សេតវិមានប្រធានាធិបតីអាមេរិកបានប្រកាសកាលពីសប្ដាហ៍មុនថា លោកប្រធានាធិបតី Joe Biden នឹងធ្វើទស្សនកិច្ចរយៈពេលមួយសប្ដាហ៍នៅថ្ងៃទី ១១ ខែវិច្ឆិកាខាងមុខទៅកាន់ប្រទេសចំនួន ៣ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលៗមួយចំនួន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Karine Jean-Pierre បានបញ្ជាក់ថា ដំបូង លោក Biden នឹងធ្វើដំណើរទៅកាន់ទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីបនៅថ្ងៃទី ១១ ខែវិច្ឆិកាដើម្បីចូលរួមនៅក្នុងសន្និសីទលើកទី ២៧ របស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (COP27) មុនពេលធ្វើដំណើរទៅកាន់រាជធានីភ្នំពេញនៃប្រទេសកម្ពុជាដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន (U.S.-ASEAN Summit) និងកិច្ចប្រជុំអាស៊ីបូព៌ា។ បន្ទាប់មក លោកនឹងធ្វើដំណើរទៅកាន់កោះ Bali នៃប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស G-20។
ដំណើរទស្សនកិច្ចរបស់លោក Biden ទៅចូលរួមក្នុងកិច្ចប្រជុំទាំងនេះនឹងធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីសហរដ្ឋអាមេរិករៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅថ្ងៃទី ៨ ខែវិច្ឆិកា ដែលការបោះឆ្នោតនេះនឹងកំណត់ថាតើគណបក្សណានឹងគ្រប់គ្រងរដ្ឋសភានិងព្រឹទ្ធសភា។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស G-20 លោក Biden អាចមានឱកាសដំបូងបង្អស់ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងការជួបផ្ទាល់មុខជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping។
កន្លងមក លោក Biden និងលោក Xi ធ្លាប់បានធ្វើដំណើររួមគ្នាទាំងនៅក្នុងសហរដ្ឋអាមេរិកនិងនៅក្នុងប្រទេសចិននៅពេលដែលលោកទាំងពីរធ្វើជាអនុប្រធានាធិបតី ហើយលោកទាំងពីរបានសន្ទនាគ្នាតាមទូរស័ព្ទជាច្រើនដងតាំងពីពេលដែលលោក Biden បានក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកកាលពីខែមករាឆ្នាំ ២០២១ មក។
ដំណើរទស្សនកិច្ចលើកនេះក៏អាចអនុញ្ញាតឱ្យលោក Biden មានឱកាសជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។ ប៉ុន្តែ លោក Biden ទំនងជានឹងមិនមានជំនួបមួយទល់នឹងមួយជាមួយនឹងលោក Putin ឬក៏ជាមួយនឹងព្រះអង្គម្ចាស់ Bin Salman នោះទេ៕