អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងមកប្រទេសកម្ពុជានាសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំនៃសមាគមអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។
នៅលើគេហទំព័ររបស់អង្គការសហប្រជាជាតិ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stéphane Dujarric បានលើកឡើងថា លោក Antonio Guterres នឹងមករាជធានីភ្នំពេញ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយលោកនឹងថ្លែងសុន្ទរកថាទៅកាន់មេដឹកនាំអាស៊ាន ដោយផ្តោតលើការវិវឌ្ឍថ្មីក្នុងតំបន់ និងពិភពលោក ភាពអាសន្ននៃការប្រែប្រួលអាកាសធាតុ និងស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា។ បន្ទាប់ពីកិច្ចប្រជុំក្នុងប្រទេសកម្ពុជា លោកនឹងធ្វើដំណើរទៅកោះបាលី នៃប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ឬ G20 ដែលលោកនឹងថ្លែងអំពីសន្តិសុខអាហារ ថាមពល និងបញ្ហាសុខភាព។ នេះបើតាមលោក Stéphane Dujarric។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ខែវិច្ឆិកាខាងមុខ នឹងមានការចូលរួមពីមេដឹកនាំពិភពលោកមួយចំនួនផងដែរ ក្នុងនោះមានប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្រ្តីចិន នាយករដ្ឋមន្រ្តីជប៉ុន មេដឹកនាំកូរ៉េខាងត្បូង និងមេដឹកនាំមួយចំនួនទៀត។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថារហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីភាគីរុស្ស៊ីថា តើអ្នកណានឹងចូលរួមកិច្ចប្រជុំនេះនៅឡើយទេ។
បញ្ហាប្រឈមធំៗដែលត្រូវពិភាក្សា រួមមានវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា កិច្ចសហប្រតិបត្តិការក្នុងតំបន់ សេដ្ឋកិច្ចក្នុងវិបត្តិកូវីដ ភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងបញ្ហាសាកលលោកផ្សេងៗទៀត៕