ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ពីរនាក់​ត្រូវបាន​បញ្ជូនខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពាក់ព័ន្ធនឹង​សំណូក​រឿង​គ្រឿង​ញៀន​និង​ល្បែង​ស៊ីសង


រូបឯកសារ៖ ប្រាក់រៀលដែលជារូបិយបណ្ណជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងហាងប្តូរប្រាក់មួយ កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ប្រាក់រៀលដែលជារូបិយបណ្ណជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងហាងប្តូរប្រាក់មួយ កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)

មន្រ្តី​កងរាជ​អាវុធហត្ថ​ខេត្តតាកែវ​ចំនួនពីរ​រូប​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ពាក់ព័ន្ធ​នឹង​បទល្មើស​ស៊ីសំណូក​ក្នុង​ការ​ទទួល​ប្រាក់​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាបលើបទល្មើស​គ្រឿង​ញៀន និង​ល្បែងស៊ីសង។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស ចេញ​នៅ​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០២៥ បញ្ជាក់ថា ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ ម្នាក់ឈ្មោះ ង៉ែត ចាន់ធី ជា​មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្តតាកែវ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ជា​មន្រ្តី​កងរាជ​អាវុធ​ហត្ថ​ខេត្ត​តាកែវ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូនទៅ​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ នៅ​ថ្ងៃ​ទី​ ៥ ខែមករា ឆ្នាំ​ ២០២៥​ ពាក់ព័ន្ធ​នឹង​បទល្មើស​ស៊ី​សំណូក​ក្នុង​ការ​ទទួល​ប្រាក់​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាបលើបទល្មើស​គ្រឿង​ញៀន និង​ល្បែងស៊ីសង និង​ធ្វើ​ឲ្យ​បែក​ការសម្ងាត់​ក្នុង​ការ​ស៊ើបអង្កេត។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា ការ​ចាប់ខ្លួន​មន្រ្តី​កងរាជអាវុធហត្ថ​ទាំង​ពីរ​រូបធ្វើ​ឡើង ​បន្ទាប់​ពីមន្រ្តី​នគរបាល​យុត្តិធម៌​នៃកងរាជ​អាវុធ​ហត្ថ​ខេត្ត​កណ្តាល​ និង​កងរាជ​អាវុធហត្ថ​លើផ្ទៃ​ប្រទេស​បាន​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្មក្នុង​ក្រុង​អរិយក្សត្រ ខេត្តកណ្តាល ដោយ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន ៤ នាក់ ពាក់ព័ន្ធ​នឹ​ង​ការ​ធ្វើ​ទារុណកម្ម​ ​អំពើឃោរឃៅ​រហូត​ដល់​ស្លាប់ និង​អំពើ​ចែកចាយ​ ជួញដូរ​គ្រឿងញៀន។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានដដែល​នោះ​ ​មន្រ្តី​កងរាជ​អាវុធ​ហត្ថ​ម្នាក់ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នា​ពេល​នោះ​ដែរ មានឈ្មោះ លុយ សារ៉ុម ហៅ លុយ សារុំ ត្រូវ​បានបញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្តតាកែវ ​ដើម្បី​អនុវត្ត​វិន័យ​ទណ្ឌកម្ម ដោយសារ​ការមិន​ទទួល​ខុសត្រូវ​ចំពោះ​តួនាទីភារកិច្ច។

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ប្រាប់​វីអូអេ​នៅ​ថ្ងៃចន្ទ​ថា អំពើ​ពុក​រលួយ​ដែល​សង្ស័យ​ថា​ប្រព្រឹត្ត​ឡើង​ដោយ​មន្រ្តី​កង​រាជអាវុធហត្ថ​ខេត្ត​តាកែវ​ទាំង​ពីរ​រូបបាន​កើត​ឡើង​អំឡុង​ឆ្នាំ​ ២០២៣ និង​ ២០២៤។ លោក​ថា ​មិន​ទាន់​មាន​លទ្ធផលអំពីចំនួនទឹកប្រាក់ និង​ទំហំ​នៃ​ការ​ប្រព្រឹត្ត​ល្មើស​នៅឡើយទេ​ ដោយ​រងចាំ​ការ​ស៊ើបអង្កេតរបស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

លោក អេង ហ៊ី ថ្លែង​ថា៖ «​ខ្ញុំក៏​មិន​អាច​បង្ហាញ​បាន​ដែរ ដោយសារ​យើង​ធ្វើ​ហ្នឹង​គឺ​យើង​គ្រាន់តែ​សន្និដ្ឋាន​ថា បុគ្គល​ហ្នឹងបាន​ប្រព្រឹត្ត ​អាច​នឹង​ប្រព្រឹត្ត​បទល្មើស​ស៊ីសំណូក​ហ្នឹង អ៊ីចឹង​បាន​យើង​បញ្ជូន​បន្ត។ អ៊ីចឹង​ចំពោះ​ការ​កាត់ទោស ការទទួល​ទោស​ ទាល់តែ​នៅ​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក​រកឃើញ​កម្រិត​ណា ថវិកាទំហំ​ប៉ុណ្ណា ហើយ​បញ្ជូន​ទៅ​អយ្យការ​ និងចៅក្រម​ស៊ើបសួរ រហូត​ដល់​ជំនុំជម្រះ ទើប​យើងដឹង​ថា​ទោស​ប៉ុណ្ណា»។

