ការប្រកាសលាលែងពីតំណែងរបស់លោកសម រង្ស៊ី ជាប្រធានគណបក្សប្រឆាំងកាលពីថ្ងៃសៅរ៍ គឺជាការភ្ញាក់ផ្អើលថ្មីមួយសម្រាប់សហគមន៍អន្តរជាតិ អ្នកតាមដានស្ថានការណ៍នយោបាយ អ្នកគាំទ្ររូបលោក និងជាពិសេសប្រជាពលរដ្ឋកម្ពុជាទូទៅ។
ពលរដ្ឋកម្ពុជាខ្លះយល់ថា ការបោះបង់តំណែងជាប្រធានគណបក្សនេះគឺជាគំរូល្អមួយ ដែលបញ្ជាក់ថាមេដឹកនាំរូបនេះមិនក្រាញអំណាចនៅក្នុងដៃ ស្របពេលដែលពលរដ្ឋខ្លះទៀតយល់ថា លោកសម រង្ស៊ី បានបោះបង់អ្នកគាំទ្ររបស់លោក ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។
លោកសម រង្ស៊ីថ្លែងតាមប្រព័ន្ធ skype ថា៖
«ការលាលែងរបស់ខ្ញុំនេះគឺដើម្បីការពារគណបក្ស។ បើខ្ញុំនៅធ្វើជាប្រធានហើយបើគណបក្សត្រូវគេរំលាយ តើវាមានន័យអី? វាខូចខាតដល់ផលប្រយោជន៍យើង ផលប្រយោជន៍គណបក្ស ផលប្រយោជន៍ជាតិ។ យើងចង់បានអី? យើងចង់បានការបោះឆ្នោត ដោយសារយើងចង់បានការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត…»។
នេះគឺជាការបកស្រាយរបស់លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃអាទិត្យ ដែលឆ្លើយតបទៅនឹងមន្ទិល និងសំណួររបស់សាធារណជនថា មូលហេតុអ្វីបានជាលោកសម រង្ស៊ី សម្រេចចិត្តភ្លាមៗលាលែងពីតំណែងជាប្រធាន និងសមាជិកគណបក្សសង្គ្រោះជាតិ។
ការប្រកាសលាលែងពីតំណែងរបស់ប្រធានគណបក្សប្រឆាំងកាលពីថ្ងៃសៅរ៍នេះគឺជាការភ្ញាក់ផ្អើលថ្មីមួយសម្រាប់សហគមន៍អន្តរជាតិ អ្នកតាមដានស្ថានការណ៍នយោបាយ អ្នកគាំទ្ររូបលោក និងជាពិសេសប្រជាពលរដ្ឋកម្ពុជាទូទៅ។
លោកព្រំ សុធី វ័យ៦៤ឆ្នាំ ដែលជាអ្នកបើករ៉ឺម៉កកង់បីក្នុងរាជធានីភ្នំពេញ គាំទ្រការសម្រេចចិត្តរបស់លោកសម រង្ស៊ី។ លោកចាត់ទុកថា ការសម្រេចចិត្តនេះគឺជារឿងត្រឹមត្រូវ។
«ជាគំរូល្អ។ មេដឹកនាំ តែកាលណាសុខចិត្តលះបង់ផ្ទាល់ខ្លួនដើម្បីជាតិគឺជាការល្អ។ អត់មានអស់សង្ឃឹមទេ ព្រោះគាត់នៅតែជាតួអង្គអ្នកនយោបាយមួយដែលខ្ពស់បំផុតលើសគេ។ គាត់នៅតែមានប្រជាប្រិយភាពជាងគេ រឹតតែមានប្រជាប្រិយភាពរឹតតែខ្លាំងទៀត ដោយគាត់ហ៊ានលះបង់តំណែងដើម្បីជាតិ»។
លោកម៉ៅ ផាត វ័យ៦៩ឆ្នាំ ដែលជាអតីតមន្ត្រីក្រសួងហិរញ្ញវត្ថុ ហើយដែលដឹងអំពីការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានឲ្យដឹងថា ដំបូងឡើយលោកក៏មានការសោកស្តាយចំពោះការសម្រេចចិត្តរបស់លោកសម រង្ស៊ីដែរ។ ក៏ប៉ុន្តែ ក្រោយមក លោកមើលឃើញថា ការសម្រេចចិត្តនេះអាចជួយឲ្យគណបក្សជំទាស់នៅតែមានវត្តមានចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចក្នុងការបោះឆ្នោត នាពេលខាងមុខ។
