អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ត្រូវបានតុលាការចោទ និងឃុំខ្លួនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ អង្គភាពប្រឆំាងអំពើពុករលួយអះអាងថា លោក ស៊ុត ឌីណា បានលាក់លុយជាង៧លានដុល្លារអាមេរិក និងវត្ថុមានតម្លៃជាច្រើនផ្សេងទៀត ដែលសង្ស័យថាបានមកពីអំពើពុករលួយនាប្រទេសកូរ៉េខាងត្បូងនោះ។
តុលាការក្រុងភ្នំពេញបានធ្វើការចោទប្រកាន់ជាផ្លូវការលើលោក ស៊ុត ឌីណា អំពីការ«រំលោភអំណាចដោយមានលទ្ធផល» និង«ការកេងយកផលប្រយោជន៍ដោយខុសច្បាប់»។ នេះបើតាមការឲ្យដឹងរបស់ប្រធានអង្គភាពប្រឆំាងអំពើពុករលួយលោក ឱម យ៉ិនទៀង។
ក្នុងសន្និសីទសារព័ត៌មានពិសេសមួយក្រោយពេលតុលាការចោទប្រកាន់លោក ស៊ុត ឌីណា រួចមក លោក ឱម យ៉ិនទៀង ថ្លែងទៅកាន់អ្នកសារព័តមាននៅទីស្តីការអង្គភាពប្រឆំាងអំពើពុករលួយ ដោយបានអះអាងថា អង្គភាពរបស់លោកមានភស្តុតាងគ្រប់គ្រាន់អំពីបទល្មើសធំៗពីរ ដែលតុលាការទើបតែចោទជាផ្លូវការកាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
លោកថា អង្គភាពប្រឆំាងអំពើពុករលួយបានរកឃើញថា លោក ស៊ុត ឌីណា មានលុយសុទ្ធប្រមាណជាង៧លានដុល្លាររអាមេរិក មានមាសសុទ្ធចំនួន៣៣៩តម្លឹង និងរួមទាំងគ្រឿងអលង្គារមួយចំនួនទៀត ដែលទុកនៅប្រទេសកូរ៉េ។ នៅក្នុងនោះ សាច់ប្រាក់សុទ្ធជាង៧លានដុល្លារ សាច់ប្រាក់«កំណើន៣លានដុល្លារ» ដោយមិនប្រក្រតីក្នុងពេលរយៈពេលត្រឹម២៥ខែ អំឡុងពេលលោក ស៊ុត ឌីណា កាន់តំណែង។
ការឃាត់ខ្លួន និងបញ្ចូនទៅតុលាការនេះគឺធ្វើឡើង ក្រោយពេលការស៊ើបអង្កេតរបស់ ACU អស់រយៈពេលជាង១ឆ្នាំ តាមពាក្យបណ្តឹងរបស់ពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង និងមន្ត្រីនៃក្រសួងការបទេសក្នុងកម្ពុជា។
លោក ឱម យ៉ិនទៀង ថ្លែងថា៖ «[ក្នុង]៤៨ម៉ោងនេះ សូមជម្រាបថា យើងបានបញ្ជូនទៅតុលាការជាមួយខ្លួនមនុស្សនូវពីរបទល្មើសមុន។ ហើយតុលាការបានទទួលហើយ ឃើញជាក់ស្តែង ឃើញភស្តុតាង ស្តាប់សួរចម្លើយ លោក ស៊ុត ឌីណា ព្រឹកមិញក៏ទទួលធ្វើការចោទប្រកាន់ បញ្ជូនខ្លួនទៅដល់ម១ហើយ តាមយើងខ្ញុំដឹង»។
លោកបន្តថា៖«អញ្ចឹងទី១ សូមជម្រាបថា យើងបានសុំឲ្យទៅតុលាការចោទប្រកាន់គាត់អំពីបទល្មើស ដែលគាត់បានប្រព្រឹត្តដោយយើងយកភស្តុតាងពីររឹងមាំ ហើយអំពីការកេងយកផលប្រយោជន៍ដោយខុសច្បាប់។ ទី២ យើងបានប្រមូលភស្តុតាង ហើយបានសុំឲ្យតុលាការធ្វើការចោទប្រកាន់អំពីបទល្មើសរំលោភអំណាចដោយមានប្រសិទ្ធភាពទៀត»។