បើតាម​លោក អេង ហ៊ី កន្លង​មក ក៏មាន​ករណីប្រព្រឹត្តអំពើ​ពុករលួយ​ និង​បទល្មើស​ផ្សេងៗក្នុង​ចំណោម​មន្រ្តី​កងរាជ​អាវុធហត្ថ​ផង​ដែរ ដោយ​លោក​ថា ករណី​ខ្លះ​ត្រូវ​បាន​កាត់ទោស​ ហើយ​ករណី​ខ្លះ​ត្រូវ​បាន​អនុវត្ត​ដោយ​ប្រើទណ្ឌកម្ម​វិន័យ។

លោក ប៉ិច ពិសី នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​លើកឡើង​ថា ការបញ្ជូន​មន្រ្តី​កងរាជ​អាវុធហត្ថ​ដែល​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ គឺជា​រឿង​ដែល​គួរ​ឲ្យ​សាទរ ស្របពេល​ដែល​ករណី​ស៊ី​សំណូក​សូកប៉ាន់ក្នុង​ចំណោម​មន្រ្តី​សាធារណៈ​កើតមាន​ច្រើន។

លោក​ថ្លែងថា៖ «បច្ចុប្បន្ន​នេះ ​យើង​ឃើញ​មាន​ករណី​ច្រើន​ណាស់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លេង​ល្បែង​ខុស​ច្បាប់​ ការប្រព្រឹត្ត​ដោយ​ក្រុម​ឧក្រិដ្ឋជាតិ និង​អន្តរជាតិផ្សេងៗ យើង​ឃើញមានការ​បិទករណីច្រើន។ ហើយវិធីបិទករណីដែល​យើងច្រើនតែឃើញគឺការ​សូកប៉ាន់ហ្នឹង​ឯង។ ការស៊ី​សំណូក សូកប៉ាន់​របស់​ជន​ឧក្រិដ្ឋ និង​មន្រ្តី​សាធារណៈ​ដើម្បី​បញ្ចប់​សំណុំរឿង ឬ​ក៏​មិនមានការ​រុញ​សំណុំរឿង​ដើម្បី​ឲ្យ​អាជ្ញាធរមាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ជាដើម»។

លោក ប៉ិច ពិសី ​បន្ត​ថា ​ដើម្បីឲ្យការ​ទប់ស្កាត់ និង​បង្ក្រាប​ករណី​ពុករលួយ​មាន​ប្រសិទ្ធភាព​ខ្ពស់ លុះត្រា​តែ​រដ្ឋាភិបាល​បង្កើត​អន្តរស្ថាប័ន​មួយ​ដែលមាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់សហការគ្នា​ក្នុង​ការ​អនុវត្ត​ប្រកប​ដោយតម្លាភាព និង​សុច្ចរិតភាព​នៅ​គ្រប់​ដំណាក់កាល​។

លោក​ថ្លែង​ថា៖ «យើង​ឃើញ​កន្លង​មក​ហ្នឹង​គឺ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ធ្វើការ​អត់​ស៊ី​សង្វាក់​គ្នា​ទេ ហើយ​ដោយសារ​ជនឧក្រិដ្ឋ​គាត់មាន​ខ្សែ មានទុយោ មាន​ព័ត៌មាន គាត់​បិទ​សំណុំ​រឿង​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ​ហើយ​អាជ្ញាធរ​អត់​សហការ​គ្នាទៅ ដាច់​សំណុំ​រឿង ឬ​បិទ​សំណុំ​រឿង។​ ដែល​យើង​ឃើញ​ជាទូទៅ»។

បើតាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ​អំពើ​ពុករលួយ​នៅកម្ពុជាក្នុង​ឆ្នាំ ២០២៣ ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ ដោយសារ​កង្វះ​ប្រសិទ្ធ​ភាព​ក្នុង​ការ​ផ្ដន្ទាទោស​មន្ត្រី​ដែលប្រព្រឹត្ត​អំពើ​ពុករលួយ​ ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​មិន​ត្រឹមត្រូវ​ យន្ត​ការ​គណនេយ្យ​ភាព​ទន់​ខ្សោយ​ ប្រព័ន្ធ​តុលាការ​ដែល​មិន​ដំណើរ​ការដោយ​ឯករាជ្យ និង​កំណើន​ឥទ្ធិពល​ផល​ប្រយោជន៍​របស់​ក្រុម​មនុស្ស​មួយ​ភាគ​តូច​ជាដើម​៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG