តំណាងអង្គការសង្គមស៊ីវិល យុវជន និងអ្នកនយោបាយជំទាស់ជាច្រើននាក់បានប្រមូលផ្តុំគ្នានៅមុខហាងលក់ទំនិញរបស់ស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ស្តូបបូកគោ នៅទីក្រុងភ្នំពេញ ដើម្បីរំឭកខួបលើកទី ៨ ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយលោកកែម ឡី។
នៅមុនការជួបជុំគ្នានៅមុខស្ថានីយ៍ប្រេងឥន្ទនៈ កាល់តិច យុវជនមួយក្រុមបានដង្ហែក្បួនតាមដងវិថីមួយចំនួនរបស់ទីក្រុងភ្នំពេញ ដោយមានការចូលរួមពីព្រះសង្ឃ ហើយមានការលើកបដាទាមទាររកយុត្តិធម៌ជូនលោក កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦។
កំពុងចូលរួមពិធីរំឭកខួបនោះ ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានអំពាវនាវឱ្យអាជ្ញាធរវែកមុខរកឃាតករពិត និងអ្នករៀបចំផែនការសម្លាប់លោក កែម ឡី និងអ្នកដែលត្រូវបានគេបាញ់សម្លាប់ផ្សេងទៀត ដូចជាអតីតមេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកជា វិជ្ជា និងអ្នកការពារព្រៃឈើលោកឈុត វុទ្ធីជាដើម។ លោកបន្ថែមថា ការបន្តតាមរកឃាតករ និងមេគំនិតនៅពីក្រោយឃាតកម្មទាំងនោះ មានភាពចាំបាច់ដើម្បីលុបបំបាត់វប្បធម៌ និទណ្ឌភាពនៅកម្ពុជា។
លោកថ្លែងថា៖ «លើសហ្នឹងថែមទៀត យើងចង់ឃើញកម្ពុជាត្រូវតែលុបបំបាត់នូវនិទណ្ឌភាព មិនត្រូវឱ្យមានបញ្ហានិទណ្ឌភាពនេះ បន្តទៅទៀតទេ បើសិនជាស្ថានភាពមិនត្រូវបានផ្លាស់ប្តូរទេ សេដ្ឋកិច្ចនៅកម្ពុជាយើងមិនអាចស្តារឡើងវិញបានទេ ដូច្នេះ រដ្ឋាភិបាលត្រូវតែពិនិត្យ ពិចារណាឡើងវិញ ករណីទាំងអស់នេះដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាផលប្រយោជន៍ជាតិ»។
លោក រ៉ុង ឈុន ជឿថា អ្នកដឹកនាំជំនាន់ថ្មីរបស់គណបក្សកាន់អំណាច មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកមុខឃាតករ ឬអ្នករៀបចំផែនការសម្លាប់លោក កែម ឡី បើសិនពួកគេផ្តោតលើការកសាងយុត្តិធម៌សង្គម ជាជាងការការពារផលប្រយោជន៍នយោបាយ។
លោកបន្ថែមថា៖ «ពាក់ព័ន្ធរឿងនយោបាយនៅពីក្រោយ ចំណុចនេះហើយដែលលំបាកនឹងរក វែកមុខឃាតករ ដូចករណីលោក ជា វិជ្ជា ក្តីកន្លងមក នៅពេលដែលគំរាមកំហែងខ្ញុំបានទៅជួប មន្ត្រីព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ គាត់បានជម្រាបថា មិនអាចប៉ះពាល់ម្ចាស់លេខទូរសព្ទហ្នឹងបានទេ ដែលមានឋានៈតួនាទីធំណាស់!។ អ៊ីចឹង រាល់ឃាតកម្ម បើយើងមើលទៅវាពាក់ព័ន្ធនឹងអ្នកមានអំណាចនៅពីក្រោយ»។
ក្រោយឃាតកម្មដែលបានកើតឡើងលើលោក កែម ឡី ទាំងកណ្តាលថ្ងៃក្នុងទីក្រុងភ្នំពេញកាលពី ៨ ឆ្នាំមុន បុរសម្នាក់ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចក្រុងភ្នំពេញ ហើយត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះ អឿត អាង ហៅ ជួប សម្លាប់។ ជួប សម្លាប់ ដែលអះអាងថាលោក កែម ឡី ជំពាក់លុយខ្លួនចំនួន ៣០០០ ដុល្លារនោះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត។
ប៉ុន្តែតុលាការក្រោយមកបានបំបែកសំណុំរឿងនេះជាពីរ គឺការដាក់ទោសលោក ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារមួយជីវិត និងសំណុំរឿងពាក់ព័ន្ធបុគ្គលដទៃទៀតចំពោះឃាតកម្មលើលោក កែម ឡី។ សំណុំរឿងពាក់ព័ន្ធបុគ្គលដទៃនេះ មិនទាន់មានតម្រុយអ្វីនៅឡើយទេ។ នេះបើយោងតាមក្រុមអ្នកការពារសិទ្ធិមនុស្ស។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់អ្នកសែតនៅក្នុងពិធីរំឭកខួប៨ឆ្នាំនៃឃាតកម្មលើលោក កែម ឡី ថា អាជ្ញាធរត្រូវបន្តរកជនដែលផ្តល់អាវុធដល់ឃាតករឱ្យធ្វើសកម្មភាពបាញ់សម្លាប់លោក កែម ឡី។
លោកលើកឡើងទៀតថា បើទោះបីជាលោក អឿត អាង ឬហៅថា ជួប សម្លាប់ ត្រូវតុលាការផ្តន្ទាទោសអស់មួយជីវិតពីបទមនុស្សឃាតគិតទុកជាមុនក៏ដោយ ក៏អ្នកពាក់ព័ន្ធនឹងសំណុំរឿងអ្នកផ្តល់អាវុធគឺនៅមិនទាន់ត្រូវបានរកឃើញនៅឡើយ។