លោក ឱម យ៉ិនទៀង ពន្យល់ថា ការចោទគឺដោយសារតែលោក ឌីណា កិបកេងលុយពីការលក់តែម VISA (ទិដ្ឋាការ) កម្ពុជារាប់សិបម៉ឺនដុល្លារ ការចាយវាយខុសគោលការណ៍ និងការកេងទុកលុយរដ្ឋដែលសរុបមានជាង១០ម៉ឺនដុល្លារអាមេរិក។
ចំពោះការចោទទី២លើការ«រំលោភអំណាចដោយមានលទ្ធផល»លោក ឱម យ៉ិនទៀង ថា លោក ស៊ុត ឌីណា បានប្រើអំណាចខ្លួន ដើម្បីកិបកេង និងយកផលចំណេញពីប្រាក់សំណងដល់គ្រួសារសព ពលករខ្មែរដែលរងគ្រោះថ្នាក់នានាក្នុងប្រទេសកូរ៉េ ដែលរួមមានប្រហែលជាង២៨នាក់។
លោក ស៊ុត ឌីណា អតីតមន្ត្រីគណបក្សហ្វ៊ុស៊ិនប៉ិច ដែលចុះចូលគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៤។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមសប្តាហ៍នេះ ខណៈពេលដែលលោកវិលត្រឡប់មកកាន់ប្រទេសកម្ពុជា។
ក្រោយពីការចាប់ខ្លួនរបស់លោក ស៊ុត ឌីណា មានការបង្ហោះហ្វេសប៊ុករិះគន់អង្គភាពប្រឆំាងអំពើពុករលួយ ដោយចោទថា ចាប់ខ្លួនមន្ត្រីល្អ ដែលមិនសូវមានទ្រព្យធននោះទេ។ ស្របគ្នានោះដែរ ឪពុកជរារបស់លោក ស៊ុត ឌីណា ក៏បានស្នើឲ្យមានការជួយអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការជួយដោះលែងកូនប្រុសរបស់លោកផងដែរ។
ទាក់ទិននឹងការរិះគន់លើអង្គភាពខ្លួន លោក ឱម យ៉ិនទៀង ថ្លែងថា៖«យប់មិញ(ថ្ងៃពុធ) យើងខ្ញុំបើកឲ្យបងប្អូនគាត់មកទៀត គាត់មកប្រាំ ប្រាំមួយនាក់។ ក្នុងនោះសុទ្ធតែជាអ្នកមេមេ Facebook អ្នកមេបញ្ជាក្រុម Facebook មក។ ឮយើងខ្ញុំនិយាយរឿង១១ម៉ឺនហ្នឹង ម៉ោង៧ (ម៉ោង)៨ភ្លឺ គាត់ចាប់ផ្តើមបុកផាំងមកហើយ តាមបញ្ជា គាត់បញ្ជាពីនេះទៅ។ មិត្តភក្តិរបស់គាត់ គាត់អត់ដឹងថា យើងអត់ដឹងរឿងហ្នឹងអ្វីទាំងអស់។ នៅពេលក្នុងសាររបស់គាត់ជូនមកសម្តេច ហ៊ុន សែន ឲ្យជួយរកយុត្តិធម៌របស់គាត់ ក៏គាត់និយាយដែរថា ពីរឆ្នាំហ្នឹង គាត់យកលុយហ្នឹង១០ម៉ឺនហ្នឹង បម្រើបក្សប្រជាជនទៀត។ រឿងបក្សមិនបក្សជារឿងផ្សេង សូមជម្រាប។ នេះជាច្បាប់ នេះជារដ្ឋ»។
លោកបន្តថា អង្គភាពរបស់លោកមានភស្តុតាងលើសពីបទចោទទាំងពីរករណីនោះ ដែលកំពុងតែធ្វើការស៊ើបអង្កេតបន្តទៀត។ ហើយអង្គភាពលោកធ្វើការបង្កកទ្រព្យសម្បត្តិរបស់លោក ស៊ុត ឌីណា រួមទាំងផ្ទះវីឡាពីរកន្លែង នៅក្រុងភ្នំពេញ ដីធ្លីមួយចំនួនផ្សេងទៀតនាពេលខាងមុខ។ លោកថា លុយសុទ្ធចំនួន៣លានដុល្លារដែលជាកំណើនដ៏ឆាប់របស់លោក ឌីណា ក៏នឹងត្រូវរឹបអូសផងដែរ នៅពេលបញ្ចប់រឿងក្តី។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ដែលបានចូលរួមសន្និសីទ កាលពីថ្ងៃព្រហស្បតិ៍នោះ បានប្រាប់ VOAថា ករណីនេះវាហាក់ដូចជា«ចម្លែក» និងអាចមាន«ចរិតនយោបាយ» ដោយសារតែលោក ស៊ុត ឌីណា នេះគឺជាអតីតមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច ហើយនឹងមិនមានការចុះសម្រុងជាមួយមន្ត្រីនៅក្នុងក្រសួងការបរទេសនោះ។
