទាន់អនុវត្តស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានល្អប្រសើរនៅឡើយ ដោយសារសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការចូលរួមធ្វើនយោបាយបន្តរងការរឹតត្បិត។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាខួបទី៣២នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលមានប្រទេសចំនួន១៨ចូលរួមចុះហត្ថលេខា កាលពីឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះបានធ្វើឱ្យខ្មែរ៤ភាគីឈប់បាញ់គ្នា និងនាំមកនូវសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យភាពជាតិ និងការអភិវឌ្ឍ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់វីអូអេថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់ភ្លើងសង្គ្រាម និងធ្វើឱ្យមានសុខសន្តិភាព។ ប៉ុន្តែអ្នកស្រីថា ស្ថានភាពសិទ្ធិមនុស្សរហូតមកដល់ពេលបច្ចុប្បន្ននេះ មានការប្រឈមច្រើន បើទោះបីជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះត្រូវបានបញ្ចូលទៅក្នុងស្មារតីរដ្ឋធម្មនុញ្ញក៏ដោយ។
អ្នកស្រីថ្លែងថា៖ «ជាពិសេសពាក់ព័ន្ធនឹង សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយហ្នឹងគឺ ហាក់បីគឺមានការប្រទាំងប្រទើសច្រើន ដែលរដ្ឋាភិបាលហាក់ដូចមិនបើកទូលាយ ហើយមានការរឹតបន្តឹង ហើយមានការដៅមុខសញ្ញាច្រើនចំពោះតួអង្គនៅក្នុងលំហសង្គមប្រជាធិបតេយ្យហ្នឹង»។
អ្នកស្រីបន្តថា៖ «យើងឃើញមានទាំងគណបក្សនយោបាយ តំណាងរាស្រ្ត ថ្នាក់ដឹកនាំសហជីព ឬ ក៏ខាងសកម្មជនអីហ្នឹងមានការប្រឈមនៅពេលដែលពួកគាត់ធ្វើការងារដែលស្របទៅតាមច្បាប់របស់យើងមានហើយធ្វើការលើកកម្ពស់នូវសិទ្ធិដែលរដ្ឋាភិបាលបានទទួលស្គាល់ទាំងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងផង នៅក្នុងគោលការណ៍រដ្ឋធម្មនុញ្ញហ្នឹងផង»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះ បន្ថែមទៀតថា បើការរឹតត្បិតសិទ្ធិសេរីភាពនេះនៅតែបន្ត នោះពលរដ្ឋនឹងមិនអាចអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានពេញលេញដូចដែលមានធានាក្នុងរដ្ឋធម្មនុញ្ញ និងក្នុងស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ។
អ្នកស្រីលើកឡើងថា៖ «រដ្ឋាភិបាលតែងតែអះអាងថា ធ្វើយ៉ាងណាក៏ដោយត្រូវតែការពារដាច់ខាតនូវតម្លៃសន្តិភាពហ្នឹង។ ខ្ញុំមើលទៅការគ្រាន់តែឱ្យតម្លៃទៅលើមួយផ្នែកនៃសន្តិភាពបានន័យថា សន្តិភាពបែបអវិជ្ជមានគឺ មានន័យថា អវត្តមាននៃសង្គ្រាម។ ប៉ុន្តែចំពោះសន្តិភាពគេហៅថា បែបសន្តិភាពគឺមិនទាន់ពេញលេញទេ ព្រោះយើងកសាងសន្តិភាពឱ្យបានពេញលេញទាល់តែពលរដ្ឋហ្នឹងគឺអាចប្រកបដោយសុខុដមនីយកម្ម មានសេរីភាពពេញលេញ។ បើប្រជាពលរដ្ឋនៅតែមិនអាចមានសេរីភាពពេញលេញ យើងមិនអាចទាន់សម្រេចបាននូវគោលដៅសន្តិភាពទេ»។
អ្នកស្រីចក់ សុភាព បន្ថែមថា មកដល់បច្ចុប្បន្ននេះរដ្ឋាភិបាលថ្មីមិនទាន់មានជាសញ្ញាណណាមួយក្នុងការបង្ហាញពីការធានាដល់គោលការណ៍សិទ្ធិ និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សដែលបានបន្សល់ពីរដ្ឋាភិបាលចាស់នោះឡើយ។
លោក ស្រ៊ុន ស៊ន អ្នកជំនាញកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសលើកឡើងដែរថា កិច្ចព្រមព្រៀងនេះបានជួយបញ្ចប់សង្គ្រាម ជាពិសេសនាំមកនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ លោកថា រដ្ឋាភិបាលជាអ្នកដែលត្រូវគោរពកិច្ចព្រមព្រៀងនេះដោយមិនរំលោភទៅលើស្មារតីនៃសន្ធិសញ្ញានេះ ខណៈអ្វីដែលរដ្ឋាភិបាលបានគោរពកន្លងមកគឺត្រឹមតែរៀបចំការបោះឆ្នោត។
