ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុប​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​អង្គរ​ផ្លាយវូត​ដែល​នាំ​ឈើ​កម្រ​ចេញ​ទៅ​ប្រទេស​ក្រៅ


សមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាតនិងបំបួសព្រៃឈើនៅក្នុងតំបន់អភិរក្សព្រៃឡង់។ (រូបថតដោយបណ្តាញសហគមន៍ព្រៃឡង់)
សមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាតនិងបំបួសព្រៃឈើនៅក្នុងតំបន់អភិរក្សព្រៃឡង់។ (រូបថតដោយបណ្តាញសហគមន៍ព្រៃឡង់)

អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​ព្រៃ​ឈើ​ជាង​២០​ស្ថាប័ន​ស្នើ​រដ្ឋាភិបាល​លុប​អាជ្ញា​បណ្ណ​ក្រុម​ហ៊ុន​អង្គរ​ផ្លាយវូត ​(Angkor Plywood) ​ក្នុង​ការ​នាំ​ឈើ​កែច្នៃ​ចេញ​ទៅ​ប្រទេស​ក្រៅ​ ក្រោម​មូលហេតុ​ថា ក្រុម​ហ៊ុន​មួយ​នេះ​នាំ​ឈើ​ប្រណិត​ចេញ​ទៅ​ប្រទេស​វៀតណាម ​ខុស​ពី​អាជ្ញា​បណ្ណ​ដែល​ទទួល​បាន។​

ការ​ស្នើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ហ៊ុន​អង្គរ​ផ្លាយវូត ​(Angkor Plywood) ​ដែល​នឹង​ត្រូវ​ផុត​អាជ្ញា​បណ្ណ​នាំ​ចេញ​ឈើ​កែ​ច្នៃ​ ក្តារ​បន្ទះ ​ក្តារ​កម្រាល​ការ៉ូ​ និង​ផលិត​ផល​ចំណិត​ឈើ​ស្នូល​(Core Veneer)​ ត្រឹម​ចុង​ឆ្នាំ​២០២៣​នេះ ​ហើយ​បាន​ស្នើ​សុំ​រដ្ឋាភិបាល​ឱ្យ​បន្ត​អាជ្ញា​បណ្ណ​ខ្លួន​ដល់​ឆ្នាំ​២០២៦។ ​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ ចេញ​នៅ​ថ្ងៃ​ទី​១០​ ខែ​តុលា ​ឆ្នាំ​២០២៣ ​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​និង​សហគមន៍​ព្រៃឈើ​ប្រមាណ​ជា​២៤​ស្ថាប័ន ​ដែល​រួម​មាន​សមាគម​បណ្តាញ​យុវ​ជន​កម្ពុជា​(CYN) ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ​(ADHOC)​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស ​និង​បណ្តាញ​សហគមន៍​ព្រៃឡង់ ​(PLCN)​ជា​ដើម ​បញ្ជាក់​ថា ក្រុម​ហ៊ុន​អង្គរ​ផ្លាយវូត ​ពាក់​ព័ន្ធ​ការ​នាំ​ឈើ​កម្រ​ដែល​កាប់​បំផ្លាញ​ពី​ក្នុង​ព្រៃ​ការពារ​ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។​

ពួក​គេ​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ស្នើ​សុំ​ព​ន្យារ​ពេល​នាំ​ឈើ​ចេញ​រយៈ​ពេល​៥​ឆ្នាំ​បន្ថែម​ទៀត​របស់​ក្រុមហ៊ុន​ ​អង្គរ​ផ្លាយវូត​ ខូ អិលធីឌី​ ចាប់​ពី​ឆ្នាំ​២០២២​ ដល់​ឆ្នាំ​២០២៦​ ខណៈ​ពួកគេ​ថា ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ និង​តំបន់​អភិរក្ស​នៅ​តែ​មាន។​

លោក ​ហេង គឹមហុង ​ ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN)​ លើក​ឡើង​ថា​ ការ​ស្នើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​គឺ​ដោយ​សារ​តែ​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ ព្រោះ​តែ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​បន្ត​កើត​មាន។​ លោក​អះអាង​ថា ក្រុមហ៊ុន​អង្គរ​ផ្លាយវូត​ ជា​អ្នក​ទទួល​ទិញ​ និង​នាំ​ឈើ​កម្រ​ចេញ​ទៅ​ក្រៅ​ប្រទេស។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«បើ​ទោះ​បី​ជា​ មិន​មែន​ជា​អ្នក​កាប់​បំផ្លាញ​ផ្ទាល់​ក៏​ដោយ​ ក៏​មាន​ប្រភព​មួយ​ចំនួន​បាន​ប្រាប់​យើង​អំពី​ការ​មាន​ទំនាក់​ទំនង​ជាមួយ​បណ្តាញ​អ្នក​កាប់​ឈើ​នៅ​ជុំវិញ​តំបន់​ការពារ​ធន​ធាន​ធម្មជាតិ​ និង​ក្រុម​ហ៊ុន​តូចៗ​ដែល​ជា​អ្នក​នាំ​ឈើ​ចេញ​ពី​តំបន់​ការពារ​[ធន​ធាន]​ធម្មជាតិ​ យក​ទៅ​លក់​ឱ្យ​ក្រុម​ហ៊ុន​នេះ​ដើម្បី​ធ្វើ​ការ​នាំ​ចេញ»។​

លោក​ ហេង គឹមហុង ​បន្ថែម​ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ទី៧​ស៊ើប​អង្កេត​ និង​ចាត់​វិធាន​ការ​តឹងរ៉ឹង ​ពាក់​ព័ន្ធ​នឹង​ការ​នាំ​ឈើ​ចេញ​ខុស​គោល​ការណ៍​ច្បាប់​របស់​ក្រុម​ហ៊ុន​មួយ​នេះ​ ដោយ​ថា ​ការ​នាំ​ឈើ​ចេញ​ខុស​ច្បាប់​ គឺ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​គម្រប​ព្រៃឈើ ​និង​បាន​ធ្វើ​ឱ្យ​ការ​បាត់​បង់​ព្រៃ​ឈើ​កម្ពុជា។​ ​

លោក​បន្ត​ថា៖​ «ដូច្នេះ​យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​រាជ​រដ្ឋាភិបាល​មេត្តា​បញ្ឈប់​អាជ្ញា​បណ្ណ​សម្រាប់​ក្រុម​ហ៊ុន​នេះ​ និង​ធ្វើការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ជុំវិញ​ក្រុម​ហ៊ុន​នេះ ​នាំ​ឈើ​ចេញ​ខុស​ពី​គោល​ការណ៍ ​ដែល​ធ្វើ​ឱ្យ​ផ្ទុយ​អំពី​ច្បាប់​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា»។​ ​

កាល​ពី​កន្លង​ទៅ​ ​ប្រជា​សហគមន៍​ព្រៃ​ឈើ ​ព្រម​ទាំង​អង្គការ​ជាតិ ​និង​អន្តរ​ជាតិ ​បាន​រាយ​ការណ៍​ថា​ ​វត្តមាន​ក្រុម​ហ៊ុន ​Angkor Plywood ​និង​ក្រុម​ហ៊ុន​ Think Biotech Co.​ Ltd ​បាន​ធ្វើ​សកម្ម​ភាពរួម​គ្នា​ក្នុង​ការ​ទាញ​យក​ធន​ធាន​ព្រៃ​ឈើ​ ទាំង​កាប់​ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ការពារ​ ទាំង​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ និង​តំបន់​ព្រៃឡង់​ជា​ដើម។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ក្រុម​ហ៊ុន​អង្គរ​ផ្លាយវូត​ និង​លោក ​ប៉ែន បូណា ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​បាន​នៅ​ឡើយ​ទេ​រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

