នៅក្នុងពេលដែលកម្ពុជាកំពុងប្រារព្ធទិវាអន្តរជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅថ្ងៃច័ន្ទនេះ ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន បានទទូចទាមទារឱ្យមានយន្តការត្រួតពិនិត្យគ្នាទៅវិញទៅមកនៅក្នុងស្ថាប័នរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ដើម្បីធានាស្ថិរភាពលទ្ធិប្រជាធិបតេយ្យ និង ការផ្សះផ្សារជាតិនៅកម្ពុជា។
លោក គុល បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយឈ្មោះComfrel មានប្រសាសន៍ថាដើម្បីធានាឱ្យមានលទ្ធិប្រជាធិបតេយ្យឱ្យទូលំទូលាយនិង ការផ្សះផ្សារជាតិគឺត្រូវរកមធ្យោបាយមួយគឺរាល់ដំណើរការណ៍នៃកិច្ចការនយោបាយត្រូវតែមានការចូលរួមពីគណបក្សប្រឆាំង មិនត្រូវឱ្យមានការប៉ះពាល់ដល់ក្រុមណាផ្សេងៗ និងខិតខំធ្វើយ៉ាងណាទាញឱ្យបានរវាងក្រុមដែលមានមតិភាគតិចនិងមតិភាគច្រើនយកមកឱ្យចូលរួមក្នុងការសម្រេចចិត្ត។
លោកនិយាយថា៖ «ប្រព័ន្ធត្រួតពិនិត្យគ្នាទៅវិញទៅមកនេះមិនមែនមានន័យថាធ្វើឱ្យមានជម្លោះនៅក្នុងសភានៅក្នុងការសម្រេចចិត្តទេ។ ប៉ុន្តែវាអាចបង្កើតនូវការដេញដោលគ្នាមួយឱ្យបានត្រឹមត្រូវឱ្យមានពេលវេលាមួយឱ្យបានសមរម្យ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាវាជាការចាំបាច់ដែលយើងត្រូវតែមានការត្រួតពិនិត្យគ្នាទៅវិញទៅមកដែលសព្វថ្ងៃនេះមានចំណុចខ្វះខាតច្រើនដែលមិនឱ្យមានការត្រួតពិនិត្យគ្នាទៅវិញទៅមកនេះដែលអ្នកមានអំណាចធ្វើអ្វីតាមតែអំពើចិត្តនិងមិនមានការគោរពច្បាប់។
លោកនិយាយថា៖ «សង្គមប្រជាធិបតេយ្យមិនមែនមានន័យថាអំណាចស្ថិតនៅលើកណ្តាប់ដៃអ្នកណាម្នាក់ទេ។ អំណាចជារបស់ប្រជាពលរដ្ឋ អំណាចជារបស់ស្ថាប័នប្រជាធិបតេយ្យពិតប្រាកដហើយសូម្បីតែសមាសភាពដឹកនាំស្ថាប័នសំខាន់ៗប្រជាធិបតេយ្យក៏ត្រូវតែជាសមាសភាពដែលតំណាងឱ្យប្រជាពលរដ្ឋដែរ»។
លោក ឈាង វ៉ុន អ្នកនាំពាក្យរដ្ឋសភានិងជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេរីឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបានអ្នកលើកទូរស័ព្ទនិយាយថាលោកជាប់រវល់។
នេះជាលើកទី៧ហើយដែលកម្ពុជាបានប្រារព្ធទិវាអន្តរជាតិដើម្បីលទ្ធិប្រជាធិបតេយ្យចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ។ ទិវានេះត្រូវបានអង្គការសហប្រជាជាតិសម្រេចធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី១៥ខែកញ្ញាទៅលើដំណោះស្រាយជារួមមួយនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។
អង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះបានលើកយកប្រធានបទចំនួនបី គឺការផ្សះផ្សារជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ សមភាពរវាងស្រ្តី និង បុរស និង សេរីភាពបញ្ចេញមតិ។
លោក សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈមានប្រសាសន៍ថាបញ្ហាលទ្ធិប្រជាធិបតេយ្យនិងការផ្សះផ្សារជាតិវាជាការពិបាកក្នុងការនិយាយពីព្រោះថាអំណាចនៅកម្ពុជាបានកើតចេញពីបួនចំណុចទីមួយគឺអំណាចតពូជ ទីពីរអំណាចកើតចេញពីការបន្តុប ទីបីអំណាចកើតចេញពីបដិវត្តន៍ និង អំណាចកើតចេញពីលទ្ធិប្រជាធិបតេយ្យ។
លោកបានបញ្ជាក់ថា ក្នុងបរិបទកម្ពុជាបច្ចុប្បន្ននេះប្រជាជនគាត់គូសវាសឱ្យអ្នកនយោបាយដើរដើម្បីរើសមេដឹកនាំមួយប្រកបដោយភាពត្រឹមត្រូវ។
លោកនិយាយថា៖ «ដើម្បីរើសមេដឹកនាំគាត់ឱ្យមេដឹកនាំមួយប្រកបទៅដោយភាពត្រឹមត្រូវ ភាពម្ចាស់អំណាចហើយក្លាយទៅជាមគ្គុទេសក៏ដ៏រឹងមាំសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ កុំអ្នកកាន់អំណាចយល់ថាគាត់ជាម្ចាស់របស់យើងជាឪរបស់យើងជាម៉ែរបស់យើង។ តាមពិតគាត់ជាអ្នកបម្រើរបស់ប្រជាជនទេ»។
លោក នី ចរិយា ប្រធានក្រុមស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថាសេរីភាពបញ្ចេញមតិនៅក្នុងប្រទេសអ្នកកាន់លទ្ធិប្រជាធិបតេយ្យមានកក្តាពីរគឺជាអ្នកបង្កើតលទ្ធិប្រជាធិបតេយ្យ និងជាអ្នកថែរក្សាលទ្ធិប្រជាធិបតេយ្យឱ្យគង់វង្ស៕