«មតិភាគច្រើន ពីដំបូងហាក់ដូចជាមិនទាន់យល់ន័យ មានការសោកស្តាយដោយសារប្រជាជនភាគច្រើនស្រឡាញ់ឯកឧត្តមសម រង្ស៊ី។ ប៉ុន្តែក្រោយពីការបង្ហាញហេតុផលមក វាស្របនឹងកាលៈទេសៈ។ គណបក្សប្រជាជនកម្ពុជាធ្វើច្បាប់មកដើម្បីរារាំងមិនឲ្យមានគណបក្សនេះក្នុងការបោះឆ្នោត។ គាត់អបអរសាទរទៅវិញ ដោយសង្ឃឹមថា នៅពេលអនាគតនឹងមានគណបក្សប្រឆាំងប្រជែងនឹងគណបក្សដែលប្រជាជនមិនពេញចិត្ត»។
ការលាលែងតំណែងភ្លាមៗរបស់លោកសម រង្ស៊ី នេះកើតមានឡើងក្រោយពេលក្រុមអ្នកច្បាប់របស់គណបក្សប្រជាជនកម្ពុជាបានបញ្ចប់សេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីសប្តាហ៍មុន។ តាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សេចក្តីព្រាងនេះកំណត់ថា ទណ្ឌិតមិនអាចធ្វើជាប្រធានគណបក្សនយោបាយបានទេ ហើយគណបក្សនោះអាចនឹងត្រូវបានរំលាយ ប្រសិនបើថ្នាក់ដឹកនាំនៃគណបក្សនោះប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។
លោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង កំពុងរងការចោទប្រកាន់ និងការផ្តន្ទាទោសប្រមាណ៧ករណី។ក្នុងនោះក៏មានការចោទប្រកាន់ពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកហេង សំរិន ប្រធានរដ្ឋសភា និងលោកហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស។
កំពុងពិភាក្សាគ្នាក្នុងតូបកាហ្វេមួយក្នុងរាជធានីភ្នំពេញ ដែលមនុស្សមួយចំនួនកំពុងអានព័ត៌មានតាមទូរស័ព្ទដៃ និងមួយចំនួនទៀតកំពុងអានកាសែតផងនោះ លោកហ៊ុល សុវណ្ណរ័ត្ន វ័យ៥៧ឆ្នាំ ដែលជាម្ចាស់ផ្ទះជួលក្នុងរាជធានីភ្នំពេញ ប្រាប់ VOA ថា ការសម្រេចលាលែងពីតំណែងរបស់លោកសម រង្ស៊ីគឺសមស្របតាមកាលៈទេសៈដែលស្ថានភាពនយោបាយមានភាពតានតឹង ហើយគណបក្សជំទាស់កំពុងរងការគាបសង្កត់។
«មានការសោកស្តាយដែរ ដោយសារឃើញថា ចរិត ឥរិយាបទរបស់គាត់ ជាថ្នាក់ដឹកនាំមួយដែលអាចទទួលយកបាន។ ដល់ពេលឮដំណឹងអកុសលថា គាត់ត្រូវលាលែងពីតំណែងគឺថា មានការសោកស្តាយ។ ប៉ុន្តែដល់គិតសព្វៗ វែងឆ្ងាយទៅគឺថា កាលណាគាត់មិនធ្វើអីចឹងទេ គេអាចរំលាយគណបក្សពេលណាក៏បាន ព្រោះគាត់មានក្តីក្តាំក្នុងប្រព័ន្ធតុលាការដែលគេចោទប្រកាន់»។