លោកថ្លែងថា៖ «អីចឹង ហើយសំណុំរឿងទីពីរនេះ ត្រូវធ្វើយ៉ាងម៉េចពន្លឿន ហើយឱ្យមានការស៊ើបអង្កេតដើម្បីឱ្យមានយុត្តិធម៌ពេញលេញសម្រាប់លោក កែម ឡី បាទ»។
លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍន៍ (PEE) ថ្លែងថា យុវជនជំនាន់ថ្មីដែលកំពុងដឹកនាំប្រទេសកម្ពុជា អាចនឹងមានលទ្ធភាពផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារលោក កែម ឡី ដោយសារពួកគេសុទ្ធតែមានឧត្តមគតិ ហើយក៏ចង់បង្កើតប្រវត្តិសាស្ត្រនយោបាយផ្ទាល់ខ្លួន។
លោកលើកឡើងថា៖ «ដូច្នេះ តិចឬច្រើន យូរឬឆាប់ ខ្ញុំជឿជាក់ថា អ្នកដឹកនាំជំនាន់ថ្មីច្បាស់ជាមានឆន្ទៈ និងឧត្តមគតិក្នុងការផ្តល់យុត្តិធម៌ទៅដល់ក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ដែលបានបាត់បង់សមាជិកគ្រួសារខ្លួនដោយសារតែអំពើរឃាតកម្មយ៉ាងសាហាវយង់ឃ្នងនៅក្នុងប្រទសកម្ពុជាយើងនេះ»។
ដោយឡែក យុវជនមួយក្រុមដែលបានចូលរួមពិធីរំឭកខួបនៃឃាតកម្មលើលោក កែម ឡី នៅថ្ងៃពុធនេះ បានលើកបង្ហាញសម្រង់សម្តីមួយចំនួនរបស់អ្នកវិភាគរូបនោះ កាលលោកនៅមានជីវិត និងសារទាមទារយុត្តិធម៌។ ក្រុមយុវជនក៏ទាមទារឱ្យមានការផ្តល់យុត្តិធម៌ដល់សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិដែលទើបត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាច្រើនឆ្នាំកាលពីពេលថ្មីៗនេះ។
កញ្ញា រៀម ស្រីពេជ្ររតនា យល់ឃើញថា ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ មិនមែនជាឃាតករដែលបានបាញ់សម្លាប់លោក កែម ឡី ដោយសារតែរឿងជំពាក់លុយមិនព្រមសងនោះទេ។
កញ្ញាថ្លែងថា៖ «ហើយមានរឿងជាច្រើន ដែលពួកយើងមិនទាន់មានការសុខចិត្ត ទើបពួកយើងនៅតែគោរពខួបរបស់លោកបណ្ឌិត កែម ឡី ហើយនៅតែទាមទារឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេត ឱ្យតុលាការនៅតែបើកការស៊ើបអង្កេតដើម្បីទាមទាររកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី»។
ទោះយ៉ាងណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់វីអូអេកាលពីពេលថ្មីៗនេះថា ជុំវិញការបាញ់សម្លាប់លោក កែម ឡី សមត្ថកិច្ចបានចាប់ជនល្មើសយកទៅសាកសួរ និងផ្តន្ទាទោសទៅតាមនីតិវិធីរបស់តុលាការរួចរាល់ហើយ ដូច្នេះគ្មានអ្វីដែលត្រូវតាមដានស្រាវជ្រាវបន្តនៅក្នុងករណីនេះទៀតនោះទេ។
ការបាញ់សម្លាប់លោក កែម ឡី កើតឡើង ក្រោយពីលោកបានធ្វើសេចក្តីអត្ថាអធិប្បាយក្នុងការចេញផ្សាយរបាយការណ៍មួយរបស់អង្គការការពារបរិស្ថានឈ្មោះ Global Witness ដែលរិះគន់អំពើពុករលួយទាក់ទងនឹងសមាជិកគ្រួសារអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន។
លើសពីនេះ លោក កែម ឡី បានចូលរួមធ្វើបទវិភាគលើបញ្ហាជាច្រើននៅក្នុងសង្គមតាមវេទិកាអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នសារព័ត៌មានផ្សេងៗ។ លោកបានវិភាគបញ្ហារសើបៗ ដែលមានដូចជាបញ្ហាព្រំដែន សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បរិស្ថាន បក្ខពួកនិយម និងអំពើពុករលួយក្នុងសង្គមខ្មែរ។
ភ្លាមៗក្រោយការបាញ់សម្លាប់លោក កែម ឡី អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ចាត់ទុកថាការធ្វើឃាតលោក កែម ឡី បានធ្វើឲ្យ«ប៉ះពាល់មុខមាត់រដ្ឋាភិបាលនិងជាការផ្ចាញ់ផ្ចាល់រដ្ឋាភិបាល»។ លោកអំពាវនាវកុំឲ្យយកការបាញ់សម្លាប់នេះ «ធ្វើជារឿងនយោបាយ»។
ការធ្វើពិធីរំឭកខួបការស្លាប់លោកកែម ឡី ត្រូវបានធ្វើឡើងនៅទីតាំងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ហើយក៏នឹងមានការរៀបចំពិធីនេះនៅក្រៅប្រទេសផងដែរ៕
វេទិកាបញ្ចេញមតិ