ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ពង្រឹង​ចំណាត់ការ​ច្បាប់ ខណៈ​រដ្ឋាភិបាល​បង្ហាញ​កំណើន​ករណី​បង្រ្កាប​ការជួញដូរ​មនុស្ស


រូបឯកសារ៖ អ្នក​នេសាទ​កម្ពុជា​បាន​សង្រ្គោះ​ពី​ទូក​នេសាទ​របស់​ថៃ​កំពុង​បរិភោគ​អាហារ​ពេល​ព្រឹក​នៅ​សង្កាត់​ជ្រោយ​ចង្វា ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០១៥។
រូបឯកសារ៖ អ្នក​នេសាទ​កម្ពុជា​បាន​សង្រ្គោះ​ពី​ទូក​នេសាទ​របស់​ថៃ​កំពុង​បរិភោគ​អាហារ​ពេល​ព្រឹក​នៅ​សង្កាត់​ជ្រោយ​ចង្វា ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០១៥។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ​ស​ ខេង​ ​នាពេល​ថ្មីៗ​នេះ​បាន​លើក​ឡើង​ពី​ករណី​បន្ត​កើត​មាន​នូវ​ឧក្រិដ្ឋ​កម្ម​ជួញដូរ​មនុស្ស​ក្នុង​ប្រទេស​និង​ឆ្លងដែន ​ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​កើត​មាន​វិបត្តិ​ផ្សេងៗ​ដូច​ជា​ វិបត្តិ​សុខភាព​សាធារណៈ ខណៈ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ពង្រឹង​វិធានការ​បង្រ្កាប​ ការ​លើក​កម្ពស់​ការ​យល់​ដឹង​ និង​កិច្ច​សហ​ប្រតិបត្តិការ​ទប់ស្កាត់​ឧក្រិដ្ឋ​កម្ម​ជួញដូរ​មនុស្ស។ ​

នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​ជាតិ​ប្រចាំ​ឆ្នាំ​ របស់​គណៈ​កម្មធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ស ខេង ​បាន​ប្រាប់​ក្រុម​មន្ត្រី​កម្ពុជា​ថា ក្រុម​ជន​ឧក្រិដ្ឋ​បាន​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​មនុស្ស​ ចំ​ពេល​រដ្ឋាភិបាល​កំពុង​រវល់​ផ្តោត​លើ​បញ្ហា​ចម្បង​និង​បន្ទាន់​ផ្សេងៗ​ដូច​ជា​ជម្លោះ​ និង​សុខភាព​សាធារណៈ។ ​

លោក​ថ្លែង​ថា៖​ «ពួក​ឧក្រិដ្ឋជន​ដែល​ប្រកាន់​យក​មុខ​របរ​ទុច្ចរិត ​គឺ​ការ​ជួញ​ដូរ​មនុស្ស​នេះ ​គឺ​ពួកគេ​មិន​បាន​បោះបង់​ចោល​ ឬ​បង្អង់​ដៃ​នៅ​ក្នុង​ការ​ជួញ​ដូរ​មនុស្ស​នោះ​ទេ។​ហើយ​ប្រហែល​ជា​គេ​អាច​នឹង​ងាយ​ស្រួល​ឆក់​ឱកាស​ថែម​ទៀត​ក្នុង​ពេល​យើង​កំពុង​តែ​ជាប់ដៃ​ដោះស្រាយ​បញ្ហា​វិបត្តិ​គ្រោះ​ធម្មជាតិ​វិបត្តិ​អសន្តិសុខ​ បញ្ហា​ជម្លោះ​ផ្សេងៗ​ ឬ​ក៏​វិបត្តិ​សុខភាព​សាធារណៈ​ សេដ្ឋកិច្ច​ជា​ដើម​។ល។»។​


ដំណាល​គ្នា​នេះ​ លោក​ ស ខេង​ ដែល​មាន​តំណែង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ផង​នោះ ​ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​និង​តុលាការ​ពង្រឹង​វិធានការ​ច្បាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ជួញដូរ​មនុស្ស​ផង​ដែរ។​

លោក​បន្ថែម​ថា៖ ​«អ៊ីចឹង​ហើយ​ ការ​ចាប់​ ចង់​និយាយ​ថា ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ គឺ​ត្រូវ​តែ​ខិតខំ​បន្ត​ទៀត ​ឱ្យ​បាន​កាន់តែ​ច្រើន​ទៅ​តាម​បរិមាណ​បទ​ល្មើស​ដែល​មាន។ ហើយ​ទន្ទឹម​នឹង​នោះ​ ក៏​ពន្លឿន​ការ​កាត់​សេចក្តី​នៅ​ស្ថាប័ន​តុលាការ​ ដើម្បី​ផ្តល់​យុត្តិធម៌​ទៅ​ដល់​ជន​រងគ្រោះ​ ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​ តម្លាភាព»។​

វីអេអូ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​អនុ​ប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​អ្នកស្រី ​ជូ ប៊ុនអេង ​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

យ៉ាង​ណា​ក្តី​អ្នកស្រី​បាន​ប្រាប់​វិទ្យុ​បារាំង ​(RFI)​ ផ្សាយ​ជា​ខេមរភាសាកាល​ពី​ថ្ងៃ​ទី​៧ ​ខែ​មេសា​ កន្លង​ទៅ​នេះ​ថា ករណី​បទ​ឧក្រិដ្ឋ​ជួញដូរ​មនុស្ស​ក្រោម​សណ្ឋាន​ជា​ការ​នាំ​ជន​បរទេស​មក​ជួញដូរ​នៅ​កម្ពុជា​ គឺ​ជា​បញ្ហា​ចោទ​ថ្មី​មួយ​ គួប​ផ្សំ​លើ​ការ​ជួញដូរ​មនុស្ស​ក្រោម​រូបភាព​ផ្សេងៗ​ដូចជា ​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម ការ​ជួញដូរ​ផ្លូវ​ភេទ​ ការ​ជួញដូរ​សរីរាង្គ ការ​ជួញដូរ​ទារក​តាម​សកម្ម​ភាព​ពពោះ​ជំនួស​ជា​ដើម។​

អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​កម្ពុជា​បាន​បង្រ្កាប​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​បាន​ ៣៥៩ ​ករណី​នៅ​ឆ្នាំ​២០២១ ​ដែល​ជា​កំណើន​ជាង​ពីរ​ដង​ពី​ចំនួន​១៥៥​ករណី​នៅ​ឆ្នាំ​ ២០២០។​

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នកស្រី​ ចក់ សុភាព​ ស្នើ​ឱ្យ​អាជ្ញាធរ​និង​មន្រ្តី​ពាក់ព័ន្ធ​បន្ត​ការ​តាមដាន​និង​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ជួញដូរ​មនុស្ស​ បើ​ទោះ​បី​នៅ​ពេល​កំពុង​ប្រឈម​នឹង​បញ្ហា​បន្ទាន់​មួយ​ចំនួន​ទៀតដូចជា​វិបត្តិ​ជំងឺ​កូវីដ១៩ ក៏ដោយ។​

«នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​សុខភាព​សាធារណៈ​នេះ វា​ជា​រឿង​ចាំបាច់​ហើយ​ ​ប៉ុន្តែ​យើង​ក៏​ត្រូវ​ថ្លឹង​ថ្លែង​ក្នុង​ការ​ធ្វើ​យ៉ាង​ម៉េច​មិន​ទម្លាក់​ចោល​នូវ​ធុរៈ​ផ្សេងៗ​ ដែល​ត្រូវ​ដោះស្រាយ​ ព្រោះ​បញ្ហា​ដទៃ​ទៀត​ហ្នឹង​ក៏​ជា​បញ្ហា​ចាំបាច់​ ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដែរ»។ ​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ មេ​ដឹកនាំ​អង្គការសិទ្ធិ​មនុស្ស​រូប​នេះ ​ជំរុញ​ឱ្យមាន​ការ​លើក​កម្ពស់​ជីវភាព​និង​ការ​យល់ដឹង​របស់​ពលរដ្ឋ ក៏ដូច​ជាយន្តការ​របស់​រដ្ឋាភិបាល​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ដែល​ជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​ទប់ស្កាត់​មិន​ឱ្យ​មាន​ករណី​ពលរដ្ឋ​ធ្លាក់​ខ្លួន​ជា​ជន​រងគ្រោះ​ ដោយសារ​ឧក្រិដ្ឋ​កម្ម​ជួញដូរ​មនុស្ស។ ​

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​លោក​ អំ សំអាត​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ បើ​ទោះ​បី​ជា​មាន​របាយ​ការណ៍​ស្តី​ពី​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្រ្កាប​លើ​ករណី​ជួញដូរ​មនុស្ស​កន្លង​មក​ក៏​ដោយ ​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស​ប្រព្រឹត្ត​ឡើង​រវាង​ជន​បរទេស​និង​ជន​បរទេស​នៅ​កម្ពុជា។​

លោក​បាន​ថ្លែង​ថា៖ ​«វា​ចង្អុល​បង្ហាញ​អំពី​ការ​ចន្លោះ​ប្រហោង​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​យើង​ ជា​ពិសេស​ការ​ទប់ស្កាត់​នៃ​លំហូរ​ចូល ​ឬ​ការ​ប្រព្រឹត្ត​ល្មើស​រវាង​ជន​បរទេស​ ដែល​ទាមទារ​ឱ្យ​កម្ពុជា​ពង្រឹង​និង​បង្កើត​នូវ​យន្តការ​ដើម្បី​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​នេះ​បន្ថែម​ទៀត ​ព្រម​ទាំង​កិច្ច​សហការ​ជាមួយ​បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ជួញ​ដូរ»។​

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២១​ ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចេញ​ផ្សាយ​លទ្ធផល​ស្រាវជ្រាវ​និង​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​គឺ​ «របាយ​ការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​លើ​សាកល​លោក​ឆ្នាំ​២០២១»​ ដោយ​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ​ក្នុង​កម្រិត​ Tier 2 Watchlist ​គឺ​កម្រិត​ពីរ​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន។​

របាយ​ការណ៍​នេះ​បាន​បន្ទោស​លើ​កង្វះ​ការ​ត្រួត​ពិនិត្យ​និង​ចាប់ ​តម្រូវ​ឱ្យ​មាន​គណនេយ្យ​ភាព​លើ​រដ្ឋាភិបាល​ អំពើ​ពុក​រលួយ​ដែល​កំពុង​កើត​មាន​ ​កង្វះ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ស្រាវជ្រាវ​តាមដាន​ វែក​មុខ ​និង​ផ្តន្ទា​ទោស​ឧក្រិដ្ឋ​ជន​ជួញដូរ​មនុស្ស ​និង​កង្វះ​ប្រព័ន្ធ​បង្ការ​បទ​ល្មើស​និង​គាំពារ​ជន​រងគ្រោះ​ដែល​នាំ​ឱ្យ​កម្ពុជា​បន្ត​ជាប់​ក្នុង​កម្រិត​ពីរ​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន​នេះ​បី​ឆ្នាំ​ជាប់ៗ​គ្នា គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​មក៕​

XS
SM
MD
LG