លោកសម រង្ស៊ី បានចាប់ផ្តើមជីវិតនយោបាយរបស់លោកជាមួយគណបក្សហ្វុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ។ លោកបានក្លាយជាតំណាងមួយរូបរបស់កម្ពុជានៅសហភាពអឺរ៉ុបកាលពីឆ្នាំ១៩៨៩។ ក្នុងឆ្នាំ១៩៩៣ លោកបានត្រឡប់មកកម្ពុជាវិញ ហើយធ្វើជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខណៈលោកត្រូវបានជ្រើសរើសជាតំណាងរាស្រ្តមណ្ឌលសៀមរាប។
ក្នុងឆ្នាំ១៩៩៤ លោកសម រង្ស៊ី ត្រូវបានគេបណ្តេញចេញពីគណបក្សហ្វុនស៊ិនប៉ិច។ បន្ទាប់មក នៅខែវិច្ឆិកា ឆ្នាំ១៩៩៥ លោកបានបង្កើត«គណបក្សជាតិខ្មែរ»ដែលក្រោយមកលោកបានបង្កើត«គណបក្សសម រង្ស៊ី»យកតាមឈ្មោះរបស់លោកក្រោយពីលោកបាត់បង់គណបក្សជាតិខ្មែរដោយសារការបំបែកបំបាក់។
គណបក្សសង្រ្គោះជាតិកើតចេញពីការច្របាច់ចូលគ្នារវាងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា និងគណបក្សសម រង្ស៊ី របស់លោកសម រង្ស៊ី កាលពីឆ្នាំ២០១២ ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការបោះឆ្នោតឆ្នាំ២០១៣។ នោះជាពេលដែលគណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីចំនួនដល់ទៅ៥៥អាសនៈ គ្រាដែលគណបក្សនេះតវ៉ាថា មានការបន្លំសន្លឹកឆ្នោត។
ការលាលែងរបស់លោកធ្វើឲ្យអ្នកគាំទ្រមួយចំនួនរារែកចិត្តក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិក្នុងពេលខាងមុខ។
អ្នកស្រីសំ ណាង ដែលជាស្ត្រីមេផ្ទះមួយរូបមកពីខេត្តកំពង់ស្ពឺ បានបង្ហាញការអស់សង្ឃឹមទៅលើការសម្រេចចិត្តរបស់លោកសម រង្ស៊ី ដែលមិនផ្តល់ដំណឹងដល់អ្នកគាំទ្រជាមុន។ លោកស្រីបង្ហាញការស្ទាក់ស្ទើរថា តើលោកស្រីផ្ទាល់គួរតែបោះឆ្នោតនាពេលខាងមុខ ឬយ៉ាងណា។
«ខ្ញុំសន្លឹកឆ្នោត ដល់តែពេលគាត់អីចឹង ដូចអត់មានន័យដែរ។ លែងចង់បោះហើយ! ដល់ពេលគាត់ចុះអីចឹង គេអស់ទឹកចិត្តហើយ។ អ្នកខ្លះអាចសន្លឹកឆ្នោតហ្នឹង គេលែងបោះឲ្យអ្នកដទៃ។ អាចមិនបោះ អាចចោល»។
អាជីវករលក់ដូរតាមផ្លូវមួយរូប មកពីខេត្តតាកែវ ដែលជាអ្នកគាំទ្រលោកសម រង្ស៊ី បាននិយាយដោយសុំមិនបញ្ចេញឈ្មោះ។ គាត់បានបង្ហាញការសោកស្តាយដោយសារមេដឹកនាំដែលលោកស្រីបានផ្ញើរក្តីសង្ឃឹមអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ភ្លាមៗបែរជាបោះបង់ចោលគណបក្ស និងអ្នកគាំទ្រដូចជាលោកស្រី។
«បើគាត់ថា រឿងតិចតួច គាត់បោះបង់តំណែងហ្នឹងចោល គួរឲ្យសោកស្តាយណាស់ ព្រោះអីប្រជាពលរដ្ឋបានតស៊ូជាមួយគាត់ច្រើនណាស់។ តាំងពីជ្រើសរើសអ្នកដឹកនាំមកគឺជ្រើសរើសយកគាត់រហូត។ អស់សង្ឃឹម មិនចង់ឲ្យគាត់បោះ[បង់]»។
ក្រោយការលាលែងតំណែងរបស់លោកសម រង្ស៊ី លោកកឹម សុខា នឹងដើរតួជាប្រធានស្តីទីរបស់គណបក្សរហូតដល់មានការជ្រើសរើសប្រធានគណបក្សថ្មី៕