លោកបញ្ជាក់ថា៖ «គឺត្រង់ថា រដ្ឋាភិបាលនៅតែរក្សាឱ្យមានការបោះឆ្នោតបន្តទៀត ត្រង់ថាការ បោះឆ្នោតនោះគឺសេរីត្រឹមត្រូវ ឬក៏អត់នោះ គឺអាស្រ័យទៅលើការពិនិត្យជាក់ស្តែង។ តើគណបក្សនយោបាយទាំងអស់មានសិទ្ធិប្រកួតប្រជែងគ្នាដែរ ឬទេ ឬក៏ត្រូវបានរំលាយចោល ត្រូវបានរំលោភ សកម្មជនបក្សត្រូវបានគេដេញចេញពីប្រទេស ឬក៏គំរាមកំហែង ឬក៏ចាប់ដាក់គុក ដាក់ច្រវ៉ាក់ជាដើម»។
អ្នកជំនាញផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានជួយការពារបូរណភាពទឹកដីគេចចេញពីការឈ្លានពានរបស់បរទេស និងបញ្ឈប់រាល់សង្រ្គាមនៅកម្ពុជា។ លោកថា រដ្ឋាភិបាលអាណត្តិថ្មីគួរតែគោរព និងឱ្យតម្លៃទៅលើកិច្ចព្រមព្រៀងនេះ ជាជាងការព្យាយាមបំភ្លេច និងបំភ្លៃថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះបានអស់សុពលភាព។
លោកថ្លែងថា៖ «រដ្ឋាភិបាលខ្លួនឯងត្រូវមានឆន្ទៈមាននូវការប្តេជ្ញាចិត្ត និងឱ្យតម្លៃផងដែរទៅដល់កិច្ចព្រមព្រៀងមួយនេះ ហើយធ្វើការផ្សព្វផ្សាយជាសាធារណៈ ជាពិសេសនៅថ្ងៃនៃការសម្រេច ដែលដាក់ចេញការអនុវត្តកិច្ចព្រមព្រៀងមួយនេះ ជូនចំពោះសាធារណជន។ ប៉ុន្តែចំណុចនេះយើងឃើញថា គួរឱ្យសោកស្តាយដែលរដ្ឋាភិបាលអាណត្តិមុនតែងតែ ព្យាយាមបំភ្លេចនិងបំភ្លៃហើយបំភាន់ថា កិច្ចព្រមព្រៀងមួយនេះ គឺអស់សុពលភាព កិច្ចព្រមព្រៀងមួយនេះលែងមានអត្ថន័យសម្រាប់ប្រទេសកម្ពុជា»។
លោកបន្តទៀតថា សង្គមស៊ីវិលនិងប្រជាពលរដ្ឋក៏ត្រូវចូលរួមចំណែកជំរុញឱ្យរដ្ឋាភិបាលទទួលស្គាល់កិច្ចព្រមព្រៀងមួយនេះ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិ ជាជាងការគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។
បើតាមគោលការណ៍សំខាន់ៗនៃកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសកាលពីជាង៣០ឆ្នាំមុនភាគីហត្ថលេខីទាំងអស់រួមមានទាំងកម្ពុជាខ្លួនឯងផង បានព្រមព្រៀងគ្នាថា នាំកម្ពុជាឲ្យមានសន្តិភាព ការរីកចម្រើនផ្នែកប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍពេញលេញសម្រាប់ពលរដ្ឋគ្រប់រូប និងគ្រប់និន្នាការនយោបាយ។
ប៉ុន្តែគេមើលឃើញថា ភាគីនយោបាយខ្មែរនៅតែបន្តចោទប្រកាន់ និងវាយប្រហារគ្នាឥតឈប់ឈរ ដោយភាគីរដ្ឋាភិបាលរងការចោទថាបានរំលោភសិទ្ធិមនុស្ស និងធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ ខណៈក្រុមជំទាស់បន្តស្នើសុំឲ្យមានការជួយពីអន្តរជាតិពាក់ព័ន្ធនឹងការរំលោភសិទ្ធិ និងការធ្វើទុក្ខបុកម្នេញទាំងនោះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា លើកឡើងថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជារួចទៅហើយ និងថា សេរីភាពក៏ដូចជាការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពពេញលេញ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋខ្មែរយើងមានសេរីភាពពេញទី។ សូមក្រឡេកមើលបណ្តាញសង្គម។ នរណាចង់និយាយបញ្ចេញមតិយ៉ាងម៉េចគ្មាននរណាហាមឃាត់ទេ ប៉ុន្តែអ្នកមួយចំនួនមានបញ្ហាដោយសារតែគាត់បំពានទៅនឹងមាត្រា៤១ហ្នឹងឯង»។
ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបានសម្រេចឱ្យមានថ្ងៃឈប់សម្រាកនៅរាល់ខួបនៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១នេះ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២០មក រដ្ឋាភិបាលបានសម្រេចលុបចោលថ្ងៃ២៣តុលាចេញ លែងអនុញ្ញាតមានការឈប់សម្រាកជាសាធារណៈ៕