សកម្មជនសិទ្ធិមនុស្សបង្ហាញក្តីបារម្ភចំពោះសុវត្ថិភាពរបស់ព្រះសង្ឃពីរអង្គ ដែលបានភៀសព្រះកាយចេញពីកម្ពុជាទៅប្រទេសថៃ ដែលព្រះអង្គមួយអង្គលើកឡើងថា ដើម្បីគេចពីការចាប់ផ្សឹកនិងដាក់ពន្ធនាគារ។
ព្រះសង្ឃទាំងពីរអង្គដែលមានភាពសកម្មក្នុងការការពារសិទ្ធិមនុស្ស គឺព្រះតេជគុណ បូរ បេត ព្រះជន្ម ៣៤ វស្សា និងព្រះតេជគុណស៊ឹមសុវណ្ណឌី ព្រះជន្ម ៥៤ វស្សា។
ពីដំបូងឡើយ ព្រះសង្ឃទាំងពីរអង្គបានភៀសព្រះកាយចេញពីវត្តប្រយូរវង្ស ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៤ ខែសីហា គឺនៅពេលមានការឃាត់ព្រះកាយព្រះសង្ឃ ៨ អង្គ ដែលនិមន្តមកពីខេត្តបាត់ដំបង ដើម្បីចូលរួមការតវ៉ាប្រឆាំងការចាប់ខ្លួនលោក រ៉ុង ឈុន មេដឹកនាំសហជីព។
ព្រះសង្ឃទាំងពីរអង្គត្រូវបានក្រុមសិទ្ធិមនុស្សលើកឡើងថា បានធ្វើការរួមគ្នាជាមួយព្រះសង្ឃ កើតសារ៉ាយក្នុងការនិមន្តព្រះអង្គទាំង៨អង្គនោះមកទីក្រុងភ្នំពេញ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ដោយសារការចាប់ផ្សឹកព្រះសង្ឃ កើត សារ៉ាយ រួចចោទប្រកាន់ពីបទញុះញង់ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ព្រះសង្ឃទាំងពីរអង្គខាងលើក៏មានការព្រួយបារម្ភអំពីសុវត្ថិភាព ទើបចាកចេញពីវត្តអារាម និងលាក់ព្រះកាយមួយរយៈ។
លោកមានប្រសាសន៍ថា៖ «មុននឹងលោកចាកចេញហ្នឹង គឺមានការចាប់ផ្សឹកព្រះអង្គកើតសារ៉ាយដែលមុននឹងគឺមានការចង់ភៀសព្រះកាយជាមួយគ្នា... ក្រោយមកព្រះអង្គ កើត សារ៉ាយ យល់ថាមិនចង់ចាកចេញចោលក្រុមសកម្មជនដែលកំពុងទាមទារតវ៉ាចង់បន្តការទាមទារតវ៉ា។ យើងឃើញជាក់ស្តែងហើយ គឺមានការចាប់ព្រះអង្គ កើត សារ៉ាយ រួចទៅហើយ ហើយផ្សឹករួចបញ្ជូនទៅពន្ធនាគាររឿងអីព្រះអង្គទាំងពីរអង្គ ដែលបានចួលរួមទាមទារហ្នឹងអាចគេចផុតអំពីការចាប់ផ្សឹកនិងបញ្ជូនដូចព្រះតេជគុណ កើត សារ៉ាយ ទៅកើត?»។
បន្ទាប់ពីសម្ងំលាក់ព្រះកាយអស់ជាច្រើនខែនៅតាមខេត្ត ព្រះសង្ឃទាំងពីរអង្គ ត្រូវគេរាយការណ៍ថាបានឆ្លងចូលប្រទេសថៃ តាមច្រកនៅខេត្តបន្ទាយមានជ័យរបស់កម្ពុជា។
លោក ស៊ឹង សែនករុណា បន្ថែមថា លោកបារម្ភថាអាជ្ញាធរកម្ពុជាអាចសហការជាមួយអាជ្ញាធរថៃដើម្បីបញ្ជូនព្រះអង្គមកកម្ពុជាវិញ ដូចករណីដែលធ្លាប់កើតឡើងកន្លងមក។
ព្រះតេជគុណបូរ បេត មានសង្ឃដីកានៅថ្ងៃព្រហស្បតិ៍នេះថា ព្រះអង្គនិងព្រះតេជគុណ ស៊ឹមសុវណ្ណឌី ត្រូវបានអាជ្ញាធរតាមរក ទោះបីព្រះអង្គគេចទៅគង់នៅក្នុងព្រៃមួយកន្លែងតាមតំបន់ព្រំដែនអស់ពេលជិត ៤ ខែមកហើយក្តី។