លិខិត​មួយ​ច្បាប់​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​ចុះ​ថ្ងៃ​ទី​១៥​ ​ខែ​ធ្នូ​ ឆ្នាំ​២០២១​ ដែល​មាន​ត្រា​ពណ៌​ខៀវ​របស់​ក្រុម​ហ៊ុន​ អង្គរ​ផ្លាយវូត​ ខូអិលធីឌី​ ​ដែល​វីអូអេ​ទទួល​បាន ​បង្ហាញ​ថា​ កាល​ពី​ឆ្នាំ​២០២១ ​ក្រុម​ហ៊ុន​នេះ​បាន​ស្នើ​សុំ​បន្ត​អាជ្ញា​បណ្ណ​ដល់​ឆ្នាំ​២០២៦។ ​ប៉ុន្តែ​កាល​នោះលោក ​ហ៊ុន សែន ​បាន​សម្រេច​ពន្យារ​សុពល​ភាព​ឱ្យ​ក្រុម​ហ៊ុន​នេះ​នាំ​ចេញ​នូវ​ឈើ​កែច្នៃ​ពី​ឈើ​ចំនួន​១០​ម៉ឺន​ម៉ែត្រ​គូប​ (១០៣​៧៦៣,១៥​ម៉ែត្រ​គូប)​ ដែល​នៅ​សេស​សល់ ​ត្រឹម​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ​ឆ្នាំ​២០២៣។​

កាល​ពី​ខែ​មីនា ​ឆ្នាំ​២០២២​ ក្រុម​ហ៊ុន​នេះ​បាន​នាំ​ឈើ​ ចេញដូច​ជា​ស្រឡៅ ​កកោះ ​ផ្ចិក ​សុក្រម ​សរុប​ទាំង​អស់​ជាង​២​លាន​គីឡូ​ក្រាម​ (២,២៣៥,៨៤០​គីឡូក្រាម) ​ចេញ​ទៅ​ប្រទេស​វៀតណាម។​ នេះ​បើ​តាម​លិខិត​នាំ​ឈើ​ចេញ ​ ចុះ​ថ្ងៃ​ទី​១៩​ ខែ​មីនា ​ឆ្នាំ​២០២២​ របស់​ក្រុម​ហ៊ុន ​អង្គរ​ផ្លាយវូត ​ខូអិលធីឌី ​មាន​ត្រា​របស់​ក្រុមហ៊ុន​ ភ្ជាប់​ជា​មួយ​ឈ្មោះ ​ជា ពៅ ​ដែល​វីអូអេ​ទទួល​បាន។​

គួរ​បញ្ជាក់​ថា កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៤ ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ផ្លាយវូត​ ខូអិល​ធីឌី ​ប្រកប​អាជីវ​កម្ម។ ​លុះ​ដល់​ឆ្នាំ​២០១៦​ ក្រុម​ហ៊ុន​នេះ​ បាន​សុំ​ពន្យារ​គោល​ការណ៍​នាំ​ចេញ​នូវ​ផលិត​ផល​ចំណិត​ឈើ​ស្នូល​ (Core Veneer) ​និង​សុំ​បន្ថែម​មុខ​ទំនិញ​នាំ​ចេញ​រួម​មាន​ក្តារ​បន្ទះ ​ក្តារ​កម្រាល​ការ៉ូ ​និង​ផលិត​ផល​កែ​ច្នៃ​ផ្សេងៗ​ទៀត ​ដែល​ផលិត​ចេញ​ពី​ផលិត​ផល​ចំណិត​ឈើ​ស្នូល​(Core Veneer)។​ លោក ​ហ៊ុន សែន​ បាន​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​នេះ​នាំ​ផលិត​ផល​ឈើ​ទាំង​នោះ​ចេញ​ទៅ​ក្រៅ​ប្រទេស៕

XS
SM
MD
LG