ក្រុមអង្គការសង្គមស៊ីវិលឲ្យដឹងថាពួកគេគ្រោងនឹងលើកការរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូទៅថ្ងៃទី២០ ខែធ្នូវិញ បន្ទាប់ពីសាលារាជធានីភ្នំពេញបានស្នើឲ្យពន្យារពេលប្រារព្ធពិធីនេះ ក្រោមហេតុផលបារម្ភការឆ្លងរាលដាលជំងឺកូវីដ១៩កាន់តែខ្លាំង។
ក្រុមអង្គការដែលមានចំនួន៣៣ បានស្នើសុំប្រារព្ធខួបលើកទី៧២នៃទិវាសិទ្ធិមនុស្សអន្តរជាតិនេះ នៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឬស្សីកែវ នៅថ្ងៃទី៦ ខែធ្នូ និងមានគម្រោងដង្ហែក្បួនទៅកាន់រដ្ឋសភាជាតិ ដើម្បីធ្វើសេចក្តីថ្លែងការណ៍ពាក់ព័ន្ធស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
បើតាមលិខិតរបស់សាលារាជធានីចុះថ្ងៃទី៣០ ខែវិច្ឆិកា អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានឆ្លើយតបទៅនឹងលិខិតជូនដំណឹងរបស់ក្រុមសង្គមស៊ីវិល ដោយស្នើឲ្យតំណាងក្រុមសង្គមស៊ីវិលទាំង៣៣នោះ ពន្យារពេលនៃការរៀបចំពិធី ដោយសារ«ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ជាលើកទី១ ហើយបច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចកំពុងមមាញឹកស្រាវជ្រាវកំណត់រកមុខសញ្ញាឲ្យបានគ្រប់ជ្រុងជ្រោយ»។
អភិបាលរងរូបនេះបានលើកឡើងថា៖ «នៅពេលដែលស្ថានភាពនេះមានភាពធូរស្រាល និងគ្រប់គ្រងបាន ក្រុមតំណាងអង្គការអាចដាក់លិខិតជូនដំណឹងរៀបចំពិធីជាថ្មី»។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្រុមអង្គការសង្គមស៊ីវិលយល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នេះ ប៉ុន្តែលោកថា ការណ៍នេះមិនអាចបង្អាក់ការប្រារព្ធទិវាដ៏មានសារសំខាន់នេះបានទេ។
លោកមានប្រសាសន៍ថា៖ «រីករាលដាលកូវីដហ្នឹង វាជាក្តីបារម្ភរបស់យើងហើយ។ មិនមែនថាអង្គការសង្គមស៊ីវិល មិនមែនថាមហាជន ប្រជាពលរដ្ឋទូទៅ ទាំងរាជរដ្ឋាភិបាលហ្នឹងទេ វាជាការពិត វាជាក្តីបារម្ភយើងទាំងអស់គ្នា តែរឿងដែលសំខាន់ ដែលជាក្តីបារម្ភធំជាងគេទៀតនោះ គឺថាអាការរឹតតូចទៅៗនៃសិទ្ធិសេរីភាព ជាពិសេសហ្នឹងសិទ្ធិមនុស្ស ការរឹតត្បិតលម្ហសិទ្ធិសេរីភាពសេរីភាព សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយហ្នឹងវាកាន់តែរួមតូចទៅៗ»។
លោកបន្ថែមថាក្រុមសង្គមស៊ីវិលមានគម្រោងប្រារព្ធទិវានេះនៅថ្ងៃទី២០ ខែធ្នូ ក្រោយរដ្ឋាភិបាលបានបញ្ចប់ការធ្វើតេស្តរកអ្នកពាក់ព័ន្ធឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ ដែលគិតត្រឹមថ្ងៃពុធនេះមានមនុស្ស១៧នាក់ហើយ ត្រូវបានក្រសួងសុខាភិបាលប្រកាសថាបានឆ្លងជំងឺនេះ។
លោកបន្ថែមថា៖ «យើងនៅតែប្រកាន់ជំហរដដែល។ នៅថ្ងៃ២០[ខែធ្នូ]ហ្នឹង គឺបន្តនៅក្នុងការជួបជុំគ្នា១០០០នាក់ហ្នឹង ហើយនៅតែបន្តនៅក្នុងការហែក្បួនទៅមុខរដ្ឋសភា ដើម្បីធ្វើសេចក្តីថ្លែងការណ៍ហ្នឹង។ អ៊ីចឹងជំហររបស់យើងអត់មានការផ្លាស់ប្តូរទេ គ្រាន់ថាយើងលើកពេលពីថ្ងៃ[ទី] ៦ [ខែធ្នូ] ទៅថ្ងៃ២០»។
លោកបញ្ជាក់ទៀតថា ក្រុមសង្គមស៊ីវិលនឹងដាក់លិខិតម្តងទៀតទៅសាលារាជធានី។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេនៅថ្ងៃពុធនេះ។
កាលពីកន្លងទៅ រដ្ឋាភិបាលបានសម្រេចមិនឲ្យប្រជាពលរដ្ឋឈប់សម្រាកនៅថ្ងៃទី១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្សជាសាកល។ ក្រុមសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាលមិនគួរលុបចោលថ្ងៃឈប់សម្រាកនេះនោះទេ។ ពួកគេថាស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាកាន់តែធ្លាក់ចុះ។
ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៣ដែលស្នើសុំធ្វើការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ រួមមានអង្គការការពារសិទ្ធិមនុស្ស និងសិទ្ធិពលករសំខាន់ៗដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការលីកាដូ សង់ត្រាល់ និងសហភាពការងារកម្ពុជាជាដើម។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថា ការប្រារព្ធទិវា១០ធ្នូ នៅតែចាំបាច់សម្រាប់កម្ពុជា។ លោកថាបញ្ហាសិទ្ធិមនុស្សនៅតែមានភាពចម្រូងចម្រាស និងរងការរិះគន់ពីប្រទេសផ្សេងៗ ក្នុងនោះគឺសហភាពអឺរ៉ុប ដែលបានសម្រេចកាត់ផ្តាច់មួយចំណែកនៃប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ការនាំចេញទំនិញកម្ពុជា ឬហៅថាEBA (Everything But Arms)។
លោកកត់សម្គាល់ថារដ្ឋាភិបាលក៏គួរពិចារណាឡើងវិញលើការអនុញ្ញាតឲ្យពលរដ្ឋកម្ពុជាបានឈប់សម្រាកក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនេះ។
លោកមានប្រសាសន៍ថា៖ «បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក៏វាជាបញ្ហាចម្រូងចម្រាសដែលកើតឡើងកន្លងមកដែរដូចយើងឃើញ ទាក់ទងបញ្ហា...EBAនិងបញ្ហាផ្សេងៗទៀតជាដើម ដែលគេរិះគន់ថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាហ្នឹងកំពុងតែធ្លាក់ចុះ។ បើសិនជាយើងរក្សាថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូ ក្នុងប្រតិទិន ក៏ជាការចូលរួមចំណែកនៃឆន្ទៈរបស់កម្ពុជាមួយបង្ហាញអំពីគោលការណ៍នៃការគោរពសិទ្ធិមនុស្សនោះបាទ»។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថាការធ្វើឲ្យប្រសើរឡើងនៃការគោរពសិទ្ធិមនុស្សមិនអាស្រ័យលើការរៀបចំពិធីណាមួយនៅថ្ងៃ១០ ធ្នូឡើយ។
លោកមានប្រសាសន៍ថា៖ «ប្រទេសច្រើនណាស់ ដែលគេមិនកំណត់យកថ្ងៃហ្នឹងជាថ្ងៃឈប់សម្រាកឬក៏ថ្ងៃបុណ្យជាតិអីនោះទេ។ បើតាមដឹង បើមាន គឺមានតិចបំផុត។ ហើយមែនទែនទៅ ការផ្តោតសារសំខាន់ ឬក៏ការផ្តល់តម្លៃទៅលើការគោរសិទ្ធិមនុស្សហ្នឹង មិនមែនទៅលើការឈប់សម្រាកមួយថ្ងៃហ្នឹងទេ គឺវាអាស្រ័យទៅលើការអនុវត្តការប្រតិបត្តិជាក់ស្តែងតែប៉ុណ្ណោះ»។
លោកបន្តថាក្រុមអង្គការសង្គមស៊ីវិលមិនគួរស្នើសុំធ្វើពិធីក្នុងពេលដែលកម្ពុជាមានការរាតត្បាតជំងឺកូវីដ១៩នោះទេ។
ក្នុងពេលមិនមានវត្តមានតំណាងរាស្ត្របក្សប្រឆាំងនៅរដ្ឋសភា រដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានសម្រេចលុបចោលថ្ងៃឈប់សម្រាកមួយចំនួន ក្នុងនោះគឺថ្ងៃ១០ធ្នូ ក្រោមហេតុផលថាដើម្បីឆ្លើយតបទៅនឹងការបង្កើនផលិតភាពការងារនិងការធ្វើឲ្យប្រសើរឡើងនៃបរិយាកាសធ្វើជំនួញនៅកម្ពុជា។ រដ្ឋាភិបាលក៏បានសម្រេចលុបចោលថ្ងៃឈប់សម្រាកទិវាសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលាដែរ។
ក្រោយការរំលាយចោលគណបក្សប្រឆាំងដ៏ធំមួយគឺគណបក្សសង្គ្រោះជាតិ ក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងស្រុក និងក្រៅប្រទេស បានមើលឃើញពីការធ្លាក់ចុះកាន់តែខ្លាំងទៅនៃការគោរពសិទ្ធិមនុស្ស ដោយសារមានការប្រើប្រាស់ប្រព័ន្ធតុលាការមកចាប់ឃុំខ្លួនក្រុមអ្នករិះគន់រដ្ឋាភិបាល និងការបង្ក្រាបមិនបន្ធូរដៃមកលើអតីតមន្ត្រីនិងសកម្មជនបក្សប្រឆាំងតាមបទចោទប្រកាន់ព្រហ្មទណ្ឌជាច្រើន ជាពិសេសគឺបទញុះញង់ឲ្យបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
មន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថាក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលបានរឹតត្បិតការប្រមូលផ្តុំនិងការបញ្ចេញមតិនានា។ ក្រុមសិទ្ធិមនុស្សក៏បានលើកឡើងថារដ្ឋាភិបាលកម្ពុជាបានយកវិបត្តិជំងឺកូវីដ១៩នេះ មករឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៕