ព្រះសង្ឃអង្គនេះបន្តថា នៅពេលនេះព្រះអង្គកំពុងស្ថិតក្នុងប្រទេសថៃ ហើយក៏កំពុងបារម្ភពីការចាប់បញ្ជូនព្រះកាយពីប្រទេសថៃមកកម្ពុជាវិញដោយសារតម្រួតថៃបានរាយការណ៍មកមេខ្យល់ដែលនាំព្រះអង្គនិមន្តទៅថៃ។ ព្រះអង្គបាននិមន្តចាកចេញពីកម្ពុជាដោយថ្មើរជើងទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ។
ព្រះអង្គមានសង្ឃដីកាថា៖ «រឿងហ្នឹងវាខ្លាច អាការណ៍គេចាប់ផ្សឹកចាប់អីដែលអាត្មាភៀសខ្លួនចេញ។ បើសិនអាត្មានៅ ក៏វាសនារបស់អាត្មា វាសនារបស់លោកបង ស៊ុម សុវណ្ណឌី មិនខុសពីតេជគុណ កើតសារ៉ាយ ទេ។ បើសិនអាត្មានៅក្នុងប្រទេសកម្ពុជា បើសិនអាត្មានៅក្នុងទីក្រុងភ្នំពេញហ្នឹងគេ នឹងចាប់ដូចគ្នាព្រោះដីកាសង្ឃគេចេញហើយ»។
បើតាមព្រះតេជគុណ បូរ បេត មានដីកាសង្ឃមួយត្រូវបានរៀបចំដែលព្រះអង្គថា ក្នុងគោលបំណងចាប់ព្រះកាយរបស់ព្រះអង្គ ប្រសិនបើព្រះអង្គចូលតាមដីកានោះ។ ព្រះសង្ឃអង្គនេះបន្តថា ព្រះអង្គទទួលបានព័ត៌មានពីមិត្តភក្តិព្រះអង្គដែលធ្វើការជាមួយមន្ត្រីសង្ឃនិងមន្ត្រីប៉ូលិសនៅសាលាក្រុងភ្នំពេញម្នាក់ថា ឲ្យព្រះអង្គមានការប្រុងប្រយ័ត្ន ហើយត្រូវភៀសព្រះកាយឲ្យបាន ក្នុងថ្ងៃទី៤ ខែសីហា បើមិនចង់ប្រឈមការត្រូវចាប់ព្រះកាយ។
លោក សាន សុខសីហា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើកឡើងថាអាជ្ញាធរមិនមានវិធានការណាមួយលើព្រះសង្ឃទាំងពីរអង្គ ដែលលោកថា លោកមិនធ្លាប់ស្គាល់នោះទេ។ លោកបន្ថែមថា ព្រះសង្ឃទាំងពីរអង្គទំនងជាបារម្ភដោយព្រះអង្គផ្ទាល់។
លោកមានប្រសាសន៍ថា៖ «...ការណ៍គាត់ភ័យវាជារឿងរបស់គាត់។ អ៊ីចឹងហើយ ខ្ញុំក៏អត់ដឹងថាគាត់ឈ្មោះអីឬក៏ព្រះនាមអីដែរខ្ញុំអត់ដឹងទេ»។
នៅក្នុងហេតុការណ៍ឃាត់ព្រះកាយព្រះសង្ឃ ៨ អង្គ និមន្តមកពីខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី៤ ខែសីហានោះ សម្ដេចព្រះពុទ្ធជ័យមុនីឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយករបស់ប្រទេសកម្ពុជា និងជាព្រះមេគុណរាជធានីភ្នំពេញ មានថេរដីកា ប្រាប់វីអូអេកាលនោះថា មិនមានការឃាត់ព្រះកាយព្រះសង្ឃទាំង ៨ អង្គនោះទេ។ ប៉ុន្តែ ព្រះសង្ឃអង្គនេះមានថេរដីកាថា ព្រះអង្គផ្ទាល់បាននិមន្តទៅសួរនាំព្រះសង្ឃទាំងនោះ អំពីដំណើរដើមទងនៃការនិមន្តមកទីក្រុងភ្នំពេញ ក្នុងពេលចូលវស្សា។