លោកបន្តថា ស្រដៀងនឹងករណីលោក ស៊ុត ឌីណា ផងដែរ កាលពីឆ្នាំ២០០៨ លោក ណាន់ ស៊ី ដែលជាមន្ត្រីទូតរបស់ប្រទេសកម្ពុជា ត្រូវបានតុលាការកម្ពុជាកាត់ទោសពីបទ«ការកេងយកផលប្រយោជន៍ដោយខុសច្បាប់»ចំពោះការកេងថវិកាប្រមាណជាង៤០ម៉ឺនដុល្លារពីការជួសជុលស្ថានទូតកម្ពុជានាប្រទេសប្រ៊ុយណេនោះ។
«បើខ្ញុំមើលទៅ ខ្ញុំចាំបាន លោក ណាន់ ស៊ី គាត់ក៏មានរឿងបែបហ្នឹងដែរ ដែលតុលាការផ្តន្ទាទោសគាត់ ហើយគាត់កំពុងតែរត់គេចខ្លួន។ ហើយឥឡូវនេះមានរឿងដល់លោក ស៊ុត ឌីណា ទៀត។ ខ្ញុំមើលឃើញទិដ្ឋភាពនេះជាទិដ្ឋភាពមួយជុំវិញការអនុវត្តការងាររបស់មន្ត្រី ដែលចេញពីក្រសួងការបរទេស ហើយដែលបានទៅកាន់ទូតហ្នឹង»។
លោកបន្តថា៖«យើងនៅមើលឃើញទិដ្ឋភាពមួយទៀត គឺនៅក្នុងផ្នត់គំនិត និងអារម្មណ៍នៃអ្នកគាំទ្រលោក ស៊ុត ឌីណា ក្តី អ្នករិះគន់លោក ស៊ុត ឌីណា ក្តី ក៏នៅតែមន្ទិលលើបញ្ហាហ្នឹងថា ជាបញ្ហានយោបាយដែរ ព្រោះលោក ស៊ុត ឌីណា បានលើកឡើងច្រើនអំពីការកាច់កុង ការមិនសូវចុះសម្រុងគ្នារវាងមន្ត្រីនៅក្នុងក្រសួងការបរទេសហ្នឹង ហើយនិងការអនុវត្តការងាររបស់លោក ស៊ុត ឌីណា ហ្នឹង»។
យ៉ាងណាក៏ដោយលោកថា លោក ឱម យ៉ិនទៀង មិនបានបកស្រាយឲ្យច្បាស់លាស់អំពីចម្ងល់របស់អ្នកសារព័ត៌មាន ទាក់ទិននឹងប្រភពកំណើនសាច់ប្រាក់៣លានដុល្លារដែលអង្គភាពលោកចោទថា អាចទាក់ទិននឹងអំពើពុករលួយនោះ។
គួរបញ្ជាក់ផងដែរថា លោក ស៊ុត ឌីណា គឺជាមន្ត្រីនៃក្រសួងការបរទេសទី២ ដែលត្រូវបានចាប់ខ្លួនទាក់ទិននឹងអពើពុករលួយក្នុងរយៈពេលមិនដល់១សប្តាហ៍ផង។ កាលពីថ្ងៃសៅរ៍កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក អ៊ា សែ វ័យ៤២ឆ្នាំ ប្រធានការិយាល័យអូស្ត្រាលី នូវែលហ្សេឡង់ នៃក្រសួងការបរទេសពីបទ«វីតិក្រម»តាមក្រមព្រហ្មទណ្ឌ ក្រោយពីជនជាប់ចោទរូបនេះត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍នេះ លោក ឱម យ៉ិនទៀង ក៏បានបញ្ជាក់ថា អង្គភាពរបស់លោកក៏កំពុងតែ«ធ្វើការ»លើករណីឯកសារសម្ងាត់បែកធ្លាយពីប្រទេសប៉ាណាម៉ា ដែលគេហៅជាភាសាអង់គ្លេសថា Panama Papers ដ៏ល្បីល្បាយ ដែលឯកសារនោះក៏បង្ហាញឈ្មោះលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាផងដែរ៕