កម្មកររោងចក្រ និងមេដឹកនាំសហជីពការពារសិទ្ធិកម្មករមួយចំនួនសម្តែងការសោកស្តាយចំពោះលទ្ធផលប្រាក់ឈ្នួលគោលរបស់កម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៥ ដែលដំឡើងបានត្រឹម៤ ដុល្លារ គឺពី២០៤ដុល្លារ មក ២០៨ ដុល្លារក្នុងមួយខែ។
លោក អ៊ឹម ភ័ស្ស អាយុ ៣០ឆ្នាំ កម្មកររោងចក្រYTC ក្នុងខេត្តកំពង់ស្ពឺ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ប្រាក់ឈ្នួលគោលចំនួន២០៨ដុល្លារនៅមិនទាន់ធានាដល់ការរស់នៅសមរម្យដល់កម្មករនិយោជិតបានឡើយ ខណៈកម្មករនិយោជិតភាគច្រើនកំពុងជាប់បំណុល ហើយតម្លៃទំនិញតាមទីផ្សារក៏បន្តឡើងថ្លៃ។ លោកបន្ថែមដោយជំរុញឱ្យមានការទប់ស្កាត់តម្លៃទំនិញ និងតម្លៃផ្ទះជួលសម្រាប់កម្មករនិយោជិត។
លោកថ្លែងថា៖ «ខ្ញុំសុំថា បើសិនជាឡើងប៉ុណ្ណឹងហើយ ក៏ឡើងទៅចុះ! ប៉ុន្តែស្នើសុំឱ្យ កុំឱ្យមានការដំឡើងថ្លៃផ្ទះជួល ការធ្វើដំណើរ។ ភាគច្រើនមើលឃើញថា វិស័យកាត់ដេររបស់យើងបានពង្រីកតាមខេត្តច្រើន អ៊ីចឹងកម្មករនិយោជិតភាគច្រើនក៏នៅតាមជនបទដែរ។ គាត់ជិះឡានឈ្នួលអីហ្នឹង កុំឱ្យឡានឡើងថ្លៃ ពិសេសតម្លៃអតិផរណា តម្លៃទិនិញទីផ្សារផ្សេងៗ»។
ចំណែកអ្នកស្រី ឆាន ចន្នី អាយុ៣៥ឆ្នាំ កម្មការិនីរោងចក្រយីដា ប្រាប់វីអូអេដែរថា អ្នកស្រីមិនទាន់ពេញចិត្តចំពោះការដំឡើងប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥នេះទេ ខណៈតម្លៃផ្ទះជួលបន្តឡើងថ្លៃ។
អ្នកស្រីថ្លែងថា៖ «បន្ថែមដំឡើងបាន៤ដុល្លារបន្ថែមពីរដ្ឋាភិបាល ២ដុល្លារពីនិយោជក ២ដុល្លារ…ពីកម្មករមិនទាន់គ្រប់គ្រាន់ មិនទាន់ពេញចិត្តទេ។ ខ្ញុំមើលឃើញអ៊ីចឹងណា៎ ព្រោះការឡើងថ្លៃផ្ទះជួលគឺជាលំដាប់។ តំបន់ខ្លះពី១០ដុល្លារ ទៅ១៥ដុល្លារ…. គ្រាន់ជាប្រាក់តិចតួចមិនបានពាក់កណ្តាលនៃការឡើងថ្លៃផ្ទះជួលផង»។
អ្នកស្រីស្នើឱ្យមានការដំឡើងប្រាក់ឈ្នួលកម្មករឱ្យបានច្រើនជាងឆ្នាំនេះ ដើម្បីបំពេញតម្រូវការចាយវាយការរស់នៅរបស់កម្មករនិយោជិតបានគ្រប់គ្រាន់។
តួលេខ ២០៦ដុល្លារជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលទទួលបានសំឡេងបោះឆ្នោតគាំទ្រខ្ពស់ជាងគេរហូតទៅដល់៤៦សំឡេងនៃសំឡេងសរុប៥១សំឡេង កាលពីថ្ងៃទី១៩ ខែកញ្ញា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមចំនួន ២ដុល្លារដើម្បីកំណត់បានចំនួន២០៨ដុល្លារ ក្នុងមួយខែសម្រាប់ឆ្នាំ២០២៥។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជាដែលបានចូលរួមក្នុងការបោះឆ្នោតកំណត់ប្រាក់ឈ្នួលគោលដែរនោះលើកឡើងថា លោកស្រីសោកស្តាយចំពោះលទ្ធផលប្រាក់ឈ្នួលគោលរបស់កម្មករ។ អ្នកស្រីថា ក្នុងឆ្នាំ២០២៥ កម្មករនិយោជិតគួរតែទទួលបានការដំឡើងប្រាក់ឈ្នួលច្រើនជាងនេះ ព្រោះអតិផរណាទីផ្សារនៅតែបន្តឡើងថ្លៃ។