ក្រោយមកព្រះសង្ឃទាំង៨អង្គនោះក៏ត្រូវបានអនុញ្ញាតឲ្យនិមន្តទៅគង់នៅតាមទីវត្តអារាម ដែលព្រះសង្ឃទាំងនោះគង់នៅក្នុងក្រុងបាត់ដំបង។ ប៉ុន្តែ ដោយឡែកមានតែព្រះតេជគុណ កើត សារ៉ាយ ត្រូវបានចាប់ផ្សឹកនិងបញ្ជូនទៅឃុំនៅពន្ធនាគារ។
វីអូអេមិនអាចទាក់ទងព្រះសង្ឃ ឃឹម សន ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ក្រៅពីព្រះសង្ឃ កើត សារ៉ាយ មានសកម្មជនវ័យក្មេងផ្សេងទៀត ដែលគេស្គាល់ថាជាយុវជនខ្មែរថាវរៈ ក៏ត្រូវបានចាប់ខ្លួននិងឃុំខ្លួនក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ចំពោះសកម្មភាពតវ៉ារបស់ពួកគេ ប្រឆាំងការឃុំខ្លួនលោក រ៉ុង ឈុន ដែលនិយាយរិះគន់រឿងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅខេត្តត្បូងឃ្មុំ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា បញ្ហាសុវត្ថិភាពនិងសន្តិសុខរបស់ពលរដ្ឋកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ នៅពេលពលរដ្ឋកាន់តែច្រើនចាកចេញពីប្រទេស ដោយសារការប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការឈឺឆ្អាលបញ្ហាសង្គម។
លោកមានប្រសាសន៍ថា៖ «មិនថាកម្ពុជាទេ នៅទូទាំងពិភពលោក គ្រាន់តែថា (ប្រទេសខ្លះ) មានជនភៀសខ្លួនកាន់តែច្រើនទៅក្រៅប្រទេស។ អ៊ីចឹង គេចាត់ទុកថា បញ្ហានៅប្រទេសមួយហ្នឹងគឺទាក់ទងនឹងសន្តិសុខសុវត្ថិភាពឬការអនុវត្តច្បាប់ហ្នឹងវាមិនទាន់មានភាពល្អប្រសើរ»។
ព្រះតេជគុណ បូរ បេត បានគង់នៅវត្តប្រយូរវង្សក្នុងក្រុងភ្នំពេញជាមួយព្រះតេជគុណ ស៊ឹម សុវណ្ណឌី អស់រយៈពេល ៩ ឆ្នាំ។ ព្រះតេជគុណ បូរ បេត ក៏ជាសមាជិករបស់បណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គមរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលកំពុងគង់នៅសហរដ្ឋអាមេរិក។
កាលពីដើមខែមិថុនា សកម្មជនសង្ឃមួយអង្គ គឺព្រះអង្គ លួន សុវ៉ាត ក៏ត្រូវបង្ខំឲ្យផ្សឹកក្នុងការចោទប្រកាន់សន្ទនាស្នេហាជាមួយមនុស្សស្រី។ ក្រោយមកតុលាការខេត្តសៀមរាប ក៏បានសម្រេចចោទប្រកាន់ព្រះសង្ឃអង្គនេះពីបទរំលោភសេពសន្ថវៈ តែព្រះអង្គបានច្រានចោលការចោទប្រកាន់នេះនិងលើកឡើងថាអាជ្ញាធរកម្ពុជាធ្វើបាបព្រះអង្គ។ ព្រះអង្គ លួន សុវ៉ាតបានភៀសព្រះកាយ សុំសិទ្ធិជ្រកកោននៅប្រទេសស្វីស រហូតដល់ពេលបច្ចុប្បន្ននេះ៕