អ្នកស្រីថ្លែងថា៖ «សោកស្តាយណាស់! ខ្ញុំមានអារម្មណ៍ថា ឆ្នាំនេះជាឆ្នាំដែលគួរតែមានការដំឡើងប្រាក់ឈ្នួលឱ្យបានប្រសើរជាងឆ្នាំមុនៗ តែបែរជាប្រាក់ឈ្នួលឡើងបានតែ២០៨ដុល្លារ។ ខ្ញុំមានការខកចិត្តជាខ្លាំងសម្រាប់ការដំឡើងប្រាក់ឈ្នួលនៅឆ្នាំនេះ»។
អ្នកស្រីស្នើឱ្យកម្មករនិយោជិតទាំងអស់ចូលរួមតាមដានកិច្ចការនៃការដំឡើងប្រាក់ឈ្នួលរបស់ខ្លួន និងស្នើឱ្យភាគីរដ្ឋាភិបាលក៏ត្រូវតែតាមដានអំពីប្រាក់ឈ្នួលកម្មករឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងការរស់នៅរបស់កម្មករនិយោជិត។
ក្នុងពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយការបោះឆ្នោតដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ២០២៥ កាលពីថ្ងៃព្រហស្បតិ៍ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារលើកឡើងថា៖ «និយាយដោយត្រង់ កម្មករនិយោជិតអាចថា ឱ្យពេញចិត្ត១០០% ក៏ប្រហែលជាថាមិនពេញចិត្ត១០០% ព្រោះខ្ញុំជឿថា កម្មករនិយោជិតប្រហែលជាអាចចង់បានច្រើនជាងហ្នឹង តែបន្ទាប់ពីមានការពន្យល់ ការដឹងថា ប្រទេសជិតខាងយើងយ៉ាងម៉េច? ស្ថានភាពសេដ្ឋកិច្ចសកលយ៉ាងម៉េច? ស្ថានភាពប្រកួតប្រជែងក្នុងតំបន់យ៉ាងម៉េច បងប្អូនយើងក៏ទទួលស្គាល់ថា អាចទទួលយកបាន។ ភាគច្រើនអាចទទួលយកបាន»។
លោកថា ក្រៅពីដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលនឹងបន្តធ្វើអន្តរាគមន៍រក្សានូវស្ថិរភាពតម្លៃទំនិញ ដើម្បីឱ្យការចំណាយរបស់កម្មករនិយោជិតមានភាពសមស្របក្នុងការរស់នៅ។
លោក ណាង សុធី អនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា លោកទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ និងថាការដំឡើងប្រាក់ឈ្នួលនេះ មិនមានការប៉ះពាល់អ្វីធ្ងន់ធ្ងរដល់ការប្រកួតប្រជែងទីផ្សារផលិតផលនោះទេ។
លោកថា៖ «ជារួមមិនប៉ះពាល់អីធ្ងន់ធ្ងរទេ ដោយសាររោងចក្រកាត់ដេរវាយនភ័ណ្ឌស្បែកជើងកាបូបស្ពាយនេះ គឺតែងតែបានដាក់បញ្ជាទិញពីប្រទេស និងក្រុមហ៊ុនធំៗនៅលើលោក លើអន្តរជាតិ។ ដូច្នេះតម្លៃពលកម្មឡើងកម្រិតណា នោះនឹងមានការសម្របសម្រួលតួលេខមួយដើម្បីឱ្យរោងចក្រដំណើរការបាន ហើយដើម្បីឱ្យកម្មករយើងបានផលប្រយោជន៍ដែរបាទ»។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលរបស់កម្មករក្នុងពេលបច្ចុប្បន្នមានចំនួន២០៤ដុល្លារ បន្ទាប់ពីបានដំឡើងចំនួន៤ដុល្លារ កាលពីឆ្នាំ២០២៣ ដែលមានចំនួន២០០ដុល្លារ។ អ្នកឃ្លាំមើលសង្គមលើកឡើងថា ប្រាក់ឈ្នួលនេះតែងឡើងទាបជាង និងយឺតជាងតម្លៃទំនិញលើទីផ្សារ៕
វេទិកាបញ្ចេញមតិ